Europe-
គ្មាននរណាម្នាក់ដឹងថា តើវាកៀកប៉ិនណាទៅ ដែលវិមានក្រឹមឡាំងនឹងប្រើអាវុធគីមី ឬអាវុធនុយគ្លេអ៊ែរក្នុងការវាយលុកចូលអ៊ុយក្រែន ការវាយលុកដែលធ្វើឲ្យព្រំដែនមានភាពមិនច្បាស់លាស់។ Teri Schultz បានក្រឡេកមើលថាតើ ក្នុងផ្នត់គំនិត NATO អំពីសុវត្តិភាពនឹងត្រូវផ្លាស់ប្តូរឬយ៉ាងណា? រដ្ឋមន្ត្រីក្រសួងការបរបទេសរុស្សី Sergei Lavrov កំពុងតែទាមទារនូវការស៊ើបអង្កេតជាសាធារណៈមួយ ទៅក្នុងការចោទប្រកាន់របស់រដ្ឋាភិបាលរបស់លោកថា អ៊ុយក្រែនមានមន្ទីរពិសោធន៍អាវុធជីវសាស្ត្រ និងគីមី ដែលជាការរំពឹងទុក។
អគ្គលេខាធិការ NATO លោក Jens Stoltenberg បានប្រើភាសារដ៏សោះកក្រោះកាលពីថ្ងៃអង្គារ៍ នៅក្នុងសន្និសិទ្ធសារព័ត៌មានមួយ ដើម្បីលើកឡើងនូវអ្វីដែលហៅថាជា “ការអះអាងដែលមិនគួរឲ្យជឿរបស់វិមានក្រឺមឡាំង”។ "យើងបានឃើញពួកគេ ធ្វើការចោទប្រកាន់អ៊ុយក្រែន និងសម្ព័ន្ធមិត្ត NATO ថាផលិតនិងអភិវឌ្ឍន៍នូវអាវុធគីមី ដែលជារឿងភូតកុហកយ៉ាងពិតប្រាកដ" លោកនិយាយ "ដូច្នេះវាបានធ្វើឲ្យយើងមានការព្រួយបារម្ភបន្តិចបន្តួចអំពីលទ្ធភាពនៃការដែលពួកគេមានផែនការនឹងធ្វើវា"។ កាលពីថ្ងៃអាទិត្យ Stoltenberg បានប្រាប់កាសែតអាល្លឺម៉ង់ Welt am Sontag ថាការវាយប្រហារអាវុធគីមី វាជា "ឧក្រឹដ្ឋកម្មសង្រ្គាម"។
តើវាល្មមគ្រប់គ្រាន់ទេនឹងជឿថា NATO នឹងឈានជើងចូល? ប្រធានាធិបតីប៉ូឡូញ Andrzei Duda បានលើកយករឿងនេះមកនិយាយជាសាធារណៈថា "បើប្រធានាធិបតីរុស្សី Vladimir Putin ប្រើនូវអាវុធប្រល័យលោក បន្ទាប់មកវាជាការផ្លាស់ប្តូរនៃល្បែងសង្រ្គាម" លោកបានប្រាប់ BBC កាលពីថ្ងៃទី១៣។ “ប្រាកដណាស់ មេដឹកនាណនៃសម្ព័ន្ធមិត្ត NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងអង្គុយនៅនឹងតុ និងពួកគេប្រាកដជាគិតយ៉ាងច្បាស់លាស់ថា តើនឹងត្រូវធ្វើអ្វី ពីព្រោះគ្រោះថ្នាក់បានចាប់ផ្តើមមកដល់ហើយ” Duda បាននិយាយ។
នៅពេលដែលសួរដោយកាសែត DW កាលពីថ្ងៃអង្គារ៍ថា តើទង្វើដូចនេះអាចនឹងផ្លាស់ប្តូរជំហររបស់ NATO ដែរឬទេ អគ្គលេខាធិការ NATO បានក្រឡេកមើលទៅក្រដាសដែលសរសេរ ហើយនិយាយថា "ប្រធានាធិបតីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជាក់វាច្បាស់ហើយថា ប្រសិនបើជាពួកគេប្រើអាវុធគីមី ពួកគេនឹងបង់តម្លៃខ្ពស់ណាស់ ប៉ុន្តែខ្ញុំនឹងមិនអាចស្មានដឹងថានឹងមានការឆ្លើយតបខាងយោធាពី NATO ឬយ៉ាងណាទេ"៕