កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ ខ្សែភាពយន្ត Original របស់ Netflix មួយមានចំណងជើងថា«Wednesday»បានធ្វើការចាក់បញ្ចាំងឡើង និងបានក្លាយជាសាច់រឿងមួយដ៏ប្លែកទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។ បន្ទាប់ពីខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងចប់នៅត្រឹម Episode ទី៨ អ្នកគាំទ្រជាច្រើននាក់ក៏មានក្តីរំពឹឹងទុកថាចង់អោយមានខ្សែភាពយន្តរឿងភាគ Wednesday នេះនៅក្នុងរដូវកាលទី២ផងដែរ។ យ៉ាងណាមិញកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះ Netflix ក៏បានធ្វើការបញ្ជាក់រួចជាស្រេចហើយថាគ្រោងនឹងផលិតរដូវកាលទី២នៃរឿងមួយនេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងអ្នកផលិតរឿងផ្ទាល់។
អ្នកផលិតរឿងលោក Alfred Gough និង Miles Milla បានលើកឡើងថាវាពិតជារឿងអស្ចារ្យមួយដែលអាចបង្កើត Show មួយដែលអាចផ្សារភ្ជាប់ជាមួយមនុស្សជាច្រើននាក់នៅជុំវិញពិភពលោក។ នៅក្នុងរដូវកាលទី២នេះពួកលោកបានបន្តទៀតថាអាចនឹងមុជចូលកាន់តែជ្រៅស្គាល់ពីតួអង្គនីមួយៗ និងបើកដំណើរផ្សព្វព្រេងបន្តទៀតជាមួយនឹងសាលារៀន Nevermore ដ៏រន្ធត់។ ម្យ៉ាងវិញទៀតលោកក៏បានបន្ថែមទៀតថារឿងនេះនិយាយអំពីជីវិតក្មេងស្រីម្នាក់ដែលមើលឃើញពិភពលោកនៅក្នុងរូបភាពស និងខ្មៅប៉ុណ្ណោះ ប៉ុន្តែនៅខណៈពេលដែលសាច់រឿងដើរទៅមុខនាងក៏បានស្គាល់ថាការពិតទៅក៏មានពណ៌ប្រផេះដែរនៅលើពិភពលោកនេះ។
ហាក់ដូចជានៅក្នុងទំនាក់ទំនងមិត្តភាព រឺគ្រួសារដែលមិនអាចឥតខ្ចោះបានឡើយ ប៉ុន្តែនាងនឹងបានរៀនដឹកនាំខ្លួនឯងនៅក្នុងស្ថានការណ៍ឡើងរឺចុះ។ ខ្សែភាពយន្ត«Wednesday»រដូវកាលទី២នេះគ្រោងនឹងចេញផ្សាយឡើងនៅដើមឆ្នាំ២០២៤នេះ ដោយត្រូវការប្រើរយៈពេល៦ខែដើម្បីថត ៨ខែទៀតដើម្បីកាត់ត និងប្រហែលជា៨ខែទៀតដើម្បីដាក់នៅលើ Netflix។ ខ្សែភាពយន្ត Netflix មួយចំនួនសង្កេតឃើញថាភាគច្រើនជារឿងរន្ធត់ៗសុទ្ធតែទទួលបានប្រជាប្រិយភាពយ៉ាង និងមានគំរោងចេញផ្សាយរដូវកាលទី២នេះផងដែរនៅក្នុងឆ្នាំ២០២៤នេះ ដែលមានដូចជារឿងភាគកូរ៉េ All of us are dead និងរឿង Squid Game ជាដើម។