តំបន់អាក់ទិកបានក្លាយជាប្រធានបទមួយដែលមិនគួរមើលរំលង ខណៈដែលចិនកំពុងចង់បង្កើតផ្លូវ«Polar Silk Road» នៅក្នុងតំបន់នេះដែលស្ថិតនៅក្រោមគម្រោងផ្តូចផ្តើម«ខ្សែក្រវ៉ាត់និងផ្លូវ» របស់ចិនខ្លួនឯងផ្ទាល់។ ប្រទេសចិនសង្ឃឹមឡើងថា គម្រោងផ្លូវ«Polar Silk Road» នេះនឹងអាចតភ្ជាប់បានដោយផ្ទាល់រវាងតំបន់អាស៊ីខាងកើត និងតំបន់អឺរ៉ុប ដោយឆ្លងកាត់តាមមហាសមុទ្រអាក់ទិកនេះ។ ខណៈកាលពីពេលថ្មីៗនេះផងដែរ ក៏មានការចាប់អារម្មណ៍កើនឡើងទាក់ទងនឹងសកម្មភាពរួមគ្នាដ៏ខ្លាំងក្លាផ្នែកយោធារបស់រុស្ស៊ី និងចិននៅក្នុងតំបន់អាក់ទិចនេះ ដែលធ្វើអោយសហរដ្ឋអាមេរិកកំពុងបង្កើនការតាមដានយ៉ាងជាប់លាប់។ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ យន្តហោះរុស្ស៊ី និងចិនបានធ្វើប្រតិបត្តិការសមយុទ្ធនៅលើផ្ទៃសមុទ្រអន្តរជាតិមួយនេះ ដែលធ្វើអោយសហរដ្ឋអាមេរិកឃ្លាំមើល និងបង្កើនការប្រុងប្រយ័ត្ន។ នៅថ្ងៃទី22 ខែកក្កដានេះផងដែរ សហរដ្ឋអាមេរិកក៏បានចេញកំណែទំរង់ថ្មីមួយទាក់ទងនឹងគោលការណ៍នៅក្នុងការថែរក្សាតំបន់អាក់ទិក។ ដោយកាលពីឆ្នាំ2022 សហរដ្ឋអាមេរិកបានផ្តោតសំខាន់លើកត្តា4យ៉ាង នោះគឺ សន្តិសុខ, ការការពារអាកាសធាតុ និងបរិស្ថាន, ការអភិវឌ្ឍសេដ្ឋកិច្ច និងការរួមគ្នាសហការគ្រប់គ្រងអន្តរជាតិ។ ខណ:នៅក្នុងឆ្នាំ2024 នេះ អាមេរិកបានផ្តោតសំខាន់លើកត្តា2 យ៉ាង នោះគឺ C4ISR និងការធ្វើសមយុទ្ធរួមគ្នា។ C4ISR មានពាក្យពេញថា Command, Control, Communications, Computers, Intelligence, Surveillance, Reconnaissance ដែលមានន័យថាអាមេរិកនឹងពង្រឹងលើផ្នែកស៊ើបយកការណ៍ តាមរយៈប្រព័ន្ធ ISR នៅលើអាកាស។
ដោយផ្កាយរណបធ្លាប់បានបង្ហោះឡើងពីមុន គឺត្រូវបានរំខានដោយកំលាំងអេឡិចត្រូម៉ាញេទិច។ ហើយអាមេរិកក៏ចង់ពង្រឹងលើគំរោង NORAD ផងដែរ ដែលមានឈ្មោះពេញថា The North American Aerospace Defense Command ដើម្បីបង្កើនសមត្ថភាពទំនាក់ទំនង និងSensor។ ទី២ គឺពង្រឹងការធ្វើសមយុទ្ធរួមគ្នា ព្រោះនៅទីនោះមានអាកាសធាតុត្រជាក់ ដែលធ្វើអោយទាំងឧបករណ៍ និងទាហានជួបការលំបាក។ ដូច្នេះគេត្រូវពង្រឹងបច្ចេកវិទ្យាដើម្បីអោយឧបករណ៍ទាំងនោះអាចដំំណើរបានដោយគ្មានបញ្ហាទោះស្ថិតនៅសីតុណ្ហភាពត្រជាក់ដ៏ខ្លាំងមួយ។ តំបន់អាក់ទិចបា នក្លាយជាតំបន់សង្គ្រាមស្ងាត់ៗរបស់មហាអំណាច។ ដោយនៅលើរង្វង់អាក់ទិចនេះ មានទឹកដីរបស់រុស្ស៊ីប្រមាណជាពាក់កណ្តាលហើយ។ វាត្រូវបានហ៊ុំព័ទ្ធដោយប្រទេសចំនួន៥ ដែលចែកគ្នាថែរក្សាគឺរួមមានប្រទេសអាមេរិក កាណាដា ដេនម៉ាក រុស្ស៊ី និងណរវេរ ហើយវាក៏ត្រូវបានរួមគ្នាគ្រប់គ្រងដោយក្រុមប្រឹក្សាតំបន់អាក់ទិកដែលមានចំនួន៨ប្រទេសផងដែរ ដោយធ្វើការផ្លាស់ប្តូរវេនគ្នាកាន់កាប់ជារៀងរាល់២ឆ្នាំម្តង។ ម្ល៉ោះហើយ ថ្វីបើប្រទេសចិនមិនបានស្ថិតនៅក្នុងរង្វង់អាក់ទិក និងផ្នែកនៃក្រុមប្រឹក្សានេះក៏ដោយ ក៏ការសហការរបស់រុស្ស៊ីជាមួយចិន បានធ្វើអោយ ចិន មានឱកាសបញ្ជ្រាបចូលខ្លួនទៅក្នុងតំបន់នេះ និងបានប្រកាសខ្លួនឯងថាចាត់ទុកជាមហាអំណាចមួយនៅជិតតំបន់អាក់ទិចផងដែរ ហើយចិនក៏បានព្យាយាមបង្កើតស្នាដៃ កសាង និងទាញយកប្រយោជន៍ពីក្នុងតំបន់នេះ។