ពិតជានឹកអាល័យលោកខ្មែរមួយជីវិតខ្លាំងមែនទែន! ព្រោះថានៅពេលនេះ បន្ទាប់ពីលោកបានបំពេញចប់សព្វគ្រប់នូវបេសកកម្មស្វែងរកម្ចាស់ពាននៃកម្មវិធី The Rapper Cambodia រដូវកាលទី១រួចមក លោកក៏ត្រូវដល់ពេលវេលាត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញហើយ!
គួររំលឹកថាកាលពីយប់ថ្ងៃទី០៥ ខែមករាកន្លងទៅនេះ លោកខ្មែរមួយជីវិតត្រឹមតែបានធ្វើការបង្ហោះសារឡើងសាមញ្ញៗលើហ្វេសប៊ុកផេករបស់លោកថា«តោះស្អែកជប់លៀង Early 7មករា» ប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក តាមរយៈការចែករំលែករបស់ Bro Lin’s Reaction ដែលជាសមាជិកម្នាក់ដែលបានចូលរួម ក៏បានលាតត្រដាងឡើងថាការពិតទៅនៅក្នុងយប់ថ្ងៃទី០៦ ឈានចូលថ្ងៃទី០៧នេះ ក៏ជាកម្មវិធី Farewell មួយសម្រាប់លោកខ្មែរមួយជីវិតផងដែរ នៅក្នុងដំណើរវិលត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញរបស់លោកក្នុងពេលឆាប់ៗនេះ។
ចំណែកឯនៅក្នុងកម្មវិធីដ៏សប្បាយអ៊ឹកធឹកអ៊ឹកធមមួួយនេះវិញ តាមរយៈវិដេអូមួយនេះផងដែរ ក៏សង្កេតឃើញថាមានសុទ្ធសឹងជាភ្ញៀវរ៉េបផ័រទាំងអស់ ជាពិសេសមានលោកទេពពិសិដ្ឋ លោកMorono និងលោកNPN ដែលបាន Freestyle Rap កំដរបរិយាកាសជាមួយគ្នាដល់បណ្តារ៉េបផ័រផ្សេងទៀតជល់កែវរាំរែកយ៉ាងសប្បាយរីករាយ។ វិដេអូបានអស់កាត់មកដល់លោកវណ្ណដា និងលោកខ្មែរមួយជីវិតបានកំពុងជជែកលេងជាមួយគ្នានៅខាងក្រៅ ក៏ដូចជាមានបង្ហាញមុខ Coach និង MC The Rapper ដទៃទៀតដូចជាលោក Norith និងលោក Vin Vitou និងភរិយារបស់លោកអ្នកស្រី Mariam Brown ជាដើម។ យ៉ាងណាមិញនៅក្នុងយប់បន្ទាប់ លោកខ្មែរមួយជីវិតក៏បានធ្វើការបង្ហោះរូបឡើងរួមគ្នា និងអរគុណចំពោះបណ្តាភ្ញៀវចូលរួមទាំងអស់ផងដែរ មានតាំងពី Goofy, Yuuhai, Kwan, Vito, MFatt, B-Side, KingChi,Sean,Vanthan ជាដើម។ ចុះទស្សនិកជនមានពាក្យជូនពរយ៉ាងណាខ្លះទៅកាន់លោកខ្មែរមួយជីវិត?