បរទេស៖ ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុន PTT Exploration and Production Plc (PTTEP) គ្រោងនឹងយកតំបន់ឧស្ម័នដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមហ៊ុន TotalEnergies និង Chevron Corp បានសម្រេចចិត្តចាក់ចេញដោយសារមានការធ្វើរដ្ឋប្រហារកាលពីឆ្នាំមុននៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
សារព័ត៌មានដដែលនេះ បានរាយការណ៍ទៀតថា ជំហ៊ានរបស់ក្រុមហ៊ុន PTTEP ដើម្បីក្លាយជាប្រតិបត្តិករនៅតំបន់ឧស្ម័ន Yadana ដែលខ្លួនមានភាគហ៊ុន ២៥,៥% រួចហើយនោះ នឹងរក្សាការផ្គត់ផ្គង់ឧស្ម័នដ៏សំខាន់ដែលកំពុងបង្ហូរទៅកាន់ប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា និងអាចការពារប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលមីយ៉ាន់ម៉ា ចំពេលប្រទេសនេះកំពុងទទួលទណ្ឌកម្មពីអាមេរិកនិងទណ្ឌកម្មផ្សេងៗទៀតយ៉ាងតឺងរ៉ឹង។
ក្រុមហ៊ុន PTTEP គឺជាក្រុមហ៊ុនរុករក និងផលិតប្រេងជាតិដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ។ វាគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PTT Public Limited ដែលជាកម្មសិទ្ធិរបស់រដ្ឋ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៨៥។
ក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំង និងក្រុមហ៊ុនអាមេរិក Chevron បាននិយាយកាលពីថ្ងៃសុក្រកន្លងថ្មីៗនេះថាពួកគេកំពុងតែចាកចេញ ដោយសារតែស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសនេះកាន់តែអាក្រក់ខ្លាំងឡើង បន្ទាប់ពីអំពើរដ្ឋប្រហារដោយពួកយោធា។
ក្រុមហ៊ុនរបស់បារាំង និងអាមេរិកក្នុងរយៈកាលកន្លងមក គឺជាផ្នែកមួយនៃក្រុមប្រតិបត្តិករនៃគម្រោងឧស្ម័ន Yadana នៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសមីយ៉ាន់ម៉ា ខណៈក្រុមហ៊ុនដឹកជញ្ជូនឧស្ម័ន Moattama Gas Transportation Company (MGTC) ជាប្រតិបត្តិករដំណើរការបំពង់បង្ហូរឧស្ម័នពីតំបន់នេះ ទៅកាន់ព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ។
លោក Kittithat Promthaveepong ទីប្រឹក្សានៅក្រុមហ៊ុន Lantau Group ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បាននិយាយថា ក្រុមហ៊ុនPTTEP ហាក់ជាបេក្ខភាពដែលទំនងនឹងក្លាយជាក្រុមហ៊ុនបន្តវេនកាន់កាប់តំណែងជាប្រតិបត្តិករនៅតំបន់ឧស្ម័ន Yadana នេះហើយ។
ក្រុមហ៊ុន PTTEP នឹងគ្រប់គ្រងភាគហ៊ុន ៨៥% នៅ Yadana ប្រសិនបើខ្លួនប្រមូលយកភាគហ៊ុនទាំងអស់ដែលកាន់កាប់ដោយក្រុមហ៊ុន TotalEnergies និងក្រុមហ៊ុន Chevron នាពេលកន្លងមក។
ក្រុមហ៊ុន PTTEP បាននឹងកំពុងធ្វើប្រតិបត្តិការនៅតំបន់ឧស្ម័ន Zawtika រួចមកហើយ ដោយក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុន ៨០% ខណៈក្រុមហ៊ុនថាមពលរដ្ឋរបស់មីយ៉ាន់ម៉ា Myanma Oil and Gas Enterprise (MOGE) កាន់កាប់ ២០%៕