ស្ថាប័ន Israel Aerospace Industries (IAI) បានបញ្ចេញនូវគ្រាប់បែកដៃថ្មីមួយប្រភេទមានឈ្មោះថា«Point Blank»។ គ្រាប់បែកដៃមួយនេះត្រូវបានដាក់បង្ហាញឡើងនៅក្នុងថ្ងៃទី១៩ ខែមករាកន្លងទៅនេះ ដែលជាមីស៊ីលតូចមួយគ្រឿងដឹកនាំដោយអេឡិចត្រូអុបទិក ដែលអាចដាក់ចុះនៅតាមកាបូបស្ពាយខ្នងរបស់នាយទាហានបានផងដែរ។ មីស៊ីលនេះផងដែរក៏អាចប្រើប្រាស់បានឡើងដោយត្រឹមនាយទាហានម្នាក់ប៉ុណ្ណោះ និងអាចហោះហើរចេញ ព្រមទាំងចុះចតវិញជាបន្ទាត់ខ្សែត្រង់មកលើដៃរបស់ទាហានបាន។ មីស៊ីលនេះអាចផ្ទុកនូវប្រព័ន្ធអេឡិចត្រូអុបទិកដែលអាចប្រមូលទិន្នន័យស៊ើបអង្កេតការណ៍បាននៅក្នុងពេលវេលាជាក់ស្តែងដោយយោងទៅតាមស្ថាប័នIAI។ វាមានស្លាបចំនួនបួនជាមួយនឹងកង្ហាវិលដែលអាចដឹកនាំមីស៊ីលទៅវាយប្រហារនឹងគោលដៅបានដោយទិន្នផលខ្ពស់។ សេចក្តីរាយការណ៍បង្ហាញថាមីស៊ីលនេះអាចហោះនិងឈប់សំកាំងនៅក្នុងបរិយាកាសបាននៅខណៈដែលគោលដៅ និងទីតាំងជាក់លាក់របស់វាត្រូវបានកំណត់មុននឹងធ្វើការវាយប្រហារ។ ប្រព័ន្ធនេះក៏ត្រូវបានកំពុងអភិវឌ្ឍន៍ឡើងដោយមានបំពាក់ជាមួយនឹងក្បាលគ្រាប់សំរាប់កំទេចគោលដៅយោងទៅតាមស្ថាប័នIAIផ្ទាល់។
ដោយខុសពីមីស៊ីលផ្សេងៗទៀតដែលនឹងត្រូវបំផ្លាញខ្លួនឯងដែរបន្ទាប់ពីវាយប្រហារគោលដៅ មីស៊ីល Point Blank អាចត្រលប់មកដូចដើមវិញដោយខ្លួនឯង និងអាចប្រើប្រាស់ឡើងវិញបាន។ ទាហានអ៊ីស្រាអែលក៏អាចគ្រប់គ្រងមីស៊ីលនេះបានពីចម្ងាយផងដែរ ដោយសារតែលក្ខណៈរបស់វាគឺជាអាវុធដែនអាកាសដឹកនាំដោយអុបទិក។ យោងទៅតាមស្ថាប័ន IAI “Point Blank” នឹងអាចធ្វើប្រតិបត្តិការបំបាំងកាយបាន ដោយសារតែលក្ខណៈនៃគ្រាប់រំសេវនោះមានសូរស័ព្ទ និងកម្តៅតិចតូចបំផុត។ តាមបច្ចេកទេស ស្ថាប័ន IAI ហៅអាវុធប្រព័ន្ធការពារថ្មីនេះថាជាមីស៊ីល ប៉ុន្តែអ្នកជំនាញយល់ថាគួរតែហៅវាថាជា UAV ខណៈដែលលក្ខណៈរបស់ Point Blank គឺមានភាពស្រដៀងគ្នានឹងដ្រូន Kamikaze ច្រើនជាងមីស៊ីល។
អ្នកជំនាញនិយាយថា Point Blank គឺមានភាពស្រដៀងគ្នានឹងទំរង់តូចរបស់ X-Wing ដែលជាប្រភេទយន្តហោះនៅក្នុងរឿងហូលីវូដ Star Wars។ ស្ថាប័ន IAI ក៏បានអះអាងឡើងថាទទួលបានការចុះកុងត្រារាប់លានដុល្លាពីសហរដ្ឋអាមេរិចសំរាប់ទំរង់ដើម Point Blank នេះ។ ទំរង់ដើមពីដ្រូននេះហៅថា ROC-X នឹងក្លាយជាកំណែទំរង់នៃយន្តហោះនេះ ដែលបានត្រូវនឹងលក្ខខណ្ឌជាក់លាក់នៃតំរូវការស្តង់ដាប្រព័ន្ធការពាររបស់ដេប៉ាតឺម៉ង់អាមេរិច US DoD។ វានឹងជួយទ្រទ្រង់សមត្ថភាពរស់រៀន និងកំរិតគ្រោះថ្នាក់នៃការវាយប្រហារដោយភាពជាក់លាក់របស់ក្រុមយុទ្ធសាស្រ្តតូច។
វាត្រូវបានរាយការណ៍មកថានឹងត្រូវបានសាកល្បង និងប្រតិបត្តិការដោយកងកម្លាំងប្រតិបត្តិការពិសេសពិសេសរបស់អាមេរិចផងដែរ យោងទៅតាម IAI។ ស្ថាប័ន IAI នឹងផ្តល់អោយសហរដ្ឋអាមេរិចនូវគំរូដើម និងការបណ្តុះបណ្តាលសំរាប់ការសាកល្បងប្រតិបត្តិការនេះ និងការរង្វាយតំលៃនៅក្នុងបំណាច់ឆ្នាំ២០២៣នេះ។ ក្រៅពីអភិវឌ្ឍន៍មីស៊ីលគ្រាប់បែកដៃអោយសហរដ្ឋអាមេរិច អ៊ីស្រាអែលក៏កំពុងបានអភិវឌ្ឍន៍ប្រព័ន្ធការពារដែនអាកាសផ្អែកលើឡាស៊ែរហៅថា Iron Beam ផងដែរ។ នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុន Lockheed Martin របស់អាមេរិចបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនផលិតបច្ចេកវិទ្យាការពារ Israeli Rafael ដើម្បីចូលរួមអភិវឌ្ឍន៍ប្រព័ន្ធ Iron Beam នេះ។ ប្រព័ន្ធ ROC-X នេះបានបញ្ចេញមកនៅក្នុងពេលដែលការប្រើប្រាស់ការទំលាក់គ្រាប់បែកដៃ និងដ្រូនចម្បាំងក្លាយទៅជាគន្លឹះយុទ្ធសាស្រ្តមួយនៅក្នុងសង្គ្រាមអ៊ុយក្រែន។