កាលពីថ្ងៃទី១៩ ខែកញ្ញាកន្លងទៅនេះ ផលិតកម្ម GenMusix ដែលជាក្រុមហ៊ុនតន្រ្តី Pop ដំបូងបំផុតរបស់កម្ពុជា បានធ្វើការចេញផ្សាយបទចំរៀងរបស់ពួកគេជាលើកដំបូងចំនួនពីរបទ ដែលជាគូបទចម្រៀងស្រីប្រុសរបស់តារាចម្រៀង Step និងកញ្ញាSK ដែលមានចំណងជើងថា«កាឡកណ្ណី» និងបទ«ច.ប.បន្តក់»។
នៅក្នុងថ្ងៃជាមួយគ្នានេះផងដែរ ផលិតកម្ម GenMusix ក៏បានធ្វើកម្មវិធីសម្ពោធផលិតកម្មជាផ្លូវការនៅឯសណ្ឋាគារហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដោយមានការចូលរួមកុះករពីបណ្តាសិល្បករ និងសិល្បការនីជាច្រើននាក់។ ផលិតកម្ម GenMusix ក្រោម Slogan ថា Rhythm of your life បានសរសេរឡើងជាមួយនឹងសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា«ពួកគេមានការតាំងចិត្តមុតមាំក្នុងការផ្តល់វេទិកាមួយសំរាប់សិល្បករ និងសិល្បការនីវ័យក្មេងចូលរួមអភិវឌ្ឍវិស័យតន្រ្តីនៃប្រទេសកម្ពុជា និងស្របទៅតាមស្តង់ដាអន្តរជាតិ»។
ខណៈដែលសង្កេតបានថាបទចម្រៀងទាំងពីរបទដែលទើបនឹងចេញនេះ ពិតជាឆក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនបានជាច្រើន ជាពិសេសទៅលើការផ្លាស់ប្តូររបស់លោក Step ផ្ទាល់ ដែលការត្រលប់របស់លោកមកលើកនេះ ឃើញថាលោកមានការផ្លាស់ប្តូររាងកាយយ៉ាងខ្លាំងជាមួយនឹងការតុបតែងស្លៀកឈុតបុរាណជប៉ុនថែមទៀត។
បន្ទាប់មកលោក Step ផ្ទាល់ក៏បានធ្វើការចែករំលែកពីបទពិសោធន៍ ក៏ដូចជាវិធីសាស្រ្តរបស់លោកខ្លះៗក្នុងការហាត់ប្រាណដើម្បីទទួលបានរាងកាយ Build Up បែបនេះ។ លោក Step បានទម្លាយអោយដឹងថាលោកបានចំណាយពេល៩ខែដើម្បីហាត់ទទួលរាងបែបនេះសំរាប់ក្នុងការថត MV មួយនេះ ហើយវាក៏ប្រហែលជាអាចចាត់ទុកបានថានេះគឺជាបទចម្រៀងដំបូងបំផុតរបស់លោកចាប់តាំងពីលោកឃ្លាតឆ្ងាយពីសិល្បៈរយៈពេល៣ឆ្នាំផងដែរ។
លោក Step ក៏បានរៀបរាប់អោយដឹងថា លោកត្រូវការហាត់ទៅតាមកាលវិភាគ ដោយមានថ្ងៃខ្លះ លោកត្រូវហាត់ស្មា ដៃ ជើង ទ្រូង ខ្នង រឺក្បាលពោះទៅតាមនោះ។ ខណៈដែលបទ«ច.ប.បន្តក់» របស់កញ្ញា SK ក៏ទទួលបានចំណាប់អារម្មណ៍មិនចាញ់គ្នា ដោយសារតែពួកគេជាដៃគូឆ្នើមដ៏សក្តិសម និងស្រស់ស្អាត និងធ្លាប់បានចាប់ដៃគូគ្នាថតរឿង និងបទចម្រៀងជាច្រើនរួចមកហើយ។