កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅនេះ អ្នកនាង Olica និងលោក Glomyy Vincent ម្ចាស់បទចម្រៀង«មនុស្សពិសេស» ទទួលបានចំណាប់អារម្មណ៍ដ៏លើសលប់នៅមួយរយៈចុងក្រោយនេះ បានបង្ហាញវត្តមានផ្តល់បទសម្ភាសន៍ហើយនៅលើកម្មវិធី 3 Fun Cambodia Show ដោយផ្ទាល់ជាមួយនឹងពិធីករពូកែថ្វីវោហារស័ព្ទទាំងបីរូបរួមមានលោកអៀងវិច្ឆ័យ អ្នកនាងគង់ចាន់ស្រីមុំ និងអ្នកនាងផេនខេក។
នៅក្នុង Episode ទី១៨នោះផងដែរ អ្នកទាំងពីរបានធ្វើការបើក Intro គួរអោយកត់សម្គាល់ដោយការបង្ហាញខ្លួនជាមួយនឹងការច្រៀង Live Band តែម្តងដោយមានលោក Glomyy Vincent លេងហ្គីតាបណ្តើរច្រៀងនូវបទ«សណ្តាន»របស់អ្នកនាង Olica ចំណែកវេនអ្នកនាង Olica វិញច្រៀងនូវបទ«ស្ទាក់ស្ទើរ» របស់លោក Glomyy Vincent អមនឹងសំលេងហ្គីតារបស់លោក និងបន្ទាប់មកពួកគេទាំងពីរនាក់ក៏បកស្រាយនូវបទ«មនុស្សពិសេស»រួមគ្នាយ៉ាងលន្លង់លន្លោចនៅលើឆាកនៃកម្មវិធី។ សង្កេតឃើញថាបទចម្រៀង«ស្ទាក់ស្ទើរ» បកស្រាយដោយអ្នកនាង Olica នេះ ក៏បានអង្រួនចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន ធ្វើអោយផ្ទុះព័ត៌មានអំពីអ្នកនាង Olica ក៏ដូចជាពួកគេទាំងពីរសាជាថ្មី ដោយមានការចែករំលែកបន្តគ្នាជាច្រើននៅលើហ្វេសប៊ុក និងលើ Tik Tok។
យ៉ាងណាមិញផងដែរ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ អ្នកនាង Olica ក៏បានសម្តែងការអរគុណចំពោះកម្មវិធី 3 Fun Show ដែលបានអញ្ជើញពួកគេទាំងពីរចូលរួមលេងកំសាន្ត និងថ្មីៗនេះផងដែរ អ្នកនាងក៏បានចែករំលែកសកម្មភាពចូលរួមស្ម័គ្រចិត្តធ្វើពិធីការកម្មវិធីកីឡា SEA GAMES ក្នុងន័យបំរើប្រទេសជាតិផងដែរ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះការ Cover បទចម្រៀងរបស់អ្នកនាង Olica នេះ?