កម្មវិធី Miss Grand International បានឈានចូលមកដល់រដូវកាលទី១០ហើយនៅក្នុងឆ្នាំ២០២២នេះ ដែលជារៀងរាល់ឆ្នាំមានការចូលរួមពីបវរកញ្ញាមកពីប្រមាណជា៧០ប្រទេស។ សំរាប់ឆ្នាំនេះផងដែរ ថ្វីបើមានព្រឹត្តិការណ៍មួយចំនួនគួរអោយកត់សម្គាល់ក៏ប៉ុន្តែមិនបានរាំងស្ទះដំណើរការនៃកម្មវិធីមួយនេះទេ។ ជាក់ស្តែងអ្វីដែលធ្វើអោយមហាជនចាប់អារម្មណ៍ខ្លាំងគឺនៅពេលផ្ទុះពត៌មានកក្រើកមួយអំពីពត៌មាន Miss Grand រុស្ស៊ី និង Miss Grand អ៊ុយក្រែនក្លាយជា Roommate នឹងគ្នា ដោយស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភសង្គ្រាមបានផ្ទុះឡើងនៅចំពោះប្រទេសទាំងពីរ យ៉ាងណាមិញខាងបវរកញ្ញាអ៊ុយក្រែនក៏បានចេញមុខបដិសេធមិនព្រមទទួលយកការរួមបន្ទប់ជាមួយបវរកញ្ញារុស្ស៊ីឡើយនិងទាមទារអោយមានការផ្លាស់ប្តូរបេក្ខជនដទៃ។ដោយអ្នកនាងបានលើកឡើងថា«នាងគឺសំខាន់ អារម្មណ៍របស់នាងក៏សំខាន់ ប្រជាជននិងប្រទេសជាតិរបស់នាងក៏សំខាន់ មិនអាចអោយប្រទេសដែលគ្មានច្បាប់អនុវត្តន៍ដោយស្រេចតែចិត្ត ជំនួសអោយក្តីស្រលាញ់និងសន្តិភាពដែលនាងមានក្នុងចិត្តនោះទេ»។ គ្រប់យ៉ាងបានដំណើរទៅដោយរលូនដោយម្នាក់ៗបានយករឿងផ្ទាល់ខ្លួនទុកមួយឡែក និងខិតខំប្រឹងប្រែងអស់សមត្ថភាពដើម្បីតំណាងអោយប្រទេសជាតិរបស់ខ្លួន។ យ៉ាងណាមិញផងដែរ កញ្ញា Pich Votey Saravody គឺជា Miss Grand Cambodia មួយរូបដែលទទួលបានការចាប់អារម្មណ៍ដូចគ្នាពីអ្នកគាំទ្រក្នុង និងក្រៅប្រទេស។ ទាក់ទងនឹងរឿងរ៉ាវដំបូងរបស់នាង ចាប់ផ្តើមពីការស្លៀកសំលៀកបំពាក់ វតីនៅតែខិតខំបង្ហាញសមត្ថភាពរបស់ខ្លួនដើរម៉ូតដោយភាពជឿជាក់ទោះត្រូវបានមហាជនមួយចំនួនរិះគន់នូវសំលៀកបំពាក់របស់នាង។ វតី បានបង្ហាញភាពជឿជាក់ ភាពជាខ្លួនឯង និងឆន្ទៈរបស់ខ្លួនឯង ដែលធ្វើអោយទីបំផុតនាងក៏អាចយកឈ្នះបេះដូងមនុស្សជាច្រើនមកឈរខាងរបស់នាងវិញ។ ជាក់ស្តែងគឺនាងទទួលបានលទ្ធផលជាទីគាប់ចិត្តត្រលប់មកមាតុភូមិវិញ គឺជាជ័យលាភីលំដាប់រងទី៥ នៃកម្មវិធី Miss Grand International 2022 ដែលជាប់ដោយគុណសម្បត្តិ និងសមត្ថភាពរបស់ខ្លួនឯងពិតៗមកដល់ Top 10។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្រ្តមួយសំរាប់ប្រជាជនខ្មែរ ដែល Miss Grand តំណាងអោយប្រទេសរបស់ខ្លួនជាប់ដោយស្វ័យប្រវត្តិចេញពីសមត្ថភាព មិនគិតទៅលើការបោះឆ្នោត។