ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ប្រមាណ២លានដូស ជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្តការ COVAX នឹងដឹកមកដល់កម្ពុជា នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានឱ្យដឹងថាវ៉ាក់សាំងកូវីដ-១៩ Pfizer ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅថ្ងៃអង្គារស្អែកនេះ គឺជាផ្នែកមួយ នៃការជួយគាំទ្រជាបន្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា ហើយវាបង្ហាញឲ្យឃើញភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការទូតលើវិស័យសុខភាពសាធារណៈ។
ស្ថានទូតអាមេរិក ប្រកាសថា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងអង្គការ UNICEF និងអង្គការសុខភាពពិភពលោក នឹងមានវត្តមាន នៅក្នុងពិធីទទួលថ្នាំវ៉ាក់សាំងទាំងនេះ ខណៈពិធីប្រគល់ និងទទួល នឹងចាប់ផ្តើមនៅម៉ោង ៧:៣០ នាទីព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។
សូមរំលឹកថា កាលពីឆ្នាំ២០២១ សហរដ្ឋអាមេរិក បានផ្តល់ជំនួយនូវវ៉ាក់សាំងជំងឺកូវីដ-១៩ ដល់កម្ពុជា តាមរយៈយន្តការ COVAX ចំនួនជាង ១លានដូស ដោយក្នុងនោះ ចំនួន ៤៥០,៥០០ ដូស បានដឹកមកដល់កាលពីថ្ងៃទី៣០ ខែកក្កដា ហើយចំនួន ៦០៩,៦០០ដូសទៀត បានដឹកមកដល់នៅថ្ងៃទី២ ខែសីហា៕