លោកប៉េងអានគឺជាអ្នកលើកស្ទួយម្នាក់នៅលើផ្នែកបញ្ហាសុខភាព និងសុខុមាលភាពនៃការរស់នៅដោយក្នុងនោះក៏មានជាចម្បងលើបញ្ហាសុខភាពផ្លូវចិត្តផងដែរ។ កាលពីពេលថ្មីៗនេះមានផ្ទុះព័ត៌មានរិះគន់មួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលមានឈ្មោះថា Think with PingAnn ទាក់ទងទៅលើការបង្ហោះរបស់លោកអំពីបទជជែកគ្នាមួយជាមួយនឹង Dj Nana ដោយមានប្រើស្ពរសម្ភោរយកមកធ្វើជាតុនៅចន្លោះពួកគេទាំងពីរ។
នៅលើប្រធានបទមួយអំពី«សន្ទនាចេញពីបេះដូង វគ្គ៤ សុខភាពផ្លូវចិត្ត និងសម្ពាធជាកូនច្បង»ជាមួយ Dj Nana លោកប៉េងអានបានជ្រើសរើសរៀបចំឆាករបៀបការអង្គុយជជែកគ្នានៅខាងមុខគេហដ្ឋានមួយដែលមានធម្មជាតិស្រស់បំព្រង ពោរពេញដោយភាពបរិសុទ្ធ។ អ្វីដែលធ្វើអោយមហាជនបានកត់សម្គាល់ឃើញថែមទៀតនៅត្រង់តុសំណេះសំណាលរវាងអ្នកទាំងពីរគឺត្រូវបានប្រើប្រាស់ដោយស្គរសម្ភោរបុរាណរបស់ខ្មែរ ដែលធ្វើអោយមហាជនយល់ឃើញថាមិនសមគួរណាស់ឡើយ ព្រោះឧបករណ៍ភ្លេងរបស់ខ្មែរគឺមានមុខងាររបស់វាត្រឹមត្រូវ និងមានតំណមជាច្រើនទៀតដូចជាមិនអាចលេងផ្តេសផ្តាស រឺដើររំលងលើផ្តេសផ្តាស់នោះទេ។ ថ្វីបើពេលនេះលោកប៉េងអានបានធ្វើការលុបវិដេអូនោះចោលរួចមកហើយ និងចេញវិដេអូសុំអភ័យទោសថែមទៀតក៏សាធារណជនមួយចំនួនបានផ្ទុះដេញដោលសួរឡើងថា បើបុគ្គលល្បីធ្វើខុសមិនសូវមានអ្នករិះគន់ទៅវិញ ផ្ទុយមកវិញថែមទាំងមានបក្សពួករឺបណ្តាអ្នកគាំទ្រជួយទៅវិញ?
មានមនុស្សមួយចំនួនបានប្រាប់ថាពួកគេពិតជាត្រេកអរដែលទទួលបានខ្លឹមសារល្អៗពីប្រធានបទមួយនោះ និងមានការសោកស្តាយដែលវិដេអូនោះត្រូវបានលុបទៅវិញ។ ក៏មានអ្នកខ្លះទៀតគិតថាវាត្រឹមជាការច្នៃប្រឌិតតែប៉ុណ្ណោះ និងអោយអត្ថន័យផ្សេងៗគ្នាដូចជាការរំលឹកដល់ឧបករណ៍តន្រ្តីរបស់ខ្មែរ។ ចុះអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាចំពោះរឿងរ៉ាវមួយនេះ?