Niall Horan បានប្រកាសចេញផ្សាយបទចម្រៀងថ្មីរបស់ខ្លួន«Heaven» នៅលើបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមករាកន្លងទៅនេះ។ លោកបានសរសេររៀបរាប់ថា«មិនមានរឿងអ្វីដែលសប្បាយរីករាយជាងនេះទៀតទេដែលអាចប្រាប់អ្នកទាំងអស់គ្នាថាបទថ្មីរបស់ខ្ញុំ “Heaven” នឹងត្រូវចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈនេះហើយ អាចធ្វើការ Pre-save និង Pre-Order បាននៅក្នុងគេហទំព័រheavenwontbethesame.com» ហើយអតីតអ្នកចម្រៀងក្រុម One Direction ម្នាក់នេះក៏បានធ្វើការបង្ហោះរួមឡើងជាមួយនឹងរូបភាពពីក្នុងអាល់ប៊ុម Artwork ដែលមានរូបលោកស្ថិតក្នុងអាវក្រៅខាប៊យចំហលេវ ខោស្រាលៗ ស្បែកជើងខ្លុបមួយគូខណៈពេលអង្គុយនៅខាងមុខឧបករណ៍តន្រ្តីស្គរ។ នៅលើគេហទំព័រនោះផងដែរដែលអាចអោយអ្នកគាំទ្រធ្វើការ Presave បទចម្រៀងបាន បានបង្ហាញនូវរូបភាពទៀនពណ៌ខៀវមួយត្រូវបានរលាយជិតអស់នៅខាងមុខបង្អួចមួយដែលមានគ្របសងខាងដោយផ្ទាំងវាំងននពណ៌ទឹកមាស។ រីឯនៅលើ Tap គេហទំព័រវិញមានសរសេរឡើងថា«NH3 Loading…»។
បទចម្រៀង«Heaven» នឹងក្លាយទៅជាបទចម្រៀងដំបូងរបស់ Niall Horan បន្ទាប់ពីបទ«Our Song» និង«Everywhere» ដែលជាបទរួមសហការជាមួយនឹង Anne-Marie។ គួរបញ្ជាក់ផងដែរអាល់ប៊ុមចុងក្រោយបង្អស់របស់លោក Heartbreak Weather មាននូវបទចម្រៀង«Nice to Meet Ya,» «Put a Little Love on Me,» «No Judgement» និង«Black and White» ដែលបានជាប់ចំណាត់ថ្នាក់លេខ៤នៅលើតារាង Billboard 200 ក្រោយការចេញផ្សាយនៅខែមីនា ឆ្នាំ២០២០។
ជាការពិតទៅ Niall Horan ក៏ធ្លាប់បាន tease បទចម្រៀង «Heaven» នេះផងដែរពីមុនមកជាមួយការបញ្ចេញតំរុយខ្លះៗនៃបទចម្រៀងដូចជាសាច់ភ្លេចតិចតួចនៅលើ Tik Tok និងការផ្ញើកាដូសំងាត់ទៅកាន់អ្នកគាំទ្រដែលមានសំណាងមួយចំនួន ដែលដូចជាទៀន និងQR codes។ នៅក្នុងដើមឆ្នាំផងដែរ រឿងរ៉ាវស្នេហាចាស់រវាងអ្នកចម្រៀង Pop ម្នាក់នេះនិង Ellie Goulding ក៏បានផ្ទុះឡើងម្តងទៀតបន្ទាប់ពីអ្នកលេងនៅលើ Tik Tok ម្នាក់បានចោទប្រកាន់ថា Goulding បោកប្រាស់ស្នេហាលើ Ed Sheeran ដោយទាក់ទងជាមួយនឹង Niall Horan ប៉ុន្តែ Goulding ក៏បដិសេធនៅក្នុងខមមែនជាមួយនឹងអ្នកគាំទ្រថានាងនិង Niall Horan ធ្លាប់បានទាក់ទងគ្នាប្រហែលតាំងពី១០ឆ្នាំមុនម្ល៉េះ ខណៈពេលដែលនាងនិងEd Sheeran មិនលើសអ្វីក្រៅពីជាមិត្តនឹងគ្នានោះឡើយ។