ធ្លាប់តែលឺបទមរតកជំនាន់ដើមចំណងជើងថា«កូនកាត់បីសាសន៍» ពីលោកតាស៊ីន ស៊ីសាមុត និងអ្នកស្រីប៉ែន រ៉ន ឥលូវនេះសូម្បីតែតារារ៉េបជំនាន់ថ្មីរបស់យើងគឺលោក NPN និងលោកទេពពិសិដ្ឋក៏បានមានបទរ៉េបថ្មីមួយរបស់លោករំលេចឡើងជាមួយនឹងចំណងជើងដូចគ្នានេះផងដែរ។
កាលពីថ្ងៃទី០៥ ខែធ្នូកន្លងទៅនេះ លោក NPN បានទំលាក់បទចំរៀងរ៉េបថ្មីមួយ មានចំណងជើងថា «កូនកាត់បីសាសន៍» នៅលើកម្មវិធីចាក់ផ្សាយចំរៀងៗនានារបស់លោក ដែលជាបទចម្រៀងរួមគ្នាបកស្រាយជាមួយនឹងលោកទេពពិសិដ្ឋ និងផលិតឡើងដោយក្រុម 20’OUTNOW របស់លោក។
គួរអោយចាប់អារម្មណ៍ផងដែរ នៅលើ Cover នៃអាល់ប៊ុមចំរៀងនោះ គឺមាន Concept បែបជាថាសចំរៀង VCD បុរាណ ដែលនាំអារម្មណ៍វិលទៅកាន់សម័យកាលមុន ហាក់ដូចជាចំរៀងស្ថិតនៅក្នុងសង្គមចាស់។ តើនេះអាចសបញ្ជាក់ជាផ្នែកមួយដែលពួកលោកបាន Inspire ពីបទមរតកជំនាន់ដើមរបស់សិល្បករជំនាន់មុនដែររឺទេ? ប៉ុន្តែតាមអ្វីដែលអេដមីនបានស្តាប់ទៅគឺមានភាពខុសប្លែកគ្នាទាំងស្រុង មានត្រឹមតែចំនុចរួមគ្នាដែលលើកនិយាយពីមនុស្សស្រីកូនកាត់បីសាសន៍ប៉ុណ្ណោះ។
យ៉ាងណាមិញផងដែរ សង្កេតឃើញថានៅមួយរយៈចុងក្រោយនេះ លោក NPN បានចេញផ្សាយបទចំរៀងថ្មីៗជាច្រើនដូចជាបទ«YSL» បទ«គូស្នេហ៍» និងបទ«លោកកិយ» ជាដើម។ ប៉ុន្តែទាក់ទងនឹងបទចម្រៀងចុងក្រោយនេះ ក៏ឃើញមានមហាជនគាំទ្រ និងលាន់មាត់សរសើរជាច្រើនដូចសព្វមួយដង គ្រាន់តែមានការលើកឡើងមានមន្ទិលខ្លះៗ ដោយថាបទចំរៀង«កូនកាត់បីសាសន៍»នេះមានភាពស្រដៀងគ្នាទៅនឹងបទ«Disco Bar» របស់លោកជីដេវីត។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែររវាងបទចម្រៀងទាំងពីរបទនេះ?