នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន៤ នឹងផ្តល់ឱកាសការងារចំនួន ២០៧ កន្លែង សម្រាប់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “កិច្ចសម្ភាសការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមព័ត៌មានដែលទទួលបានឲ្យដឹងថា សម្រាប់សិស្ស និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង៤ ចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កញ្ញា សូរសៀង សុម៉ាលី ប្រធានផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន FWD Insurance លើកឡើងថា នេះជាលើកទី១ ដែលក្រុមហ៊ុនចូលរួមជាមួយនឹង NEA ទាំងវេទិកាការងារ និងពិព័រណ៌ការងារថ្នាក់ជាតិ ដែលនឹងរៀបចំនាពេលខាងមុខនេះ។ តំណាងក្រុមហ៊ុន FWD រូបនេះបន្តថា កញ្ញាពិតជាសប្បាយរីករាយក្នុងការសហការជាមួយនឹង NEA ដោយសារតែ NEA មានបណ្តាញច្រើនក្នុងការផ្សព្វផ្សាយព័រត៌មានស្តីពីការជ្រើសរើសបុគ្គលិក។ កញ្ញា ជឿជាក់ថា ក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិកទាន់តម្រូវការរបស់ក្រុមហ៊ុនដែលកំពុងតែមានការរីកចម្រើន។
កញ្ញា សូរសៀង សុម៉ាលី ក្រើនរំលឹកដល់អ្នកស្វែងរកការងារធ្វើទាំងអស់ថា ប្រសិនបើសិស្ស និស្សិត ឬអ្នកមានបំណងចង់ផ្លាសប្តូរការងារចង់បានឱកាសការងារ ជាមួយក្រុមហ៊ុន FWD អាចអញ្ជើញមកចូលរួមក្នុងកិច្ចសម្ភាសការងារនៅថ្ងៃស្អែកនេះបាន នឹងសូមកុំភ្លេចនាំយកនូវប្រវត្តិរូបមកជាមួយផង។
សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៤នោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក ,ក្រុមហ៊ុន Urban Hub (Cambodia) CO.,LTD, ,ក្រុមហ៊ុន អរប៊ីតគ្លូរី អ៊ិនវេសមេន ខមផេនី, ក្រុមហ៊ុន FWD LIFE INSURANCE (CAMBODIA) PLC.។ ព័ត៌មានបន្ថែម អាចទាក់ ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)។
គួររំលឹកថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លងមកបានសហការជាមួយបណ្តាក្រុមហ៊ុនផ្សេងៗ បានធ្វើការសម្ភាសន៏ និងផ្តល់ការងាររាប់ពាន់ រាប់ម៉ឺនកន្លែងរួចមកហើយ ដល់យុចជន ជាសិស្ស និស្សិត ដែលកំពុងស្វែងរកការងារធ្វើ៕