ខែកុម្ភៈជាខែបុណ្យនៃក្តីស្រលាញ់ដ៏សែនកកក្តៅ សំរាប់បទចំរៀងដែលត្រូវបានចេញផ្សាយនៅក្នុងអំឡុងពេលនេះក៏ផ្អែមមុតស្រទន់ធ្វើអោយទក់ទីបេះដូងដូចគ្នា។ មិនអាចលាក់អារម្មណ៍ពុះពោរនៅខាងក្នុងបេះដូងទៀតទេ នេះរឺមិនមែនជាឳកាសល្អមួយសំរាប់បញ្ជាក់អារម្មណ៍ពិតរបស់យើងទៅកាន់នរណាម្នាក់? សំរាប់ជួយសំរួលដល់ពេលវេលាបញ្ជាក់ក្តីស្រលាញ់នេះផងដែរ លោក Norithនិងកញ្ញា Sophia Kao ក៏បានត្រៀមលើកយកបទចម្រៀងរួមគ្នាចំណងដៃពិសេសមួយមានចំណងជើងថា«Maybe» ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះហើយនៅមុនថ្ងៃបុណ្យនៃក្តីស្រលាញ់នេះតែម្តង។
គួរអោយចាប់អារម្មណ៍ផងដែរនៅតាមបណ្តាកម្មវិធីបណ្តាញសង្គមនានារបស់អ្នកទាំងពីរក៏មានបង្ហោះរូបថតជាមួយគ្នាព្រមជាមួយនឹងខេបសិនស្វីតៗផងដែរ ធ្វើអោយទស្សនិកជនជាច្រើននាក់កំពុងងឿងឆ្ងល់ថាតើនេះគឺជាចំនុចចាប់ផ្តើមទំនាក់ទំនងស្នេហារបស់ពួកគេ រឺត្រឹមតែជាខនសិបនៃបទចម្រៀងថ្មីប៉ុណ្ណោះ? តែកត់សម្គាល់ឃើញថានៅក្នុងថ្ងៃការប្រគំតន្រ្តី Hanuman x Baramey លោក Norith ថែមទាំងបានជូនផ្កាកុលាបស្រស់ស្អាតទៅកាន់កញ្ញាSophia Kao នៅលើឆាកថែមទៀតផង។ ចំណែកខាងបារមីក៏ហាក់ដូចជាដឹងលឺរឿងនេះយ៉ាងច្បាស់ និងថែមទាំងជួយចូកជួយចែវខ្លាំងទៀតផងតាមរយៈខមមែនមួយចំនួនថា«ម៉េចៗប្រាប់អោយពួកយើងបានដឹងមុនសិនណា»។ ចុះទស្សនិកជនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ កុំភ្លេចធ្វើការខមមែនប្រាប់អេដមីនផងណា!