ក្រុមប៉ូឡារិចមានគំរោងទំលាក់បទចំរៀងថ្មីរបស់ខ្លួន "ដោះលែង" នៅថ្ងៃទី២៣ ខែធ្នូខាងមុខនេះ បន្ទាប់ពីធ្វើការចេញផ្សាយបទ "ចាប៉ី" របស់ខ្លួនកាលពីថ្មីៗកន្លងទៅ។ គួរបញ្ជាក់ផងដែរបទ "ដោះលែង" មួយបទនេះដែលបានបង្ហាញនៅក្នុង Teaser របស់ពួកគេគឺមានរសជាតិបែបមនោសញ្ចេតនាកំសត់ខ្លាំងណាស់ ហាក់ដូចជាលោកសុំការដោះលែងពីគូស្នេហ៍អ្វីម្យ៉ាងក្នុងបរិយាកាសដ៏សោកសៅបំផុត ដែលខុសប្លែកពីបទ "ចាប៉ី" របស់លោកដែលមានភាពសប្បាយៗ។ យ៉ាងណាមិញផងដែរកាលពីពេលថ្មីៗនេះក្រុមប៉ូឡារិចបានចែករំលែកវិដេអូកំរង Q&A របស់ពួកគេឆ្លើយតបទៅលើសំណួរទាក់ទងនឹងបទ "ចាប៉ី" និងបានលាតត្រដាងគំរោងខ្លះៗរបស់ពួកគេនៅពេលខាងមុខផងដែរ។
ក្រុម Polarix បានបង្ហាញអោយដឹងថានៅក្នុងខែធ្នូនេះ ពួកគេនឹងមានកាដូបទចំរៀង២បទសំរាប់ទស្សនិកជន ដោយក្នុងនោះមានមួយបទជាបទ "ដោះលែង" នេះ និងមួយបទទៀតពួកគេសុំធ្វើការលាក់សិន ហើយនេះក៏ជាកាដូពិសេសសំរាប់ការឆ្លងឆ្នាំផងដែរ។ បន្ថែមពីលើនេះក្រុម Polarix ក៏បានបញ្ជាក់ប្រាប់ថាប្រសិនបើទស្សនិកជនបានទៅទស្សនាការប្រគំតន្រ្តី Skull Tour កន្លងទៅនេះ ច្បាស់ជាបានស្តាប់បទ "ដោះលែង" នេះរួចមកហើយនៅក្នុងការសម្តែងរបស់ពួកគេជាមិនខាន។ ម្យ៉ាងវិញទៀតក៏មានអ្នកគាំទ្រខ្លះទៅក៏បានសួរសំនួរទៅកាន់ពួកគេថាមានគំរោងធ្វើបទភ្លេងចង្វាក់បែបណាសំរាប់អាល់ប៊ុមថ្មី Polarix បានឆ្លើយថាពួកគេមានគំរោងចេញបទជាច្រើនទៀតដែលអាចជាប្រភេទ Pop, RNB/Soul ដែលមិនមែនជា Hip Hop នោះទេ ព្រោះឥលូវនេះពួកគេនិយមបទដែលប្រើប្រាស់មនោសញ្ចេតនា និងអារម្មណ៍។