Washington-AP
សហរដ្ឋអាមេរិកនិង NATO បានរួមគ្នាកាលពីថ្ងៃសុក្រ ច្រានចោលនូវការទាមទាររបស់រុស្សីដែលថា សម្ព័ន្ធមិត្តមិនត្រូវទទួលយកសមាជិកថ្មី ចំពេលដែលមានការព្រួយបារម្ភថា រុស្សីនឹងឈ្លានពានអ៊ុយក្រែន ដែលសង្ឃឹមថានឹងចូលរួមជាមួយសម្ព័ន្ធមិត្ត។ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken និងអគ្គលេខាធិការ NATO, Jens Stoltenberg,បាននិយាយថា រុស្សីមិនអាចមានសម្លេងនិងនិយាយថា អ្នកណាគួរចូលរួមជាមួយប្លុក។ ពួកគេបានទាំងព្រមានថា នឹងមានការឆ្លើយតបដោយខ្លាំងក្លាចំពោះការធ្វើអន្តរាគមន៍យោធាក្នុងអ៊ុយក្រែន។
ការធ្វើអត្ថាធិប្បាយរបស់ពួកគេស្មើនឹងការច្រានចោលទាំងស្រុងនូវផ្នែកដ៏សំខាន់នៃការទាមទាររបស់លោកប្រធានាធិបតីរុស្សី Vladimir Putin ក្នុងការសម្រួលភាពតានតឹងជាមួយអ៊ុយក្រែន។ Putin ចង់ឲ្យ NATO បញ្ឈប់ផែនការសមាជិកភាពសំរាប់ប្រទេសទាំងអស់រួមទាំងអ៊ុយក្រែន។ អតីតសាធារណរដ្ឋសហភាពសូវៀត មិនទំនងជានឹងចូលរួមក្នុងសម្ព័ន្ធមិត្តក្នុងពេលអនាគតដែលអាចទស្សន៍ទាយបាន ប៉ុន្តែប្រជាជាតិ NATO នឹងមិនបដិសេធរឿងនេះទេ។
Blinken និង Stoltenberg បាននិយាយដាច់ដោយឡែកពីគ្នាបន្ទាប់ពីការប្រជុំវិសាមញ្ញតាមវីឌីអូមួយនៃក្រុមរដ្ឋមន្ត្រីក្រសួងការបរទេស NATO ។ កិច្ចប្រជុំនៃក្រុមប្រឹក្សាអាត្លង់ទិកខាងជើងគឺជាការប្រជុំជាបន្តបន្ទាប់នៃការជួបជុំកំរិតខ្ពស់នៅសប្តាហ៍ក្រោយក្នុងគោលបំណងដ់ម្បីសម្រួល និងកាត់បន្ថយនូវភាពតានតឹង។ "យើងបានរៀបចំនឹងឆ្លើយតបដោយខ្លាំងក្លាទៅនឹងការឈ្លានពានបន្តទៀតរបស់រុស្សី ប៉ុន្តែដំណោះស្រាយការទូតមួយនៅតែអាចធ្វើទៅបាននិងពេញចិត្តបើសិនជារុស្សីជ្រើសយក" Blinken បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ិនតោន។ លោកបានបដិសេធនូវអំណះអំណាងរបស់រុស្សីដែលថា NATO បាននិយាយថានឹងមិនពង្រីកឆ្ពោះទៅកាន់ទិសខាងកើតទេ បន្ទាប់ពីបញ្ចប់សង្រ្គាមត្រជាក់។
“NATO មិនដែលសន្យាថានឹងមិនទទួលយកសមាជិកថ្មីទៀតទេ, វាមិនអាច… វានឹងមិនអាច..” Blinken និយាយដោយចោទប្រកាន់ Putin ថាបានលើកយកទឡ្ហីករណ៍នេះមកបិទបាំងទង្វើរដែលយោធារុស្សីរំកិលទៅកាន់ព្រំប្រទល់អ៊ុយក្រែន។ “ពួកគេចង់អូសទាញយើងឲ្យចូលទៅក្នុងតុចរចារអំពី NATO ច្រើនជាងផ្តោតមកលើរឿងដែលកំពុងស្ថិតនៅក្នុងដៃ គឺការឈ្លានពានរបស់ពួកគេទៅលើអ៊ុយក្រែន យើងនឹងមិនងាកចេញពីរឿងនេះទេ” Blinken និយាយ។ ថ្មីៗនេះ Stoltenberg ក៏បាននិយាយស្រដៀងដូចគ្នានេះដែរនៅក្នុងទីក្រុង Brussels ។
“យើងនឹងមិនសម្របសម្រួលនៅក្នុងគោលការណ៍ដែលជាស្នូល រួមបញ្ចូលទាំងសិទ្ធរបស់ប្រទេសទាំងឡាយក្នុងការសម្រេចចិត្តដើរលើផ្លូវរបស់ខ្លួន រួមបញ្ចូលទាំងវិស័យសន្តិសុខដែលគេមានបំណងនឹងចូលរួម"៕