ចាប់ផ្តើមនៃព័ត៌មានពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនដែលបានបញ្ជាក់ថាប្រទេសរបស់លោកនឹងស្នើសុំសហរដ្ឋអាមេរិកពី 12 ទៅ 14 ពាន់លានដុល្លាលើជំនួយផ្នែកយោធា និងមនុស្សធម៌នៅឆ្នាំក្រោយ (2024)។ នៅក្នុងការចង្អុលបង្ហាញថ្មីមួយពីដែលទីក្រុង Kiev នឹងបន្តនៅក្នុងសង្រ្គាមនេះ។ ខណៈដែល Reuters បាននិយាយថា ក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) មានបំណងគាំទ្រអ៊ុយក្រែនជាមួយនឹងមីស៊ីល ATK MS រយៈចម្ងាយឆ្ងាយ ដែលបំពាក់ដោយមីស៊ីលចង្កោម។ នៅក្នុងព័ត៌មានថ្ងៃនេះអំពីប្រទេសរុស្ស៊ី ទីភ្នាក់ងារព័ត៌មាន Novosti ផ្លូវការរបស់រុស្ស៊ី បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានធ្វើដំណើរលើរថភ្លើងពាសដែករបស់លោក - The Moving Fortress - ទៅកាន់ទឹកដីរុស្ស៊ី ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ។
-
អ៊ុយក្រែនស្នើសុំអាមេរិកពី12ទៅ14ពាន់លានដុល្លា
យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី១១ ខែកញ្ញាបានអោយដឹងថា អ៊ុយក្រែនត្រូវការជំនួយថវិកាចន្លោះពី ១២ ទៅ ១៤ ពាន់លានដុល្លាពីសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ ខណៈដែលការចំណាយថវិកានៅតែខ្ពស់សំរាប់ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្ត។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Serhiy Marchenko បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Kyiv កាលពីថ្ងៃចន្ទថា"មិនទាន់មានកិច្ចពិភាក្សាណាមួយនៅឡើយទេ អ្វីៗមានភាពមិនច្បាស់លាស់ជាច្រើន ហើយយើងមិនមានទំនុកចិត្តថាគ្រប់យ៉ាងត្រូវបានធានានោះទេ" ។ អ៊ុយក្រែនក៏សង្ឃឹមថានឹងទទួលបាន៣,៣ពាន់លានដុល្លាពីអាមេរិកមុនដំណាច់ឆ្នាំនេះផងដែរ។
អ៊ុយក្រែនបានទទួលជំនួយហិរញ្ញវត្ថុជិត 10 ពាន់លានដុល្លាពីសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ដើម្បីជួយបំពេញឱនភាពថវិកា ហើយទីក្រុង Kyiv រំពឹងថាតម្រូវការរបស់ខ្លួននឹងមិនធូរស្រាលជាងនេះឡើយសំរាប់ឆ្នាំក្រោយ ដោយសារតែកងទ័ពអ៊ុយក្រែននៅតែដំណើរការវាយបករបស់ពួកគេជារឿយៗបន្តទៀត។
ខណៈពេលដែលលោកប្រធានាធិបតី Joe Biden បានស្នើសុំថវិកាសង្គ្រោះបន្ទាន់ចំនួន 24 ពាន់លានដុល្លាដើម្បីដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន ជំនួយបន្ទាប់របស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនកំពុងជួបបញ្ហានយោបាយ ខណៈដែលសហរដ្ឋអាមេរិកកំពុងឈានទៅរកវដ្តថ្មីនៃការបោះឆ្នោត។
-
អាមេរិចគាំទ្រអ៊ុយក្រែនដោយមីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោម
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១២ ខែកញ្ញាបានអោយដឹងថា រដ្ឋបាលលោក Biden ជិតនឹងអនុម័តលើការដឹកជញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្ទុកដោយគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែនហើយ ដែលនេះនឹងផ្តល់ឱ្យទីក្រុង Kyiv នូវសមត្ថភាពបង្កការខូចខាតកាន់តែជ្រៅចូលទៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនេះបើយោងតាមមន្ត្រីអាមេរិកបួននាក់។
បន្ទាប់ពីបានឃើញភាពជោគជ័យនៃគ្រាប់បែកចង្កោមដែលបានបញ្ជូនតាមគ្រាប់កាំភ្លើងធំ 155 មីលីម៉ែត្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកកំពុងពិចារណាលើការដឹកជញ្ជូនទាំងប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ដែលអាចហោះហើរបានចម្ងាយ 190 ម៉ាយ (306 គីឡូម៉ែត្រ) ឬមីស៊ីលនៃប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះច្រើនដង(GMLRS)ដែលមានរយៈចម្ងាយ45ម៉ាយ ហើយផ្ទុកដោយគ្រាប់បែកចង្កោម នេះបើតាមមន្ត្រីអាមេរិកបីនាក់បាននិយាយ។
បច្ចុប្បន្នអ៊ុយក្រែនត្រូវបានបំពាក់ដោយកាំភ្លើងធំគ្រាប់155មីលីម៉ែត្រដែលមានចម្ងាយអតិបរមា 18 ម៉ាយដែលអាចផ្ទុកគ្រាប់បែករហូតដល់ 48 គ្រាប់។
ប្រសិនបើប្រព័ន្ធរ៉ុក្កែត GMLRS វិញនឹងអាចចែកចាយបានរហូតដល់ 404 គ្រាប់។
-
ខាងក្នុងរថភ្លើងពាសដែកដែលគីមជុងអ៊ុនជិះធ្វើដំណើរទៅរុស្ស៊ី
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១២ ខែកញ្ញាបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញកាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្រើប្រាស់រថភ្លើងពណ៌បៃតងចាស់ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដោយពឹងផ្អែកលើទម្រង់មធ្យោបាយធ្វើដំណើរប្រភេទយឺតតែប្រកបដោយបច្ចេកទេសខ្ពស់នេះហើយ ដែលមេដឹកនាំនៃប្រទេសផ្តាច់ខ្លួនមួយនេះបានប្រើប្រាស់អស់ជាច្រើនទសវត្សរ៍មកហើយ។
អ្នកជំនាញបាននិយាយថាបើប្រៀបធៀបទៅនឹងយន្តហោះដែលមានវ័យចំណាស់របស់ប្រទេសនេះ រថភ្លើងការពារពីគ្រាប់កាំភ្លើងប្រភេទនេះផ្តល់នូវកន្លែងសុវត្ថិភាព និងផាសុកភាពច្រើនជាងសម្រាប់ក្រុមភ្ញៀវធំៗ មានឆ្មាំសន្តិសុខ អាហារ និងគ្រឿងបរិក្ខារ និងកន្លែងសម្រាប់ពិភាក្សានៅមុនពេលកិច្ចប្រជុំផងដែរ។
ចាប់តាំងពីបានក្លាយជាមេដឹកនាំនៅចុងឆ្នាំ2011 លោក Kim បានប្រើប្រាស់ថភ្លើងដើម្បីទៅទស្សនកិច្ចប្រទេសចិន និងវៀតណាម ហើយក៏ដូចជាការធ្វើដំណើរពីមុនរបស់លោកទៅកាន់ប្រទេសរុស្ស៊ីផងដែរដើម្បីជួបលោកពូទីននៅឆ្នាំ 2019 ។
រថភ្លើងទាំងនោះមានទូរថភ្លើងពី 10 ទៅ 15 គ្រឿងដែលមួយចំនួនប្រើសម្រាប់តែមេដឹកនាំ ប៉ុណ្ណោះដូចជាបន្ទប់គេងជាដើម ប៉ុន្តែខ្លះទៀតត្រូវបានប្រើដោយសន្តិសុខ និងបុគ្គលិកពេទ្យ។
ដោយមានបណ្តាញផ្លូវដែកបុរាណរបស់ប្រទេសនេះ ធ្វើអោយរថភ្លើងដ៏ប្រណិតនេះ អាចធ្វើដំណើរបានត្រឹមតែ 40 គីឡូម៉ែត្រក្នុងមួយម៉ោង (25mph) ប៉ុណ្ណោះ។
ម្យ៉ាងវិញទៀរថភ្លើងមានប្រព័ន្ធទំនាក់ទំនងផ្កាយរណប ហើយទូរថភ្លើងទាំងអស់ត្រូវបានតភ្ជាប់ផងដែរ។