ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) កំពុងតែកើនឡើងជាពីមួយថ្ងៃទៅមួយថ្ងៃ ដែលបញ្ហានេះធ្វើឲ្យមានការព្រួយបារម្ភថា អាចនឹងផ្តល់ផលប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជាជាថ្មី ក៏ដូចជាក្នុងតំបន់ជាថ្មីទៀត ខណៈដែលវិស័យនេះកំពុងតែមាននិន្នាការកើនឡើង ក្រោយពីរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) អាចបង្កផលប៉ះពាល់ដល់ជាថ្មីដល់វិស័យទេសចរណ៍ ព្រោះការចេញដើររបស់ភ្ញៀវទេសចរជាចម្បង គឺពឹងផ្អែកលើកត្តាសុវត្ថិភាព ដូច្នេះបើប្រទេសដែលជាគោលដៅទេសចរណ៍មិនមានសុវត្ថិភាព នោះវានឹងធ្វើឱ្យភ្ញៀវទេសចរមានភាពរារែកក្នុងការមកកម្សាន្ត។ ទោះជាយ៉ាងណា លោកស្រីអះអាងថា នៅកម្ពុជាក្រោយពីអូមីក្រុងកាន់តែច្រើនឡើង តែស្ថានភាពវិស័យទេសចរណ៍កម្ពុជា នៅតែមានភ្ញៀវទេសចរបរទេសចេញចូល និងកក់សំបុត្រទេសចរណ៍ដដែល ដូចជាមិនទាន់មានសភាពប្រែប្រួលអីនៅឡើយទេ។
លោកស្រី ឆាយ ស៊ីវលីន លើកឡើងដែរថា បច្ចុប្បន្នកម្ពុជាកំពុងតែបើកទទួលទេសចរចាក់វ៉ាក់សាំងពីគ្រប់បណ្តាប្រទេស ប៉ុន្តែបើប្រទេសផ្សេងៗទៀតនៅតែបន្តការរឹតត្បិតលើការចេញ-ចូលរបស់ភ្ញៀវទេសចរ ក៏ជាហេតុធ្វើឱ្យភ្ញៀវទេសចររារែកចិត្តក្នុងការដើរកម្សាន្ត និងធ្វើឱ្យការចេញ-ចូលរបស់ទេសចរ ពីប្រទេសមួយទៅប្រទេសមួយ រួមទាំងកម្ពុជាអាចជួបបញ្ហា។ លោកស្រីអះអាងថា ការឆ្លងកូវីដប្រភេទថ្មីក្នុងសហគមន៍កម្ពុជា ពិតជាបានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ពីព្រោះបើមិនមានវត្ដមានមេរោគនេះនៅកម្ពុជាទេ នោះការបើកទ្វារទទួលភ្ញៀវទេសចរបរទេសរបស់កម្ពុជា នឹងទទួលបានច្រើន។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ កុម្ភៈ នេះ នៅទូទាំងប្រទេស មានករណីឆ្លងអូមីក្រុងក្នុងសហគមន៍នៅប្រទេសកម្ពុជា កើនឡើងដល់ជិត៦,០០០នាក់ហើយ ហើយនៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន៤៨៨នាក់ទៀត ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងជាសះស្បើយចំនួន៣០៥នាក់ និងស្លាប់៣ នាក់៕ (មានជ័យ)