កាលពីថ្ងៃច័ន្ទ តារាចម្រៀង "Gangnam Style" វ័យ ៤៤ ឆ្នាំរូបនេះបានប្រកាសថា Suga នៃក្រុម BTS បានផលិតបទចម្រៀងថ្មីរបស់គាត់ "ThatThat" ដែលជាបទចម្រៀងដំបូងដែលត្រូវបានចេញផ្សាយពីអាល់ប៊ុមថ្មីរបស់គាត់គឺ (Psy 9th) ដែលនឹងចេញផ្សាយថ្ងៃសុក្រ។ "That That" ត្រូវបានប្រកាសរួមជាមួយនឹងរូបភាពគំនូរលើគម្របដែលពណ៌នា Psy ស្លៀកឈុតខោខូវប៊យពណ៌ត្នោតខ្ចីក្នុងបរិយាកាសវាលខ្សាច់ភាគខាងលិច ដែលមានដើមប្រទៀលដំបងយក្សនៅក្បែរគាត់។ សិល្បករទាំងពីរបានលេចមុខក្នុងវីដេអូមួយដែលមានចំណងជើងថា "មិត្តល្អបំផុត ១៦ឆ្នាំដែលបែកគ្នា" ក៏បានចេញផ្សាយកាលពីថ្ងៃច័ន្ទផងដែរ ដែលឃើញស្ថាបនិក P Nation និងអ្នកសំដែង "Butter" អាយុ២៩ឆ្នាំពិភាក្សាគ្នាជាក្រុម ទោះបីជាអាយុនិងបទពិសោធន៍ខុសគ្នាក៏ដោយ។
Psy បាននិយាយក្នុងឃ្លីបថា៖ «ពេលជួបអ្នកសិល្បៈក្មេងៗ ខ្ញុំមិនចង់ធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អនោះទេ”។ "ខ្ញុំមិនចង់ក្លាយជាអ្នកដែលពិបាកចូលទៅជិតនោះទេ។ គាត់មិនត្រឹមតែជាសិស្សប្អូនរបស់ខ្ញុំនោះទេ ប៉ុន្តែគាត់ក៏ពិតជាមានអារម្មណ៍ដូចមិត្តភ័ក្តិម្នាក់ដែរ"។ តន្ត្រីកររូបនេះបានបន្តថា៖ "វាពិបាកក្នុងការមានអារម្មណ៍ថាមានគម្លាតអាយុ"។ "ប្រសិនបើគាត់ចាត់ទុកខ្ញុំជាមិត្តល្អ នោះគឺល្អបំផុតសម្រាប់ខ្ញុំ”។ Suga បានបន្តតាមខំមឹនរបស់ Psy នៅក្នុងផ្នែកនៃវីដេអូរបស់គាត់ ហើយបាននិយាយថា “ដោយសារតែគាត់ជារៀមច្បងរបស់ខ្ញុំ ហើយជាមនុស្សដែលគេគោរពយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ដូច្នេះធ្វើឲ្យខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាំងណាស់”។ គាត់បានរៀបរាប់បន្តទៀតថា “វាមានអារម្មណ៍ដូចជាកំពុងតែធ្វើការជាមួយមិត្តភ័ក្តិពីកុមារភាពអញ្ចឹង ដូច្នេះវាធ្វើឲ្យដំណើរការនៃការតែងនិពន្ធបទចម្រៀងកាន់តែសប្បាយ”។ “តាមរបៀបហ្នឹង យើងបានក្លាយជាមិត្តល្អបំផុត”។
កាលពីដើមខែនេះ តន្ត្រីកររូបនេះបានបង្ហាញ Psy 9th ដែលជាអាល់ប៊ុមដំបូងរបស់គាត់ចាប់តាំងពីអាល់ប៊ុម 4x2=8 ឆ្នាំ២០១៧ ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ហើយអាចនឹងបង្ហាញឲ្យឃើញពីភាពជោគជ័យសំខាន់ៗបន្ទាប់របស់គាត់។ តារាសម្តែង បទ “Gentleman” បាន share វីដេអូទៅកាន់ Instagram របស់គាត់ ពីការប្រគុំតន្រ្តីកាលពីខែធ្នូ ឆ្នាំ២០១៣ ក្នុងកំឡុងពេលដែលគាត់ទស្សន៍ទាយបទដែលទទួលបានជោគជ័យបន្ទាប់របស់គាត់ អាចមកដល់នៅឆ្នាំ២០២២ ដោយផ្អែកលើដំណើរផ្លូវអាជីពរបស់គាត់មកទល់នឺងពេលបច្ចុប្បន្ន។ បន្ទាប់មក គាត់បានប្រាប់ទស្សនិកជននៅពេលនោះថា "ខ្ញុំដឹងថាមនុស្សជាច្រើនមានការរំពឹងទុកខ្ពស់សម្រាប់បទចម្រៀងបន្ទាប់របស់ខ្ញុំ។ និយាយឱ្យត្រង់ទៅ ខ្ញុំបានផលិតបទ 'Champion' ក្នុងឆ្នាំ២០០២ ហើយវាត្រូវការពេល ១០ឆ្នាំដើម្បីផលិតបទចម្រៀងដែលស៊ីអារម្មណ៍ជាង 'Champion' ជាមួយការចេញផ្សាយ នៃបទ 'Gangnam Style' ក្នុងឆ្នាំ ២០១២"។ "ខ្ញុំគិតថាអ្វីដែលខ្ញុំកំពុងព្យាយាមនិយាយ គឺប្រហែលជាពេលក្រោយអ្នកនឹងជួបបទចម្រៀងដែលមានលក្ខណៈដូចគ្នានឹងបទ 'Gangnam Style' ក្នុងឆ្នាំ២០២២"៕
អត្ថបទដោយ KuyDorng