កាលពីដើមខែសីហានេះ ឃើញថាតារាហ៊ីបហប់របស់យើងមួយចំនួនបានចាប់ផ្តើមធ្វើការទំលាក់បទថ្មីៗរបស់ពួកគេ។ អ្នកខ្លះបានប្តូរពីបទ Diss មកជាបទស្នេហា ហើយអ្នកខ្លះទៀតក៏បានពន្លយបទបែប Taking Shot រីឯក៏ឃើញមានការចេញផ្សាយសារតាមរយៈបទចម្រៀងពីតារារ៉េបជំនាន់ថ្មីមួយចំនួនផងដែរ។ តើសម័យកាលនៃតន្រ្តីហ៊ីបហប់នេះបានវិវត្តន៍យ៉ាងដូចម្តេចខ្លះមកដល់ដើមខែសីហា ឆ្នាំ២០២៤នេះ?តោះអញ្ជើញទស្សនាទាំងអស់គ្នា! សង្កេតឃើញថាកាលពីថ្ងៃទី០១ ខែសីហាកន្លងទៅនេះ លោក NPN ដែលជាផ្នែកនៃក្រុម 20’Out Now បានធ្វើទំលាក់នូវបទចម្រៀងមួយដែលមានចំណងជើងថា«Stoner» ដោយគួរអោយចាប់អារម្មណ៍ផងដែរ បទនេះក៏បានធ្វើអោយបណ្តាអ្នក React មួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុកបានលើកឡើងថា នេះប្រហែលជាបទ Disstrack រឺហៅថា Taking Shot ហើយ នៅខណៈដែលចេញផ្សាយឡើងនៅក្នុងអំឡុងពេលសង្គ្រាម Disstrack ជាមួយនឹងប៉ារ៉ូលចំរៀងបញ្ឆិតបញ្ឆៀងថា«ធ្វើចំរៀងអត់កំណើតតែចង់កើតជា Rockstar»។
ខណៈចំពោះគូវិវាទសង្គ្រាម Disstrack មួយគូផងដែរ ក៏បានធ្វើការចេញផ្សាយបទចម្រៀងនៅក្នុងថ្ងៃជាមួយគ្នានេះផងដែរ ដោយលោក Long Bunn បានធ្វើការទំលាក់បទ Disstrack ចាស់របស់លោកមួយបទមានចំណងជើងថា«បារីរៀលកៃ» ខណៈដៃគូវិវាទរបស់លោក លោក The Sing វិញ បានធ្វើការប្តូរបរិយាកាសពីបទចម្រៀង Disstrack មកជាបទមនោសញ្ចេតនាវិញដែលមានចំណងជើងថា«Stone» ដែលជាការច្រៀងរួមគ្នាជាមួយលោក Rocky។ ចំណែកសមាជិករ៉េបផ័រជំនាន់ថ្មីមួយចំនួននៃក្រុមចម្រៀង Klapyahandz ក៏បានធ្វើការចេញផ្សាយបទចម្រៀងថ្មីប្រភេទ«Cypher» របស់ពួកគេ ដែលជាសារនិងពាក្យពេចន៍ខ្លះៗផ្ញើជូនទស្សនិកជនផងដែរកាលពីថ្ងៃទី០២ ខែសីហានេះ។ តើទស្សនិកជនបានស្តាប់សាររបស់ពួកគេម្នាក់ៗហើយរឺនៅ?