សិល្បករខ្មែរជំនាន់ថ្មីជាច្រើនមានការចាប់អារម្មណ៍ជាពិសេសលើសិល្បៈហ៊ីបហប់ និងការរ៉េបស្របពេលដែលវិស័យតន្រ្តីមួយនេះកំពុងមានការលូតលាស់យ៉ាងគួរអោយកត់សម្គាល់។ នាពេលថ្មីៗនេះក៏មានរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយផងដែរដោយ Cambodian Young Artists 3 រូបនេះរួមមានលោក Raksa, Vikit, និងYoung Spider បានបង្កើតបទចម្រៀងមួយបទដែលមានចំណងជើងថា«No Problem» រឺហៅម្យ៉ាងទៀតថា«អូនបែកលេងរឺក៏បងបែកង៉ាង»ធ្វើអោយនាំមុខសិល្បករដ៏មានប្រជាប្រិយភាពនៅកម្ពុជាគឺលោកជីដេវីតផងដែរ។ បទចម្រៀង Duet នៅកម្ពុជាឃើញថាចាប់ផ្តើមមានការពេញនិយមមួយរយៈចុងក្រោយនេះដោយមានដូចជាបទ«ស្ទាវខេត្ត»របស់លោក Tena, Glomyyy Vincent និងVan Chesda បទ«Empty»របស់លោក M-Fatt និង Tendo បទ«មនុស្សស្រីដំបូង»របស់លោក Meezy24K និង ALL3RGYជាដើម។
កាលពីថ្ងៃទី៣០ ខែធ្នូកន្លងទៅនេះ នៅមុនថ្ងៃ Countdown បទចម្រៀង Duet មួយបទទៀតដែលមានចំណងជើងថា «No Problem» របស់លោកRaksa រួមជាមួយនឹងលោក Vikit និង Young Spider ត្រូវបានទំលាក់នៅក្នុងថ្ងៃជាមួយគ្នានឹងបទ«បងប្រាប់ថាកុំៗៗៗ»របស់លោកជីដេវីតផងដែរ និងបានឈរជើងនៅក្នុងលំដាប់ Trending Top 1 នៅលើយូធូបនៃប្រទេសកម្ពុជាអស់រយៈពេលជាង១សប្តាហ៍មកហើយ ដែលបានផ្តួលរំលំបទរបស់លោកជីដេវីតអោយឈរនៅលំដាប់ទី២វិញ។ មកទល់ពេលនេះបទចម្រៀងមួយនេះទទួលបានចំនួនអ្នកចូលទស្សនារហូតដល់ជាង១លានកន្លះទៅហើយនៅលើ Youtube។ អ្វីដែលធ្វើអោយបទចម្រៀងមួយនេះលេចធ្លោខ្លាំងបំផុតនោះ?
អាចនិយាយបានថាទំនុកច្រៀងគឺជាគន្លឹះសំខាន់មួយដែលធ្វើអោយបទចម្រៀងនេះអាចធ្វើអោយអ្នកស្តាប់ថ្ពក់អារម្មណ៍ចងចាំបានល្អ ជាក់ស្តែងវាក៏បានក្លាយជា Trend មួយនៅលើ Facebook ផងដែរដោយអ្នកលេងនៅបណ្តាញសង្គមចាប់ផ្តើមពេញនិយមប្រើប្រាស់នូវឃ្លានៅក្នុងបទចម្រៀងថា«អូនបែកលេង រឺក៏បងបែបង៉ាង» បើប្រៀបធៀបទៅនឹងបទមានឥទ្ធិពលរបស់លោកជីដេវីតមួយចំនួនទៀតដែលធ្វើបានល្អនៅលើ Lyrics នេះដូចជា«How about now?» និង«I’m Bored» ជាដើម។