វិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានការកោតសសើរយ៉ាងខ្លាំងពីសំណាក់សាធារណមតិជាតិ និងអន្តរជាតិ ហើយបានឈានដល់ការបើកប្រទេស បើកទេសចរឡើងវិញ ក្នុងនោះក៏ធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសងើបឡើងវិញជាបណ្តើៗផងដែរ។ ទន្ទឹមនឹងវត្តមានរបស់កូវីដ១៩បំប្លែងថ្មី ឬ OMICRON នៅប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ចង់មិនចង់អាចជារបាំងរារាំងខ្លះដល់ដំណើរទេសចររបស់ភ្ញៀវបរទេសមកកាន់កម្ពុជាផងដែរ នេះបើតាមការលើកឡើងរបស់សមាគមទេសចរណ៍។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថាវត្តមានជំងឺកូវីដ១៩ ប្រភេទថ្មី អូមីក្រុង បានកើតឡើងស្របពេលដែលកម្ពុជាកំពុងប្រកាសបើកប្រទេស ដើម្បីទទួលទេសចរឡើងវិញ ដូច្នេះវិបត្តិនេះ ក៏នឹងរារាំងដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាផងដែរ។ លោកស្រីថា “ភ្ញៀវអាចនឹងផ្អាក ឬពន្យារពេលសិនចំពោះផែនការធ្វើដំណើរទេសចរណ៍ចូលមកកម្ពុជា”។
តែទោះជាយ៉ាងណា លោកស្រីអះអាងថា មកដល់ពេលនេះ សមាគមទេសចរណ៍នៅតែទទួលបានការកក់ និងលំហូរចូលជារៀងរាល់ថ្ងៃ តាមរយៈការដឹកជញ្ជូន ហើយរាល់ថ្ងៃយើងឃើញថា នៅតែកើនឡើង ទោះបីជាមិនច្រើនតែនៅទទួលបាន។ ដោយឡែកការដឹកជញ្ជូនតាមអាកាស លោកស្រី ឆាយ ស៊ីវលីន បានមើលឃើញថា នៅមានកម្រិតនៅឡើយ គឺមិនទាន់មានជើងហោះហើរពេញទំហឹងដូចមុននោះទេ។
ទាក់ទងដល់ការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ លោកស្រី ឆាយ ស៊ីវលីន អះអាងថា វេទិកានេះ អាចធ្វើឲ្យកម្ពុជាមានឱកាសនៅក្នុងការបង្ហាញនូវផលិតផលទេសចរណ៍ ហើយក៏បានផ្ដល់ឲ្យមានកិច្ចសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំអាស៊ានផងដែរ ជាពិសេសកិច្ចសន្ទនារវាងរដ្ឋ និងរដ្ឋ ឯកជននិងឯកជន ក្រោយពីខកខានរយៈពេលប្រមាណ២ឆ្នាំមក ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
បើតាមលោកស្រី ឆាយ ស៊ីវលីន វេទិកាទេសចរណ៍អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះវេទិកានេះ បានចូលរួមផ្សព្វផ្សាយពីទេសចរណ៍របស់កម្ពុជា។ តាមរយៈវេទិកានេះ លោកស្រីអះអាងថា នឹងធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិបានមើលឃើញថា កម្ពុជាគ្រប់គ្រងការរីករាលដាលជំងឺ covid-19 បានល្អ ហើយបើទោះបីជាភ្ញៀវទេចរកើនឡើងមិនលឿនក្តី ប៉ុន្តែវាបានកើនឡើងជាលំដាប់ តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាការធ្វើបច្ចុប្បន្នភាព។
គួររំលឹកថា វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ” ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ នៅក្នុងវេទិកានោះ ប្រទេសសមាជិកអាស៊ាន បានឯកភាពលើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ ខណៈកម្ពុជាបានប្រកាសបើកប្រទេសទាំងស្រុង និងខិតខំផ្សព្វផ្សាយប្រទេសរបស់ខ្លួនជាគោលដៅទេសចរណ៍សុវត្ថិភាព។
ដោយឡែកអាជីវករលើវិស័យទេសចរណ៍ ផ្នែកសណ្ឋាគារ អ្នកផ្តល់សេវាកម្មរៀបចំដំណើរកម្សាន្ត និងការដឹកជញ្ជូនអ្នកទេសចរជាដើម បានចូលតាំងបង្ហាញនូវសេវាកម្មរបស់ខ្លួនផងដែរ ហើយក្រុមអ្នករកស៊ីលើវិស័យទេសចរណ៍ ដែលបានចូលរួមក្នុងពិធីតាំងពិព័រណ៍អាស៊ាន បានស្វាគមន៍ចំពោះការរៀបចំពិព័រណ៍នេះ ហើយមានក្តីរំពឹងថា តាមរយៈពិព័រណ៍នេះ នឹងរួមចំណែកឱ្យវិស័យទេសចរណ៍នៅកម្ពុជា ដែលបានជួបការលំបាកដោយសារជំងឺកូវីដ១៩ រយៈពេលពីរឆ្នាំមកហើយនោះមានភាពល្អប្រសើរឡើងវិញ។
ចំណែកលោកស្រី ឆាយ ស៊ីវលីន ក៏បាននាំសមាជិក សមាគមរបស់ខ្លួនប្រមាណ៣០ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ទេសចរណ៍អាស៊ាននេះផងដែរ ហើយក្រុមហ៊ុនដែលបានចូលរួមនោះ មានដូចជា អ្នកបដិសណ្ឋារកិច្ច អ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវ សេវាកម្មដឹកនាំភ្ញៀវ ជាទីភ្នាក់ងារទេសចរណ៍ និងជាអ្នកច្នៃកញ្ចប់សេវាទេសចរណ៍ជាដើម៕ (មានជ័យ)