វណ្ណដាបានប្តូរខ្លួនពីអ្នកលក់ដូងសាមញ្ញម្នាក់មកក្លាយជាតារាចំរៀងរេបល្បីល្បាញម្នាក់មានសមត្ថភាពមិនធម្មតា។លោកវណ្ណដាបានប្រាប់ថាលោកចង់បង្ហាញប្រជាជនខ្មែរ និងពិភពលោកថាតន្រ្តីកម្ពុជាសក្តិសមនឹងបង្ហាញនៅលើផែនទី។ NME បានធ្វើបទសំភាសន៍លោកវណ្ណដាដែលរូបលោកស្ថិតក្នុងអាវធំនិងវ៉ែនតាខ្មៅតាមរយៈ Zoom ដោយមានអ្នកស្រី Laura Mam CEO របស់បារមីអង្គុយក្បែរលោកនិងធ្វើការបកប្រែសំនួររបស់ NME និងចំលើយរបស់លោក។ ផលិតកម្មបារមីបានខិតខំប្រឹងប្រែងកាន់ដៃលោកវណ្ណដារហូតដល់ផលិតវាបានសំរេច ដោយជាសមិទ្ធផលរួមគ្នាមួយរបស់ក្រុមការងារជាច្រើននាក់ លោកវណ្ណដាបានប្រាប់អោយដឹងថានេះជាលើកដំបូងដែលលោកបានធ្វើការជាមួយមនុស្សជាច្រើន។ លោកធម្មតាជាមនុស្សម្នាក់ចូលចិត្តនៅតែឯង ធ្វើអ្វីតែម្នាក់ឯង ដូចជាសរសេរចំរៀង mix និង master ចំរៀង ហើយវាក៏ធ្វើអោយលោកស្គាល់ខ្លួនឯងកាន់តែច្បាស់ និងដឹងថាផ្នែកណានៃតន្រ្តីដែលលោកពេញចិត្ត។ ទន្ទឹមគ្នានេាះដែរវាក៏បានធ្វើអោយលោកក្លាយជាអ្នកសិល្បៈម្នាក់ដែលមានភាពក្លាហានមិនរុញរាខ្លាចអ្វីទាំងអស់។
លោកក៏បានបញ្ជាក់ទៀតថាអាល់ប៊ុមបទចំរៀងរបស់លោក វាលើសពីតន្រ្តីទៅទៀត ព្រេាះលោកបានបរិយាយពីបទពិសោធន៍ពិតៗ និងអារម្មណ៍ពិតៗរបស់លោក។ កាលពីមុនលោកធ្លាប់មានក្តីស្រម៉ៃមួយថានឹងរស់នៅជីវិតមួយដែលឥត ព្រួយមិនមានសំពាធអ្វីទាំងអស់ ហើយនឹងអាចរីករាយរាល់ថ្ងៃ។ លោកបានបន្តទៀតថាអាល់ប៊ុម Skull the album នេះពីដំបូងឡើយវាគ្រាន់តែជាការលេងសើចមួយថាវាដូចជាសាលាដេាះស្រាយព្យាបាលផ្លូវចិត្តតែមកទល់នឹងអាល់ប៊ុម Skull 2 នេះទៀតលោកគិតថាលោកបានប្រហែលជាសំរេចបានមួយផ្នែកនៃសកលវិទ្យាល័យផ្លូវចិត្តហើយ ព្រេាះលោកមានអារម្មណ៍ថាលោកប្រៀបដូចជាគ្រូបង្រៀនម្នាក់ចែករំលែកមនុស្សពីមេរៀនជីវិត បទពិសោធន៍ពិតៗ និងវិធីដេាះស្រាយផ្លូវចិត្តនានា។ បន្ទាប់ពីអាល់ប៊ុម Skull2 ចេញផ្សាយនេះមក លោកវណ្ណដាទទួលបានអ្នកគាំទ្រអន្តរជាតិបន្ថែមទៀតជាច្រើននាក់តាមរយៈបទ«Time To Rise» និងការសហការជាមួយតារារ៉េបថៃលោក F.HERO,1MILL និង Sprite នៅក្នុងបទ «Run the town»។ លោកវណ្ណដាបានបន្ថែមទៀតថាលោកគិតថាច្បាស់ជាមានមនុស្សកំពុងមើលផ្លូវដើររបស់លោកហើយ ហើយលោកក៏សង្ឃឹមថាការប្រឹងប្រែងរបស់លោកនឹងអាចត្រួសត្រាយផ្លូវដល់សិល្បករផ្សេងទៀតធ្វើដំណើរបានដោយស្រួលជាងលោក និងរហ័សលឿនជាងលោកនាពេលខាងមុខ។
ប្រែសម្រួលដោយ Vatey