DW-
អធិការបតី Olaf Schulz បានហៅការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែនថាជាទង្វើរសាមញ្ញរបស់ចក្រពត្តិនិយមនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York កាលពីថ្ងៃសុក្រ។ Schulz បានរិះគន់ខ្លាំងទៅលើរុស្សីក្នុងការឈ្លានពានទៅលើអ៊ុយក្រែន ដោយនិយាយបង្អាប់កិត្តិយស Putin ដែលនៅពីក្រោយសង្រ្គាមឈ្លានពានលើអ៊ុយក្រែន។ វាគ្មានការវិនិច្ឆ័យអ្វីបន្តិចបន្តួចទាល់តែសោះសំរាប់សង្រ្គាមរបស់រុស្សីក្នុងការកាន់កាប់ប្រឆាំងនឹងអ៊ុយក្រែន។ ប្រធានាធិបតី Putin ធ្វើសង្រ្គាមនេះក្នុងគោលបំណងតែមួយគត់គឺវាយយកអ៊ុយក្រែនមកកាន់កាប់។ លោកបានបន្តដោយអំពាវនាវទៅកាន់រដ្ឋជាសមាជិកមិនត្រូវនៅជាអព្យាក្រិតនៅក្នុងស្ថានភាពបែបនេះទៀតទេ។
“យើងមិនត្រូវឈរនៅស្ងៀមអោបដៃឈរមើល នៅពេលដែលមហាអំណាចនុយគ្លេអ៊ែរដ៏ធំមួយដែលកំពុងញេញធ្មេញ ដែលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ស្វែងរកការផ្លាស់ប្តូរព្រំប្រទល់តាមរយៈការប្រើអំពើហឹង្សារ” Schulz បាននិយាយនៅក្នុងការថ្លែងសុន្ទរកថារបស់លោក។ លោកអធិការបតីអាល្លឺម៉ង់បានបញ្ជាក់នៃសារៈសំខាន់នៃការទ្រទង់របៀបរៀបរយពិភពលោកដោយឈទៅលើបទបញ្ញត្តិជាច្រើនដង។ ”ជំរើសផ្សេងទៀតសំរាប់ពិភពលោកដែលផ្អែកទៅលើការគ្រប់គ្រងរបស់អ្នកខ្លាំងទៅលើអ្នកខ្សោយ” Schulz បានព្រមាន "ការវិលត្រឡប់នៃចក្រពត្តិនិយមវាមិនមែនត្រឹមតែជាមហន្តរាយសំរាប់អឺរ៉ុបទេ ប៉ុន្តែវាជាមហន្តរាយសំរាប់សន្តិភាពនិងរបៀបរៀបរយនៃពិភពលោកយើងទាំងមូល" លោកបានបន្ថែម។
លោកនិយាយថា Putin បានប្រថុយប្រថានបំផ្លាញមិនមែនតែអ៊ុយក្រែនទេ ប៉ុន្តែបំផ្លាញប្រទេសខ្លួនឯងទៀតផង។ Scholz បានបន្តនិយាយទៀតថា ពិភពលោកមួយដែលមានពហុប៉ូលវាជាការប្រឆាំងទៅនឹងចក្រពត្តិនិយមនិងអាណានិគមនិយមបែបថ្មី "ប៉ុន្តែគោលការណ៍របស់វាត្រូវការឲ្យមានការទ្រទ្រង់និងគាំទ្រពីរដ្ឋជាសមាជិកនៃ អ.ស.ប.។ ហេតុដូច្នេះហើយបានជាវាមានសារៈសំខាន់ណាស់ ដែលនៅទីនេះមាន១៤១ប្រទេសបានថ្កោលទោសក្នុងការកាន់កាប់សង្រ្គាមរបស់រុស្សី" លោកបន្ថែម។ ជាងនេះទៅទៀតលោកបាន វាយប្រហារទៅលើគំនិតរបស់រុស្សីក្នុងការធ្វើប្រជាមតិក្នុងផ្នែកខ្លះនៃអ៊ុយក្រែន។
"Putin នឹងបញ្ឈប់សង្រ្គាមនិងមហិច្ឆិតារនៃចក្រពត្តិនិយមរបស់ខ្លួន លុះត្រាណាតែគាត់ដឹងខ្លួនថាគាត់មិនអាចឈ្នះបាន។ ហេតុដូច្នេះហើយ បានជាយើងនឹងមិនទទួលយកនូវសន្តិភាពដែលបង្គាប់បញ្ជាដោយរុស្សី។ ហេតុដូច្នេះហើយបានជាយើងនឹងមិនទទួលយកការធ្វើប្រជាមតិដែលក្លែងក្លាយ។ និងហេតុដូច្នេះហើយដែលអ៊ុយក្រែនត្រូវតែមានសមត្ថភាពដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្សី"លោកបន្ថែម។ លោកអធិការបតីអាល្លឺមង់បានអំពាវនាវឲ្យមានឲ្យមានការកែទម្រង់នៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ដោយស្នើរសុំឲ្យអាល្លឺម៉ង់ក្លាយទៅជាសមាជិកអចិន្ត្រៃយ៍និងទទួលខុសត្រូវបន្ថែមទៀតនៅក្នុងស្ថាប័ន្រនេះ។