កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅនេះ លោកកៅពន្លឺដែលជាសមាជិកក្រុមក្មេងខ្មែរបានធ្វើការទំលាក់បទចម្រៀងថ្មីមួយបទក្រោមចំណងជើងថា «ខួបកំណើត» ដែលជាប្រភេទបទរ៉េបមនោសញ្ចេតនាមានអត្ថន័យជ្រាលជ្រៅបង្ហាញពីអារម្មណ៍ព្យាយាមលាក់បាំងរបស់លោកដើម្បីធ្វើអោយអ្នកមានគុណសប្បាយចិត្ត។ នៅមុនថ្ងៃចេញផ្សាយនៃបទចម្រៀងនេះលោកកៅពន្លឺបានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់លោកដោយភ្ជាប់ជាមួយនឹងរូបថត Poster Teaser មួយសន្លឹកឡើងថា «កូនឯកោ តែមិនឯកោដូចជាម៉ាក់បានថា»។ ជាមួយនឹងគ្នានេះផងដែរលោកក៏បានបញ្ចេញនូវវិដេអូ Teaser ចម្រៀងដែលមានបង្ហាញរូបលោក Surprise នំខេកដល់ម៉ាក់របស់លោកនៅថ្ងៃកំណើតផងដែរ ដែលតាមពីក្រោយដោយរឿងរ៉ាវជីវិតផ្សេងៗដែលធ្វើអោយលោកកាន់តែនឹករលឹកដល់អ្នកមានគុណរបស់លោកខ្លាំងឡើងៗ។ នៅក្នុងបទចម្រៀងមួយនេះផងដែរ លោកកៅពន្លឺបានច្រៀងរ៉េបរ៉ាយរ៉ាប់អំពីអារម្មណ៍ឯកាដែលត្រូវរស់នៅប្រើប្រាស់ជីវិតប្រឈមនឹងភាពក្លែងក្លាយ ដែលមនុស្សម្នាក់ៗព្យាយាមបោកប្រាស់ និងក្លែងដាក់គ្នាដើម្បីទទួលបានមកវិញនូវលុយកាក់ កិត្តិយស និងតណ្ហា រីឯលោកវិញក៏បានឆ្លុះបញ្ចាំងមកខ្លួនឯងវិញដូចគ្នាថាសូម្បីតែលោកក៏ត្រូវក្លែងអារម្មណ៍សប្បាយចិត្តដាក់អ្នកមានគុណរបស់លោកដែរ ទោះបីជាលោកឯកា ព្រោះអ្នកមានគុណរបស់លោករឹតតែឯកោជាងលោកទៅទៀត។ ស្របពេលជាមួយគ្នានោះផងដែរ នៅមុននេះបន្តិចលោកកៅពន្លកដែលជាប្អូនប្រុសបង្កើតរបស់លោកកៅពន្លឺក៏ទើបតែបានចេញផ្សាយបទចម្រៀងមួយបទសំរាប់រីករាយថ្ងៃកំណើតរបស់លោកខ្លួនឯងផងដែរកាលពីថ្ងៃទី៤ ខែមីនាកន្លងទៅដែលមានចំណងជើងថា«PUNLORK HBD»។ គួរបញ្ជាក់ផងដែរថាលោកកៅពន្លឺក៏បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកផងដែរថាទស្សនិកជនទាំងអស់គ្នាអាចធ្វើការតាមដានវិដេអូថ្មីៗរបស់លោកនៅលើ Tik Tok ផងដែរដែលលោកនឹងចេញផ្សាយវិដេអូថ្មីៗឆាប់ៗនេះ។ តើទស្សនិកជនពេញចិត្តបទថ្មីរបស់លោកកម្រិតណា Let me know in your comment below!