នៅក្នុង Podcast រៀនថត episode 10 ពូជ្រួញបានបង្ហាញមុខភ្ញៀវកិត្តិយសពីររូបជាក្រុមចំរៀងតែម្តងគឺក្រុមភ្លេងខ្មែរដែលមានសមាជិកគឺលោកកៅពន្លឺ និងលោកជាសុជាតិ។ បន្ទាប់ពីបាត់មុខមួយរយៈ ក្រុមភ្លេងខ្មែរក៏បានត្រលប់មកជាថ្មីម្តងទៀតជាមួយនឹងបទចំរៀង Keep Going ដែលបានចេញផ្សាយនៅចុងខែកក្កដាកន្លងទៅនេះទេ ជាពេលល្អមួយសក្តិសមសំរាប់ការផ្តល់កិច្ចសម្ភាន៍នៅក្នុងរៀនថត Podcast ពិតមែន។ ពូជ្រួញបានធ្វើសំណេះសំណាលពួកគេទាំងពីរសាកសួរទៅលើប្រធានបទមួយចំនួនដូចជាជីវិតផ្ទាល់ខ្លួន ការងារសិល្បៈ ការងារជាក្រុម និងទស្សនយល់ឃើញផ្សេងៗផងដែរ។ យ៉ាងណាមិញ Podcast មួយនេះបានធ្វើអោយមហាជនក៏ដូចជាអ្នកគាំទ្ររបស់ក្រុមក្មេងខ្មែរបានស្គាល់ពីពួកគេរឹតតែច្បាស់ដែលនៅក្រៅពីកញ្ចក់ផ្ទាំងទស្សនីយភាពសិល្បៈផ្ទុយមកវិញឆ្លុះបញ្ចាំងពីជីវិតពិតជាក់ស្តែងរបស់ពួកគេទាំងពីរនាក់នេះ។ ឆ្លងតាមរយៈការសាកសួរជាច្រើន លោកកៅពន្លឺ និងលោកសុជាតិបានប្រាប់អោយដឹងថាការបាត់ខ្លួនទៅរបស់ក្មេងខ្មែរអស់មួយរយៈគឺក្នុងកាលៈទេសៈមួយដែលពួកគេចង់ដកឃ្លាសំរាកមួយរយៈ និងដើម្បីស្វែងរកខ្លួនឯងបន្តទៀត។ សូម្បីតែក្នុងបទចំរៀង Keep Going របស់ពួកគេក៏បានសបញ្ជាក់ពីរសជាតិម្យ៉ាងដែលអ្នកសិល្បៈកំពុងច្រៀងប្រាប់ខ្លួនឯងអោយបន្តទៅមុខទៀត។
ទាក់ទងទៅនឹងការធ្វើការងារជាក្រុម លោកកៅពន្លឺ និងលោកសុជាតិតែងតែស្វែងយល់ចិត្តគ្នាអោយបានច្បាស់ និងស្វែងរកចំនុចកណ្តាលមួយដើម្បីសំរេចយក។ ជាក់ស្តែងត្រង់ចំនុចនេះលោកជាសុជាតិក៏លើកឡើងថាក្រុមក្មេងខ្មែរក៏តែងតែអនុវត្តន៍បែបនេះចំពោះការធ្វើបទចំរៀង ទី១តំរូវចិត្តរបស់ខ្លួនជាមុន និងទី២សំលឹងមើលទៅលើទីផ្សារ ធ្វើយ៉ាងណាដើម្បីរក្សាបានតុល្យភាពចំនុចកណ្តាលមួយ។ ផ្សាភ្ជាប់ត្រង់ចំនុចនេះពូជ្រួញមានការគាំទ្រយ៉ាងខ្លាំង ដោយលោកយល់ឃើញថាការធ្វើដើម្បីខ្លួនឯងមិនខុសនោះទេ យើងត្រូវធ្វើអោយខ្លួនឯងសប្បាយចិត្តជាមុនសិន នោះទើបយើងមានសុខភាពល្អ។ ម្ល៉ោះហើយដូចអ្វីដែលបានលើកឡើងនៅក្បាលកម្មវិធី ក្មេងខ្មែរត្រលប់មកម្តងនេះជាមួយនឹងស្នាមញញឹមភ្លឺថ្លាឆ្លុះបង្ហាញពីសុខភាពចិត្តនិងរាងកាយល្អពីខាងក្នុង បន្ទាប់ពីពួកគេបានសំរាកពីការងារ និងស្វែករកខ្លួនឯង ហើយនឹងដើរលើផ្លូវដែលខ្លួនឯងកំនត់បន្តទៀត។ លោកសុជាតិក៏បានបង្ហើបក្នុងកិច្ចសម្ភាសន៍នោះផងដែរថាពួកគេនឹងមានគំរោងចេញបទថ្មីជាច្រើនទៀតនៅក្នុងពេលខាងមុខនេះ។