តារាសម្ដែងស្រី Park So Dam ដែលទទួលបានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ដោយសារតួអង្គរបស់នាងក្នុងរឿង "Parasite" ដែលឈ្នះពានរង្វាន់អូស្ការនោះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។
ភ្នាក់ងាររបស់នាង ArtistCompany បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ CNN កាលពីថ្ងៃចន្ទថា Park ដែលមានអាយុ 30 ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញក្នុងអំឡុងពេលពិនិត្យសុខភាពជាទៀងទាត់ និងបានទទួលការវះកាត់រួចរាល់ហើយដែរ។
មហារីកក្រពេញទីរ៉ូអ៊ីត គឺជាប្រភេទមហារីកទីរ៉ូអ៊ីតទូទៅបំផុត នេះបើយោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS)។
NHS បាននិយាយថា ជាធម្មតាវាប៉ះពាល់ដល់មនុស្សដែលមានអាយុក្រោម 40 ឆ្នាំ ជាពិសេសស្ត្រី ហើយទំនងជាងាយនឹងព្យាបាលជាងប្រភេទដទៃទៀតនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។
NHS បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា "ប្រហែល 9 នាក់ក្នុងចំណោម 10 នាក់ មានជីវិតនៅរស់ 5 ឆ្នាំ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត"។ "ហើយភាគច្រើនដែលត្រូវបានទទួលការព្យាបាលហើយ នឹងមានអាយុកាលជាធម្មតាវិញ"។
ជំងឺរបស់ Park បានរំខានដល់ផែនការផ្សព្វផ្សាយរឿងបន្ទាប់របស់នាង "Special Delivery" ដែលធ្វើអោយនាង "ខកចិត្តយ៉ាងខ្លាំង" នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ ArtistCompany ។
ទីភ្នាក់ងារនេះបាននិយាយថា "ក្រុមហ៊ុនសូមថ្លែងអំណរគុណម្តងទៀតចំពោះអ្នកគាំទ្រទាំងអស់ដែលបង្ហាញពីការគាំទ្រសម្រាប់ 'Special Delivery' និងតារាសម្តែង Park So Dam ក៏ដូចជាតារាសម្តែង និងក្រុមការងារនៃ 'Special Delivery' ដែលបានយកឈ្នះលើពេលវេលាដ៏លំបាកនេះជាមួយគ្នា"។ "តារាសម្តែង Park So Dam នឹងផ្តោតលើការសំរាកព្យាបាលរបស់នាង ដើម្បីអោយនាងអាចមើលឃើញថា អ្នកទាំងអស់គ្នាមានសុខភាពល្អនាពេលអនាគត ហើយក្រុមហ៊ុន ArtistCompany ក៏នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយតារាសម្តែងឱ្យជាសះស្បើយឡើងវិញ"៕
អត្ថបទដកស្រង់ពី Jack Guy and Yoonjung Seo
បកប្រែនិងកែសម្រួលដោយ Mr. Blue