នៅសប្តាហ៍នេះ អ្នករចនា និងម៉ាកល្បីៗរួមមាន Louis Vuitton, Issey Miyake និង Uniforme បានបង្ហាញម៉ូដសម្លៀកបំពាក់បុរសរដូវស្លឹកឈើជ្រុះ/រដូវរងារបស់ពួកគេនៅឯ Paris Fashion Week។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Louis Vuitton បានឧទ្ទិសកម្មវិធីបង្ហាញម៉ូតនេះ ដល់សមិទ្ធិផលចុងក្រោយរបស់ Virgil Abloh។ Abloh ដែលជានាយកគ្រប់គ្រងសិល្បៈសម្រាប់ម៉ូដសម្លៀកបំពាក់ល្បីៗរបស់បារាំង ក៏ដូចជាស្ថាបនិកស្លាកយីហោសម្លៀកបំពាក់ Off-White, បានទទួលមរណភាព ដោយសារជំងឺមហារីកកាលពីខែវិច្ឆិកា ក្នុងអាយុ 41 ឆ្នាំ។
ការបង្ហាញសម្លៀកបំពាក់បុរសចុងក្រោយរបស់គាត់ ត្រូវបានបង្កើតឡើងជុំវិញការបំផុតគំនិតនៃ "Dreamhouse" ដ៏ឧឡារិកជាមួយនឹងទេវតា, ការបញ្ចេញក្បាច់រាំរបស់ម៉ូដែល, និងការមិនរើសអើងចំពោះភេទនៅក្នុងវិស័យរចនាម៉ូដ។ Abloh ត្រូវបានគេដកស្រង់ពាក្យសម្តីនៅក្នុងកំណត់ត្រាកម្មវិធីថា "ខ្ញុំមិនជឿលើភេទនោះទេ ខ្ញុំជឿលើការរចនាម៉ូត"។
នៅមុនកម្មវិធីនោះ អ្នករចនាម៉ូត Dior លោក Kim Jones ដែល Abloh ជំនួសតំណែងនៅ Louis Vuitton ក្នុងឆ្នាំ 2018 ក៏បានចូលរួមផងដែរ។ Jones បាននិយាយថា៖ «វានឹងមានអារម្មណ៍រំជើបរំជួលណាស់»។ “[Virgil និងខ្ញុំ] បានធ្វើដំណើរជុំវិញពិភពលោកជាមួយគ្នា។ ខ្ញុំមានអារម្មណ៍ថា សំណាងណាស់ដែលបានស្គាល់គាត់”។ "គាត់បានរៀបចំផែនការគ្រប់យ៉ាង យ៉ាងល្អឥតខ្ចោះរហូតដល់នាទីចុងក្រោយ។ អ្នកត្រូវតែសរសើរគាត់, គាត់មានភាពក្លាហានក្នុងរឿងនេះខ្លាំងណាស់"។
នៅចុងបញ្ចប់កម្មវិធី នៅពេលដែលអ្នករចនាម៉ូដនឹងចេញមកអោនគោរពតាមប្រពៃណី ក្រុមរបស់គាត់បានចេញមកជំនួសវិញ ដោយទទួលបានការឈរទះដៃ និងអបអរសាទរជាខ្លាំងពីអ្នកចូលរួមកម្មវិធី។ Abloh បានក្លាយជាអ្នកដឹកនាំការច្នៃប្រឌិតរបស់ Kanye West មុនពេលបង្កើតប្រវត្តិសាស្ត្រជាជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកដំបូងគេ ដែលដឹកនាំ Louis Vuitton ដោយលាយបញ្ចូលគ្នាដោយសំលៀកបំពាក់ប្រណិតជាមួយសម្លៀកបំពាក់ធម្មតា។
បន្ទាប់ពីមរណភាពរបស់គាត់កាលពីឆ្នាំមុន ក្រុមហ៊ុនមេរបស់ Louis Vuitton LVMH បានពណ៌នាគាត់ថាជា "មនុស្សដែលមានទេពកោសល្យដ៏អស្ចារ្យ" និង "មានចក្ខុវិស័យខ្ពស់" ។ នៅសប្តាហ៍ក្រោយ ស្បែកជើងប្រភេទ special trainers ចំនួន 200 គូ ដែលបង្កើតឡើងដោយ Abloh ដែលសហការជាមួយ Nike នឹងដាក់លក់នៅការដេញថ្លៃនៅ Sotheby's ក្នុងទីក្រុង New York ។
ប្រាក់ដែលបានរៃអង្គាស នឹងយកទៅមូលនិធិអាហារូបករណ៍របស់គាត់ ដែលជួយដល់និស្សិតជនជាតិស្បែកខ្មៅ អាហ្រ្វិកអាមេរិក និងជនជាតិដើមអាហ្រ្វិក។ ការដេញថ្លៃចាប់ផ្តើមសម្រាប់ស្បែកជើង Air Force One នឹងមានតម្លៃ $2,000 (£1,465)។
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue