កម្មវិធីប្រគល់ពានរង្វាន់តន្រ្តីដ៏ធំប្រចាំឆ្នាំ PMA បានវិលត្រលប់មកជាលើកទី២ហើយនៅក្នុងឆ្នាំ២០២៣បន្ទាប់ពីបានសាងប្រវត្តិសាស្រ្តដ៏អស្ចារ្យកាលពីឆ្នាំទៅ។ នៅក្នុងឆ្នាំនេះផងដែរនឹងរឹតតែពិសេសដោយទស្សនិកជនក៏អាចចូលរួមទស្សនាដោយផ្ទាល់ផងដែរនៅឯបុរីប៉េងហួត បឹងស្នោ នៅថ្ងៃទី១៨ ខែមីនា ខាងមុខនេះចាប់ពីម៉ោង៤ល្ងាចតទៅដោយគ្រាន់តែចូលទៅបញ្ជាទិញសំបុត្រដោយផ្ទាល់នៅលើកម្មវិធីLive.By Wonderpass ដោយមានសំបុត្រចាប់ពីតំលៃ៩ដុល្លាឡើងទៅ។ ដោយមាន Host ដ៏មានប្រជាប្រិយភាពនៅក្នុងកម្មវិធីដូចជាលោកជាវិបុល នាយគ្រឿន លោកRainniedara លោកអៀងវិច្ឆ័យ អ្នកនាងខាត់សុឃីម និងអ្នកនាងគង់សុជាតិជាដើម នឹងដើរនៅលើកំរាលព្រំក្រហម និងដំណើរកម្មវិធីនេះអោយកាន់តែរស់រវើក និងសំរេចជោគជ័យ។ កត់សម្គាល់ឃើញថាបទចម្រៀងលោកជីដេវីតទទួលបានការជាប់បោះឆ្នោតនៅតាមប្រភេទពានរង្វាន់ច្រើនជាងគេបង្អស់ដូចជាពានរង្វាន់បទចម្រៀងប្រចាំឆ្នាំ បទចម្រៀងរួមគ្នាប្រចាំឆ្នាំ វិដេអូចម្រៀងប្រចាំឆ្នាំ អាល់ប៊ុមចម្រៀងប្រចាំឆ្នាំ និងសិល្បករប្រចាំឆ្នាំ តាមពីក្រោយដោយកញ្ញាតន់ចន្ទសីម៉ាផងដែរ។ ចំណែកបទចម្រៀងរបស់អតីតម្ចាស់ពានរង្វាន់ PMA2022ដ៏ច្រើនអ្នកនាងទេពបូព្រឹក្សក៏បានជាប់បោះឆ្នោតចំនួន២បទផងដែរដែលមានបទ«No More» និង«ម្ចាស់បងកាន់តែកាច»។ ចំណែកដៃគូបងប្អូនចម្រៀងលោកម៉មពេជ្ជរិទ្ធ និងលោកដួងវីរៈសិទ្ធិក៏ដណ្តើមបានជាប់ជាបេក្ខភាពបោះឆ្នោតនៅលើបទចំរៀងរបស់ពួកគេដូចជាបទ«ខូចចិត្តច្រើនដង» និង«រាំទាំងទឹកភ្នែក»។ ចំណែកសិល្បករបង្ហាញមុខមាត់ថ្មីៗត្រូវបានជាប់អោយបោះឆ្នោតនៅលើប្រភេទពានរង្វាន់សិល្បករសិល្បការិនីប្រចាំឆ្នាំដែលមានដូចជាលោក Glomyy Vincent, RedKing, Por-Xeang, Vis និង1NE ជាដើម។ ខណៈដែលសិល្បករជើងថ្មីលោកវណ្ណឆេស្តាក៏បានបំបែកចូលនៅក្នុងអាល់ប៊ុមចម្រៀងប្រចាំឆ្នាំនូវអាល់ប៊ុម BADBoiរបស់លោកផងដែរ។ យ៉ាងណាមិញផងដែរទស្សនិកជនកុំភ្លេចចូលរួមបោះឆ្នោតអោយអ្នកដែលលោកអ្នកគិតថាសមជាម្ចាស់ពាននៅលើកម្មវិធី Pleng App របស់ Smart បានណារហូតដល់ថ្ងៃទី៨ ខែមីនានេះ នឹងបិទការបោះឆ្នោតហើយ!