សមាគមទីភ្នាក់ងារទេសចរណ៏កម្ពុជា បានសម្តែងការបារម្ភពីការជួបវិបត្តិម្ដងទៀត ដោយសារតែការីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ឬ Omicron ហើយកន្លងមកនេះ សមាជិកសមាគម បានលើកពេលផែនការសកម្មភាពមួយចំនួនផងដែរ ក្នុងនោះមានកញ្ចប់ទស្សនកិច្ចសិក្សាទៅកាន់តំបន់ភ្នំ តំបន់ឆ្នេរ ជាដើម នេះបើតាមការឲ្យដឹងពីលោកស្រី ឆាយ សៀវលីន។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៏កម្ពុជាបានមានប្រសាសន៏ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ឬ Omicron នេះ ធ្វើអោយសមាគមព្រួយបារម្ភខ្លាំង។ លោកស្រីថា កន្លងមកសមាគម ក៏បានលុបចោលនូវផែនការសកម្មភាពមួយចំនួនផងដែរ ដូចជាទស្សនកិច្ចសិក្សាទៅកាន់តំបន់ភ្នំ តំបន់ឆ្នេរ ជាដើម ដោយសម្រេចចិត្តលើកពេលសិន។
លោកស្រីអះអាងថា ការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រភេទ Omicron នេះ ពិតជាបានធ្វើឲ្យរំខានដល់ផែនការសកម្មភាពរបស់សមាគម។ បើតាមលោកស្រី ថ្មីៗនេះមានការលើកឡើងពីសមាជិករបស់សមាគម ដោយពួកគាត់បារម្ភខ្លាចមានការលុបចោលនូវការកក់របស់ភ្ញៀវ ពីព្រោះចាប់តាំងពីប្រទេសយើងបើកទ្វារទទួលទេសចរឡើងវិញ យើងទទួលបានការចាប់អារម្មណ៍ ហើយទទួលបានការកក់ជាហូរហែនូវកញ្ចប់ទស្សនកិច្ច។
បើតាមលោកស្រី ឆាយ សៀវលីន ការរីករាលដាលនៃជំងឺប្រភេទថ្មីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃការបើកទទួលទេសចររបស់កម្ពុជា ហើយនៅពេលដែលមានការលុបការកក់នោះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ ដូច្នេះអាចនឹងជួបវិបត្តិម្ដងទៀត។
ជាមួយគ្នា នឹងការលើកឡើងខាងលើនេះ លោកស្រីបានអំពាវនាវដល់រាជរដ្ឋាភិបាល ឲ្យរឹតបន្តឹងដល់ការជួបជុំខ្នាតធំឡើងវិញ ពីព្រោះការផ្ទុះចេញ នៃការរីករាលដាលនេះ ភាគច្រើន គឺផ្ដើមឡើងពីការជួបជុំខ្នាតធំ ដែលមានមនុស្សរាប់ពាន់នាក់ចូលរួម ហើយនៅពេលមានកម្មវិធីធ្វើឲ្យពួកគាត់ភ្លេចខ្លួនមិនបានអនុវត្តវិធានការរបស់សុខាភិបាល ដែលមាន៣កុំ ៣ការពារជាដើម។ លោកស្រីថា បើទោះបីជាការរីករាលដាល នៃប្រភេទមេរោគកន្លែងថ្មីនេះ មិនបណ្ដាលឲ្យមនុស្សបាត់បង់អាយុជីវិតក៏ពិតមែន ប៉ុន្តែវាបានរំខានទៅដល់ការបើកទ្វាប្រទេសឡើងវិញសម្រាប់ទទួលភ្ញៀវទេសចរ៕