និស្សិតជនជាតិឆេកអាយុ24ឆ្នាំម្នាក់បានបាញ់សម្លាប់ឪពុករបស់ខ្លួន បន្ទាប់មកបានសម្លាប់មនុស្ស14នាក់ និង25 នាក់ផ្សេងទៀតរងរបួសនៅឯសាកលវិទ្យាល័យ Prague របស់លោកកាលពីថ្ងៃព្រហស្បតិ៍ មុនពេលដែលលោកប្រហែលជាបានសម្លាប់ខ្លួនឯងបន្តទៀត ដែលនេះរាប់បានថាជាការបាញ់ប្រហារដ៏ធំបំផុតនៅក្នុងប្រទេស។
-
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស14 នាក់នៅសាកលវិទ្យាល័យ Prague
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២២ ខែធ្នូបានអោយដឹងថា ប៉ូលិសបាននិយាយថា និស្សិតជនជាតិឆេកអាយុ24ឆ្នាំម្នាក់បានបាញ់សម្លាប់ឪពុករបស់ខ្លួន បន្ទាប់មកបានសម្លាប់មនុស្ស14 នាក់ និង 25 នាក់ផ្សេងទៀតរងរបួសនៅឯសាកលវិទ្យាល័យ Prague របស់លោកកាលពីថ្ងៃព្រហស្បតិ៍ មុនពេលដែលលោកប្រហែលជាបានសម្លាប់ខ្លួនឯងបន្តទៀត ដែលនេះរាប់បានថាជាការបាញ់ប្រហារដ៏ធំបំផុតនៅក្នុងប្រទេស។
រដ្ឋាភិបាលបានប្រកាសថ្ងៃកាន់ទុក្ខនៅទូទាំងប្រទេសអឺរ៉ុបកណ្តាលមួយនេះសម្រាប់នៅថ្ងៃទី23 ខែធ្នូដើម្បីរំលឹកចងចាំដល់ជនរងគ្រោះ ដែលជាការសម្រេចមួយធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសជាមួយប្រធានាធិបតីលោក Petr Pavel។
ប៉ូលីសបានទទួលព័ត៌មានមិនច្បាស់ការពីគណនីមួយនៅលើបណ្តាញសង្គម ដោយថាលោកប្រហែលជាត្រូវបានអូសទាញ និងបំផុសគំនិតឡើងពីការវាយប្រហារភេរវកម្មមួយនៅក្នុងប្រទេសរុស្ស៊ីនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ ម្យ៉ាងទៀតត្រូវបានអោយដឹងថា ខ្មាន់កាំភ្លើងក៏ជាអ្នកកាន់អាវុធស្របច្បាប់ផងដែរ។
-
ទួរគីឃុំខ្លួនមនុស្ស304នាក់សង្ស័យពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២២ ខែធ្នូបានអោយដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ali Yerlikaya បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរទួរគីបានឃុំខ្លួនមនុស្ស 304 នាក់ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមដែលធ្វើឡើងនៅក្នុងប្រតិបត្តិការទូទាំង 32 ខេត្ត។
លោក Yerlikaya បាននិយាយនៅលើកម្មវិធីបណ្តាញសង្គម X ថា ជនសង្ស័យភាគច្រើនត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងធំៗចំនួនបីរបស់ទួរគីគឺទីក្រុងអង់ការ៉ា អ៊ីស្តង់ប៊ុល និងអ៊ីសមៀ។
លោកបាននិយាយថា"យើងនឹងមិនអនុញ្ញាតឱ្យភេរវករណាម្នាក់បើកភ្នែករបស់ពួកគេនោះទេ នោះគឺដើម្បីសន្តិភាព និងការរួបរួមរបស់ប្រជាជនយើង។ យើងនឹងបន្តការប្រយុទ្ធរបស់យើងជាមួយនឹងការខិតខំប្រឹងប្រែងរបស់កងកម្លាំងសន្តិសុខរបស់យើង"។
-
បន្ទាប់ពីការព្រមានជាច្រើនដង ភ្នំភ្លើង Iceland បានផ្ទុះឡើង
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១៨ ខែធ្នូបានអោយដឹងថា ភ្នំភ្លើងមួយនៅភាគនិរតីនៃប្រទេស Iceland ស្ថិតនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៃប្រទេសនេះ បានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃច័ន្ទ ជាមួយនឹងកម្អែភ្នំភ្លើងសន្ធោសន្ធៅ និងពន្លឺចែងចាំងលើផ្ទៃមេឃលាតសន្ធឹងជាច្រើនម៉ាយទៅដល់កណ្តាលនៃរដ្ឋធានី Reykjavik ។
ទីតាំងនៃកន្លែងផ្ទុះឡើងនេះ មានប្រវែងប្រហែល2.5ម៉ាយ ដែលស្ថិតនៅមិនឆ្ងាយពីរោងចក្រថាមពល Svartsengi និងទីប្រជុំជន Grindavík នោះទេ ដែលត្រូវបានជម្លៀសប្រជាជនចេញកាលពីខែមុន ដោយសារតែទទួលដឹងពីសកម្មភាពនៃការរញ្ជួយដីកើនឡើង ដែលនាំឲ្យមានការព្រួយបារម្ភថាអាចបណ្តាលអោយមានការផ្ទុះឡើង។
នៅក្នុងការវាយតម្លៃដំបូងកាលពីយប់ថ្ងៃច័ន្ទ ក្រុមអ្នកស្រាវជ្រាវភ្នំភ្លើងបាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅក្នុងចំនុចទីតាំងដែលមិនល្អនោះទេ អាចនឹងបង្កការគំរាមកំហែងយ៉ាងខ្លាំងក្លាដល់ទាំងទីក្រុង និងរោងចក្រថាមពលកំដៅ។
ប៉ុន្តែបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវភ្នំភ្លើងបានមកដល់ទីតាំងនេះ ស្ថានភាពភ្លាមៗមិនមានលក្ខណៈធ្ងន់ធ្ងរដូចការភ័យខ្លាចដំបូងឡើយ ទោះបីជាទំហំនៃការផ្ទុះធំជាងការរំពឹងទុកក៏ដោយ ហើយទិសដៅនៃលំហូរនៃកម្អែភ្នំភ្លើងនៅតែមិនអាចទាយទុកជាមុនបាន។