អគ្គនាយកដ្ឋានអ៊ីនធឺណិតជាតិរបស់អ៊ីស្រាអែលបាននិយាយថា ពួកគេរកឃើញការវាយប្រហារក្លែងបន្លំថ្មីមួយពីអ៊ីរ៉ង់ ដែលជាការរចនាក្នុងការលួច រឺលុបទិន្នន័យ។ បន្ទុះត្រូវបានលឺឡើងនៅលើទីក្រុងនៃរីសតសមុទ្រក្រហមរបស់អេហ្ស៊ីប Dahab កាលពីថ្ងៃទី២៦ ខែធ្នូកន្លងទៅនេះ។ ខណៈរដ្ឋមន្រ្តីសង្គ្រាមរបស់អ៊ីស្រាអែលបានប៉ាន់ប្រមាណឡើងថា ឳកាសក្នុងការធ្វើឡើងកិច្ចព្រមព្រៀងចំណាប់ខ្មាំងមានកំរិតទាប បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែធ្នូ។
-
អ៊ីស្រាអែលព្រមានពីការវាយប្រហារ phishing របស់អ៊ីរ៉ង់
យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី២៦ ខែធ្នូបានអោយដឹងថា អគ្គនាយកដ្ឋានអ៊ីនធឺណិតជាតិរបស់អ៊ីស្រាអែលបាននិយាយថា ពួកគេរកឃើញការវាយប្រហារក្លែងបន្លំថ្មីមួយពីអ៊ីរ៉ង់ ដែលជាការរចនាក្នុងការលួច រឺលុបទិន្នន័យ។
នៅក្នុងសេចក្តីប្រកាសការព្រមាន អគ្គនាយកដ្ឋាននិយាយថា ការវាយប្រហារក្លែងបន្លំនេះត្រូវបានធ្វើឡើងដោយក្នុងរូបភាពជាការផ្ញើអ៊ីម៊ែលមួយ ដែលស្រដៀងទៅនឹងព័ត៌មានអំពីការ Update ប្រព័ន្ធសុវត្ថិភាពអ្វីម្យ៉ាងផ្ញើមកពីក្រុមហ៊ុន Cybersecurity F5។
អ៊ីម៊ែលនេះនឹងមានតំណភ្ជាប់ ដែលរចនាឡើងដើម្បីដូចជាការដោនឡូត Software Update ហើយខណៈដែលយើងបានដោនឡូតហើយនោះ វានឹងដំឡើងមេរោគនៅក្នុងកំព្យូទ័ររបស់យើង។
-
ដ្រូនធ្លាក់ក្នុងទីក្រុងរីសតសមុទ្រក្រហមរបស់អេហ្ស៊ីប
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៦ ខែធ្នូបានអោយដឹងថា បន្ទុះត្រូវបានលឺឡើងនៅលើទីក្រុងនៃរីសតសមុទ្រក្រហមរបស់អេហ្ស៊ីប Dahab កាលពីថ្ងៃទី២៦ ខែធ្នូកន្លងទៅនេះ។
សារព័ត៌មាន Reuters បានរាយការណ៍ថា ដ្រូនមួយបានធ្លាក់នៅក្នុងទីក្រុង Dahab លើឆ្នេរភាគអាគ្នេយ៍នៃឧបទ្វីបស៊ីណៃ។
សារព័ត៌មាន Reuters បានដកស្រង់ប្រភពសន្តិសុខពីរដើម្បីបញ្ជាក់ពីការវាយប្រហារដោយដ្រូននេះជាលើកទី២នៅក្នុងទីក្រុង Dahab សម្រាប់ខែនេះ ថ្វីបើប្រភពបាញ់ចេញនៃដ្រូននៅតែមិនទាន់បានដឹងច្បាស់នៅឡើយ។
កាលពីថ្ងៃទី១៦ ខែធ្នូ កងកម្លាំងអាកាសរបស់អេហ្ស៊ីបបានបាញ់ទំលាក់ដ្រូនរបស់ក្រុមឧទ្ទាម Houthi នៅក្នុងតំបន់នេះ ខណៈដែលការវាយប្រហារលើកប៉ាល់កាន់តែកើនឡើងនៅសមុទ្រក្រហម។
ប្រតិបត្តិការពាណិជ្ជកម្មតាមសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានទទួលសេចក្តីរាយការណ៍មួយទៀតពីហេតុការណ៍នៅលើសមុទ្រក្រហម។
របាយការណ៍ចុងក្រោយគឺទាក់ទងនឹងបន្ទុះ និងមីស៊ីលនៅជិតនាវាមួយគ្រឿង ប្រហែលស្ថិតនៅចំងាយ 110km ពីកំពង់ផែ Hodeidah របស់យេម៉ែន។
-
Netanyahu ហាមឃាត់កិច្ចប្រជុំរវាងរដ្ឋមន្រ្តីការពារជាតិ និងប្រធាន MOSSAD
យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី២៦ ខែធ្នូបានអោយដឹងថា ប៉ុស្តិ៍សារព័ត៌មាន Kan 11 របស់អ៊ីស្រាអែលបានលើកឡើងថា គណៈរដ្ឋមន្រ្តីសង្គ្រាមរបស់អ៊ីស្រាអែលបានប៉ាន់ប្រមាណឡើងថា ឳកាសក្នុងការធ្វើឡើងកិច្ចព្រមព្រៀងចំណាប់ខ្មាំងមានកំរិតទាប បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែធ្នូ។
ប៉ុស្តិ៍សារព័ត៌មាននេះបាននិយាយថា គណៈរដ្ឋមន្រ្តីអ៊ីស្រាអែលកំពុងមិនប្រាកដចិត្តថា តើក្រុមសកម្មប្រយុទ្ធហាម៉ាសនឹងចង់បានកិច្ចព្រៀមព្រៀងមួយ ហើយទាមទារតំរូវការលើសពីការរំពឹងទុកដែររឺអត់ រឺមួយក៏ពួកគេពិតជាចង់ស្វែងរកកិច្ចព្រមព្រៀងយ៉ាងពិតប្រាកដ។
នេះក៏ដោយសារតែនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Netanyahu ក៏កំពុងតែជួបការរិះគន់យ៉ាងខ្លាំងក្លាពីក្រុមគ្រួសារចំណាប់ខ្មាំង ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលពួកគេយល់ឃើញថារដ្ឋាភិបាលមិនបានព្យាយាមអោយអស់ពីសមត្ថភាពក្នុងការរំដោះពួកគេឡើយ។
ខណៈនេះដែរ លោកនាយករដ្ឋមន្រ្តី Netanyahu ក៏ត្រូវបានរាយការណ៍ថាបានហាមឃាត់រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Yoav Gallent ពីការធ្វើកិច្ចប្រជុំមួយទល់មួយជាមួយនឹងប្រធានចារកម្ម Mossad លោក David Barnea។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានអោយដឹងថា មានយ៉ាងហោចណាស់ករណីពីរលើក ដែលលោក Gallent បានអញ្ជើញលោក Barnea ទៅក្នុងកិច្ចប្រជុំដោយមិនមានលោក Netanyahu និងត្រូវបានជូនដំណឹងពីការមិនយល់ព្រមអនុញ្ញាតពីលោកប្រធានាធិបតី។