Newsweek-
NATO បានកំពុងតែធ្វើសង្រ្គាមជាមួយរុស្សី លើទឹកដីអ៊ុយក្រែន Sergei Kiriyenko អនុប្រធានទី១នៃបុគ្គលិកវិមានប្រធានាធិបតីរុស្សីបាននិយាយកាលពីថ្ងៃពុធ។ Kiriyenko ដែលការធ្វើអត្ថាធិប្បាយរបស់លោកត្រូវបានគេរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass News បានចោទប្រកាន់នៅក្នុងអម្លុងពេលនៃការប្រារព្វបើកពិធីវេទិការ Digoria សំរាប់អ្នកវិទ្យាសាស្ត្រនយោបាយក្មេងៗថា ពួកបស្ចឹមប្រទេស កំពុងតែធ្វើ ”ប្រតិបត្តិការណ៍សង្រ្គាមយ៉ាងក្តៅ” ប្រឆាំងនឹងរុស្សី។ យើងយល់ច្បាស់ណាស់ថា នៅលើទឹកដីអ៊ុយក្រែន យើងមិនមែនធ្វើសង្រ្គាមជាមួយអ៊ុយក្រែនទេ ប្រាកដណាស់មិនមែនជាមួយអ៊ុយក្រែនទេ។
ទីភ្នាក់ងារសារព័ត៌មាន Tass News បានដកស្រង់សម្តីរបស់លោកដោយនិយាយថា "ប្លុក NATO ទាំងមូលកំពុងប្រយុទ្ធក្នុងសង្រ្គាមមួយ ប្រឆាំងជាមួយរុស្សីលើទឹកដីអ៊ុយក្រែនដោយប្រើដៃអ៊ុយក្រែន"។ លោកប្រធានាធិបតីរុស្សី Vladimir Putin បានប្រឹងបិទបាំងការវាយប្រហាររបស់ខ្លួនទៅលើអ៊ុយក្រែនដោយមិនហៅវាថាជាសង្រ្គាមនោះទេ ជំនួសដោយយោងវាទៅរកថាជាការធ្វើ "ប្រតិបត្តិការណ៍យោធាពិសេស"។ លោកក៏មិនបានប្រកាសផងដែរថានូវផែនការដ៏ច្បាស់លាស់ណាមួយ ដើម្បីនាំយកទំនាស់ទៅឲ្យឆ្ងាយពីព្រំប្រទល់ ឬក៏ប្រកាសសង្រ្គាមជាមួយ NATO ដែលជាសម្ព័ន្ធមិត្តយោធាដែលមានសមាជិកជាង៣០ប្រទេស។
នៅមានទៀត Putin បានព្រមានក្នុងប៉ុន្មានខែថ្មីៗនេះថា "ប្រទេសណាមួយដែលបង្កើតនូវយុទ្ធសាស្ត្រគំរាមកំហែងចំពោះរុស្សី" ក្នុងអម្លុងពេលការវាយលុកទៅលើអ៊ុយក្រែន អាចនឹងរំពឹងថានិងបានទទួលនូវការឆ្លើយតបដោយការវាយប្រហារដែលវានឹងមានសកម្មភាពរហ័សដូចជាផ្លេកបន្ទោរ ប្រទេស NATO ខ្លះបានបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែននិងជំនួយយោធាផ្សេងទៀត។ សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ប្រព័ន្ធរ៉ុក្កែត HIMARS បានទាក់ទាញឲ្យមានចំណាប់អារម្មណ៍ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ថាកងកម្លាំងអ៊ុយក្រែនត្រូវបានគេរាយការណ៍មកថាបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការវាយប្រហារទៅលើគោលដៅនិងមុខព្រួញរបស់រុស្សី។
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov បានព្រមាននៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋកាលពីខែមេសាថា ជាមួយនឹងការផ្តល់អាវុធឲ្យអ៊ុយក្រែនដោយលោកខាងលិច "NATO នឹងឈានចូលទៅដល់សង្រ្គាមជាមួយរុស្សីតាមរយៈសង្រ្គាមកូនអុកនិងការផ្តល់អាវុធឲ្យកូនអុក" នេះបើយោលទៅតាមកាសែត The Wall Street Journal ។ Kiriyenko បានចោទប្រកាន់ផងដែរកាលពីថ្ងៃពុធថា មេដឹកនាំអ៊ុយក្រែន បានអនុញ្ញាតិឲ្យប្រទេសរបស់ពួកគេនិងប្រជាពលរដ្ឋក្លាយខ្លួនទៅជាកូនអុករបស់ NATO ទីភ្នាក់ងារសាព័ត៌មាន Tass បានរាយការណ៍។