1. Netanyahu ថាគ្មានដំណោះស្រាយទេក្រៅពីផ្លាស់ទីប្រជាជនពីហ្គាហ្សា
យោងតាមសារព័ត៌មាន Financial Time ចុះផ្សាយថ្ងៃទី៣១ ខែតុលាបានអោយដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំអឺរ៉ុបឱ្យដាក់សម្ពាធលើប្រទេសអេហ្ស៊ីបឱ្យទទួលយកជនភៀសខ្លួនពីតំបន់ហ្គាហ្សា នេះបើយោងតាមមនុស្សដែលបានរៀបរាប់ពីកិច្ចពិភាក្សានេះ។ គំនិតដែលលោកបានដាក់ឡើងគឺនៅក្នុងកិច្ចប្រជុំជាមួយនឹងមន្ត្រីអឺរ៉ុបកាលពីសប្តាហ៍មុន ដែលមានការចូលរួមដោយប្រទេសនានារួមមានសាធារណៈរដ្ឋឆែក និងអូទ្រីសនៅក្នុងកិច្ចពិភាក្សាឯកជន ដែលនាំទៅដល់កិច្ចប្រជុំកំពូលនៃមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ទោះជាយ៉ាងនេះក៏ដោយបណ្តាប្រទេសសំខាន់ៗនៅអឺរ៉ុប ដូចជាបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានច្រានចោលសំណើនេះថាមិនអាចទៅរួច ដោយចង្អុលបង្ហាញថាអេហ្ស៊ីបតែងតែប្រឆាំងចំពោះគំនិតនៃការទទួលយកជនភៀសខ្លួនពីតំបន់ហ្គាហ្សានេះ។
2. ការទម្លាក់គ្រាប់បែកនៅលើជំរុំ Jabalia
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកាបានអោយដឹងថា មានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានធ្វើឡើងមកលើជំរុំជនភៀសខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអង្គារដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 50 នាក់ និងមេបញ្ជាការក្រុមហាម៉ាស់ម្នាក់ ហើយក្រុមគ្រូពេទ្យបានជួបការលំបាកក្នុងព្យាបាលអ្នករបួស ដល់ថ្នាក់ត្រូវដំឡើងបន្ទប់វះកាត់នៅក្នុងច្រករបៀងមន្ទីរពេទ្យថែមទៀតផង។ សេចក្តីថ្លែងការណ៍របស់កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារលើ ជំរុំ Jabalia នេះ ដែលជាជំរុំមានជនភៀសខ្លួនដ៏ច្រើនបំផុតរបស់ Gaza បានសម្លាប់លោក Ibrahim Biari ដែលជាមេដឹកនាំនៃការវាយប្រហារភេរវកម្មកាលពីថ្ងៃទី7 ខែតុលានេះតែម្តង។ អ្នកនាំពាក្យក្រុមហាម៉ាស់លោក Hazem Qassem បានបដិសេធពីព័ត៌មានមេបញ្ជាការជាន់ខ្ពស់របស់ពួកគេណាម្នាក់ដែលនៅទីនោះ ហើយបានហៅការអះអាងនេះថាជាលេសរបស់អ៊ីស្រាអែលក្នុងការសម្លាប់ប្រជាជនស៊ីវិល។ អ៊ីស្រាអែលបានបញ្ជូនការព្រមានម្តងហើយម្តងទៀតដល់អ្នកស្រុកហ្កាហ្សាឲ្យជម្លៀសពីតំបន់ភាគខាងជើងចេញ ហើយខណៈដែលមនុស្សជាច្រើនបានទៅភាគខាងត្បូង ប៉ុន្តែមានមនុស្សជាច្រើនទៀតមិនបានទៅនោះទេ។
3. ការប៉ះទង្គិចគ្នារវាងកងទ័ពអារ៉ាប៊ីសាអូឌីត និងក្រុម Houthi
យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី៣១ ខែតុលាបានអោយដឹងថា យោធារបស់អារ៉ាប៊ីសាអូឌីតកំពុងតែប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីប៉ះទង្គិចគ្នាយ៉ាងសាហាវជាមួយក្រុមឧទ្ទាម Houthi របស់យេម៉ែនដែលគាំទ្រឡើងដោយអ៊ីរ៉ង់ ដែលក៏បានព្យាយាមធ្វើការបាញ់មីស៊ីលឆ្លងកាត់ព្រះរាជាណាចក្រនេះឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ នេះបើយោងតាមមនុស្សដែលដឹងពីបញ្ហានេះ។ ទាហានអារ៉ាប៊ីសាអូឌីត ៤នាក់បានស្លាប់នៅក្នុងការប្រយុទ្ធជាមួយកងកម្លាំង Houthi នេះនៅភាគនិរតីដែលសំបូរភ្នំដ៏ច្រើននៃខេត្ត Jazan ជាប់ព្រំដែនជាមួយប្រទេសយេម៉ែន។ នេះកំណត់ឡើងជាការប្រយុទ្ធលើកដំបូងចាប់តាំងពីបទឈប់បាញ់លើកមុនត្រូវបានសម្រេចឡើងជាមួយក្រុមឧទ្ទាម Houthi កាលពីខែមេសានៃឆ្នាំមុន។ ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះនៅតាមព្រំដែនយេម៉ែន-អារ៉ាប៊ីសាអូឌីតគឺកើតឡើងបន្ទាប់ពីការបាញ់មីស៊ីលស្លាប និងដ្រូនដោយក្រុមឧទ្ទាម Houthi នេះឆ្ពោះទៅកាន់អ៊ីស្រាអែលកាលពីថ្ងៃទី19 ខែតុលា ដែលមន្ទីរបញ្ចកោណបានអះអាងថាត្រូវបានស្ទាក់ចាប់បានដោយនាវាពិឃាតអាមេរិកនៅសមុទ្រក្រហម ចំណែកប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីតក៏ស្ទាក់ចាប់បានមួយផងដែរនៅក្នុងប្រទេស។