ថ្វីបើចិន និងតៃវ៉ាន់បានប្រកាសគោលជំហររៀងខ្លួននៅក្នុងការប្រឆាំងនឹងគ្នា ដោយចិនបានប្រកាសឡើងថានឹងលេបត្របាក់តៃវ៉ាន់អោយបាននៅថ្ងៃណាមួយ ខណៈតៃវ៉ាន់ក៏មានវិធីរបស់ខ្លួនដែលហៅថា«Porcupine Strategy» ដើម្បីការពារខ្លួនពីចិន ប៉ុន្តែវាសនារបស់ភាគីទាំងពីរកំពុងស្ថិតនៅចុងម្ខាងដែលមិនមាននរណាអាចនឹកស្មានឃើញ រហូតដល់ភាគីដទៃដូចជាអាមេរិក ជប៉ុន និងហ្វីលីពីនដែលជាប់ពាក់ព័ន្ធក៏ត្រូវលូកដៃនៅក្នុងចម្រូងចម្រាស់មួយនេះផងដែរ។ កន្លងមកឃើញថាចិនធ្លាប់បានសន្យាថាខ្លួននឹងធ្វើអោយប្រទេសតៃវ៉ាន់ក្លាយជាទឹកដីតែមួយរបស់ខ្លួនម្តងទៀត មិនថាឡើយដោយមធ្យោបាយប្រើប្រាស់កំលាំងក្តី រឺមិនចាំបាច់ប្រើប្រាស់កំលាំងក៏ដោយ។ នេះបានសេចក្តីថាចិននឹងអាចប្រើមធ្យោបាយមួយទៀតដើម្បីបង្ក្រាបតៃវ៉ាន់ នោះគឺ«ការដាក់តៃវ៉ាន់អោយនៅដាច់ដោយឡែកពីគេ» ដែលនឹងធ្វើអោយសេដ្ឋកិច្ចរបស់តៃវ៉ាន់នឹងត្រូវដួលរលំ។ ខណៈប៉ុនប៉ងយ៉ាងនេះក្តី ក៏សហរដ្ឋអាមេរិចដែលជាប្រទេសមហាអំណាចធំមួយ រួមជាមួយប្រទេសមួយចំនួនទៀតដែលស្ថិតនៅក្បែរច្រកសមុទ្រតៃវ៉ាន់ផងដែរ ដូចជាជប៉ុន និងហ្វីលីពីន មិនអាចមើលរំលងនោះទេ ថាចិនក៏នឹងអាចប្រើប្រាស់កំលាំងយោធាវាយដណ្តើមយកតៃវ៉ាន់នៅថ្ងៃណាមួយ។ ជាក់ស្តែងប្រទេសជប៉ុន និងហ្វីលីពីន នាពេលថ្មីៗនេះក៏ទើបតែបានចុះកិច្ចព្រមព្រៀងនឹងគ្នាផងដែរ ថាភាគីម្ខាងៗអាចដាក់កងកម្លាំងរបស់ខ្លួននៅលើទឹកដីរបស់ភាគីម្ខាងទៀត ដែលបញ្ជាក់ពីការរឹតបន្តឹងចំណងសន្តិសុខរបស់គ្នាទៅវិញទៅមក។
ចាប់តាំងពីឆ្នាំ២០១៦មក ជប៉ុនបានដាក់មូលដ្ឋានរបស់ខ្លួនលើកោះមួយចំនួនរបស់ខ្លួនរួចមកហើយ ដែលស្ថិតនៅជិតនឹងកោះតៃវ៉ាន់ ដូចជាកោះ Yonaguni, កោះ Ishigaki និង កោះMiyako ខណៈប្រទេសហ្វីលីពីនក៏ពង្រឹងសន្តិសុខរបស់ខ្លួនដូចគ្នា ហើយមូលហេតុគឺមិនមែនដោយសារពួកគេគឺត្រូវមានកាតព្វកិច្ចការពារកោះតៃវ៉ាន់នោះទេ ប៉ុន្តែពួកគេមានការភ័យរអារថាប្រទេសចិននឹងបង្កឡើងសង្គ្រាម ហើយនឹងបណ្តាលអោយមានភាពគ្រោះថ្នាក់ដល់អ្នកកោះទាំងនេះ ជាពិសេសមួយទៀតគឺពួកគេខ្លាចថាប្រសិនបើមិនពង្រឹងសន្តិសុខកោះទាំងនេះទេ នោះក្នុងអំឡុងពេលវាយប្រហាររបស់ចិន ចិននឹងអាចឆ្លៀតឳកាសដណ្តើមយកកោះទាំងនេះធ្វើជាមូលដ្ឋានយោធាដើម្បីប្រតិបត្តិការការវាយលុករបស់ខ្លួន។ កាលពីពេលថ្មីៗនេះផងដែរ ជប៉ុនក៏ទើបតែបញ្ជូនប្រព័ន្ធ G/ATOR Radar មកលើកោះ Yonaguni ថែមទៀតដើម្បីពង្រឹងដល់ការហ្វឹកហាត់របស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិក។ ប្រព័ន្ធ G/ATOR Radar នេះមានសមត្ថភាពទំនើបមួយកំរិតទៀត ដែលវាអាចជំនួសប្រព័ន្ធចាស់ៗរួមបញ្ចូលគ្នាបាន ដោយវាអាចត្រូវបានប្រើប្រាស់ដើម្បីចាប់រូបភាពមីស៊ីល និងវត្ថុកំណាចផ្សេងៗទៀតទាំងនៅលើដី និងក្នុងអាកាសបានផងដែរ។ ជាការពិតទៅជប៉ុនបានប្រើប្រាស់មូលដ្ឋាននៅលើកោះ Yonaguni នេះសំខាន់នៅលើប្រព័ន្ធរ៉ាដាហើយដូចជា ការចាប់បណ្តាញទំនាក់ទំនងរបស់សត្រូវ និងការរំខានតាមរយៈរ៉ាដា។
តៃវ៉ាន់ក៏ធ្លាប់បានបង្ហាញសេចក្តីអំណររីករាយចំពោះការរួមសហការគ្នារវាងអាមេរិក ជប៉ុន និងហ្វីលីពីននេះផងដែរ ដែលនេះពិតជាបានធ្វើអោយចិនកាន់តែជួយឧបសគ្គនៅពេលចង់លេបត្របាក់តៃវ៉ាន់។ តៃវ៉ាន់ក៏បានបង្ហាញសេចក្តីជឿជាក់ចំពោះប្រទេសរបស់ខ្លួនថា តាមរយៈយុទ្ធសាស្រ្ត Porcupine Strategy នោះចិននឹងមិនអាចវាយយកតៃវ៉ាន់បាននោះទេ។ យុទ្ធសាស្រ្ត Procupine គឺបានន័យថាជាការរួមបញ្ចូលប្រព័ន្ធការពារទាំងអស់ ដើម្បីធ្វើអោយសត្រូវពិបាកវាយលុក ដោយមិនចាំបាច់ត្រូវតែប្រើប្រាស់អាវុធតំលៃថ្លៃនោះទេ ទាំងអាវុធធុនតូច និងធុនធ្ងន់សំខាន់គឺការរួមបញ្ចូលគ្នា។ ស្រទាប់នៃយុទ្ធសាស្រ្តនេះគឺមាន៣ ស្រទាប់។ ស្រទាប់ទី១ គឺជាការស៊ើបការឃ្លាំមើល ដើម្បីបញ្ចៀសពីការវាយលុកពីសត្រូវដោយមិនដឹងខ្លួន ធ្វើយ៉ាងណាគឺត្រូវអោយកងទ័ពបានត្រៀមខ្លួនរួចរាល់។ ស្រទាប់ទី២គឺហៅថា Guerrilla War ដែលជាការត្រៀមច្បាំងអាវុធរួមបញ្ចូលគ្នានៅលើផ្លូវទឹក។ ប្រសិនបើចិនធ្វើដំណើរមក គេនឹងឆ្លងកាត់ផ្លូវទឹក ហើយក៏ត្រូវឆ្លងកាត់ស្រទាប់នេះផងដែរ។ ស្រទាប់ទី៣ គឺជាកត្តាទីតាំងភូមិសាស្រ្ត តៃវ៉ាន់នឹងមានអំណោយផលចំពោះទីតាំងភូមិសាស្រ្ត ប្រទេសដែលឈ្លានពានត្រូវការធ្វើដំណើរឆ្លងកាត់ផ្លូវទឹករយៈពេលយូរ ហើយតៃវ៉ាន់ក៏បានត្រៀមអាវុធជាច្រើនសណ្ឋាននៅតាមទីតាំងជួរមុខរបស់កោះផងដែរ ដើម្បីធ្វើយ៉ាងណាអោយខ្លួនឯងអាចក្លាយដូចជាដុំភ្លើងដ៏គ្រោះថ្នាក់មួយ មិនអាចអោយចិនឈានជើងចូលបាននោះទេ។