អគ្គលេខាធិការនៃអង្គការ NATO បានអំពាវនាវឲ្យរដ្ឋជាសមាជិកធ្វើកិច្ចព្រមព្រៀងផ្តល់ជំនួយបន្ថែមទៀតសម្រាប់ទីក្រុង Kyiv ក្នុងរដូវរងារក្នុងអំឡុងពេលមានការវាយប្រហាររបស់រុស្ស៊ីឥតឈប់ឈរ។ អគ្គលេខាធិការនៃអង្គការ NATO លោក Jens Stoltenberg បានចោទប្រកាន់រុស្ស៊ីថា រុស្ស៊ីព្យាយាមប្រើរដូវរងាជាអាវុធនៃការធ្វើសង្គ្រាម ខណៈដែលលោកបានអំពាវនាវឱ្យប្រទេសជាសមាជិកធ្វើកិច្ចព្រមព្រៀងផ្តល់ជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែនស្របពេលមានការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន។
ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនបន្សល់ឲ្យប្រជាជនរាប់លាននាក់រស់នៅដោយគ្មានទឹក គ្មានថាមពល និងគ្មានកម្តៅស្របពេលដែលសីតុណ្ហភាពនៅរដូវរងាធ្លាក់ចុះក្រោមសូន្យអង្សារ។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីអង្គការណាតូដែលមានកិច្ចប្រជុំនៅរដ្ឋធានី Bucharest នៃប្រទេសរ៉ូម៉ានីបានថ្កោលទោសចំពោះរុស្ស៊ីក្នុងការវាយប្រហារឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់អ៊ុយក្រែនហើយបានបញ្ជាក់ពីការសម្រេចចិត្តក្នុងឆ្នាំ២០០៨ ដែលអ៊ុយក្រែននឹងចូលរួមជាសម្ព័ន្ធមិត្តនៃអង្គការ NATO។
រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអ៊ុយក្រែនលោក Dmytro Kuleba បានអំពាវនាវឲ្យផ្តល់គ្រឿងអាវុធភ្លាមៗជាពិសេសប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ឲ្យមកឲ្យលឿននៅពេលដែលលោកបានចូលរួមកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេស NATO។ លោក Kuleba បាននិយាយថា នៅពេលដែលអ៊ុយក្រែនមានម៉ាស៊ីនបំលែង និងម៉ាស៊ីនភ្លើងអ៊ុយក្រែនអាចស្តារប្រព័ន្ធថាមពលនិងផ្តល់ឲ្យប្រជាជនរស់នៅជីវភាពសមរម្យ។ រដ្ឋមន្ត្រីការបរទេស NATO ផ្តោតលើការបង្កើនជំនួយយោធាសម្រាប់ប្រទេសដែលហែកហួរដោយសារសង្រ្គាមដូចជាប្រព័ន្ធការពារអាកាស និងគ្រាប់រំសេវ។
ទោះយ៉ាងណាក៏ដោយ អ្នកការទូតបានទទួលស្គាល់បញ្ហាការផ្គត់ផ្គង់ និងសមត្ថភាពសម្រាប់ស្តុកខណៈដែលពួកគេក៏ពិបានភាក្សាអំពីជំនួយដែលមិនបង្កគ្រោះថ្នាក់ផងដែរ។ ផ្នែកមួយនៃជំនួយដែលមិនបង្កឲ្យគ្រោះថ្នាក់មានទំនិញដូចជាប្រេងឥន្ធនៈការផ្គត់ផ្គង់ខាងផ្នែកវេជ្ជសាស្រ្ត បរិក្ខារសម្រាប់រដូវរងា និងយន្តហោះគ្មានមនុស្សបើកត្រូវបានចែកចាយតាមរយៈកញ្ចប់ជំនួយរបស់អង្គការណាតូដែលសម្ព័ន្ធមិត្តអាចជួយជាជំនួយផ្គត់ផ្គង់បាន។ លោក Stoltenberg ដែលជាអគ្គលេខាធិការនៃអង្គការ NATO បានថ្លែងនៅក្នុងសុន្ទរកថានៅទីក្រុង Bucharest ថា NATO នឹងបន្តគាំទ្រអ៊ុយក្រែននៅក្នុងកាលៈទេសៈណាក៏ដោយ ក៏អង្គការ NATO នឹងមិនរាលរែកដែរ។ លោកបានបន្ថែមថាមធ្យោបាយតែមួយគត់ដើម្បីទទួលបានលក្ខខណ្ឌត្រឹមត្រូវសម្រាប់ការចាប់ផ្តើមនៃកិច្ចចរចារគឺជម្រុញឲ្យអ៊ុយក្រែនឈានទៅមុខនៅលើសមរភូមិ។