Axios-
អគ្គលេខាធិការ NATO លោក Jens Stoltenberg បានប្រកាសកាលពីថ្ងៃសុក្រថាសម្ព័ន្ធមិត្តបានចេញសកម្មភាពពង្រាយកងទ័ពចំនួន ៤០,០០០នាក់ដែលជាកងកម្លាំងឆ្លើយតបរបស់ណាតូ (NRF) ជាលើកទី១ ដោយបានព្រមាននៅក្នុងសន្និសិទ្នកាសែតថា “គោលបំណងនៃវិមានក្រឹមឡាំងមិនមែនកំណត់ត្រឹមអ៊ុយក្រែនទេ”។ Stoltenberg បានហៅការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ថាជា "វិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរជាទីបំផុតដែលយើងធ្លាប់ជួបប្រទះក្នុងអឺរ៉ុបអស់ជាច្រើនទសវត្សរ៍មកហើយ” NRF នឹងដាក់ពង្រាយ នៅលើដីសមុទ្ទ និងលើអាកាសនៅអឺរ៉ុបខាងកើតក្នុងគោលបំណងនៃការការពាររួម។
លោកអគ្គលេខាធិការបាននិយាយថាទំហំនៃ NRF បានកើនឡើង៣ដងចាប់តាំងពីឆ្នាំ២០១៤ ប៉ុន្តែចំនួនកងទ័ពទាំងអស់មិនបានដាក់ពង្រាយនោះទេ លោកបានបន្ថែមថាប្រទេសនៅក្នុង NATO នឹងផ្តល់អាវុធបន្ថែមទៀតនិងប្រព័ន្ធការពារអាកាសដល់អ៊ុយក្រែន តាមសំណូមពររបស់រដ្ឋាភិបាល។ លោកបានបន្ថែមថា ស្លាបនៃសម្ព័ន្ធមិត្តផ្នែកខាងកើតវាជារឿងគួរឲ្យព្រួយបារម្ភខ្លាំងបំផុត ព្រោះនៅកៀកនឹងការប្រយុទ្ធជិតអ៊ុយក្រែននិងជាប់ជាមួយព្រំប្រទល់រុស្សី ហើយពួកគេមិនត្រឹមតែមើលឃើញនូវការប្រមូលផ្តុំកងទ័ពនិងសង្រ្គាមដែលកំពុងបន្តនោះទេ ប៉ុន្តែគេបានមើលឃើញនូវការគំរាមកំហែងផ្នែកវោហារសាស្រ្តផងដែរ ព្រោះរឿងនេះវាអាចទៅឆ្ងាយហួសពី អ៊ុយក្រែន។
"ការវាយប្រហារទៅលើអ៊ុយក្រែនវាមានចរិតច្រើនជាងការវាយប្រហារលើអ៊ុយក្រែន វាជាការវាយប្រហារដើម្បីបំផ្លិចបំផ្លាញទៅលើប្រជាពលរដ្ឋដែលគ្មានកំហុសនៅក្នុងអ៊ុយក្រែន ហើយវាក៏ជាការវាយប្រហារទៅលើរបៀបរៀបរយនិងសន្តិសុខអឺរ៉ុបផងដែរ ហេតុដូច្នេះហើយបានជាយើងយកចិត្តទុកដាក់ជាទីបំផុត” Stoltenberg និយាយ។ មេដឹកនាំនៃរដ្ឋ NATO និងប្រមុខរដ្ឋាភិបាលបានជួបប្រជុំក្នុងការប្រជុំជាបន្ទាន់មួយកាលពីថ្ងៃសុក្រដើម្បីពិភាក្សារពីសន្តិសុខក្នុងអ៊ុយក្រែន។ មានការចូលរួមប្រជុំដោយមន្ត្រីដែលមិនមែនជាសមាជិក NATO គឺ Finland និង Swedenផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្សីបានព្រមានកាលពីថ្ងៃសុក្រថា "ការចូលរួមក្នុង NATO ជាផ្លូវការពីប្រទេស Finland នឹងមានផលវិបាកផ្នែកនយោបាយនិងយោធាធ្ងន់ធ្ងរ”។ លោកប្រធានាធិបតី Biden បានប្រកាសពីថ្ងៃព្រហស្បត៍ថា ការបន្ថែមទ័ពអាមេរិកចំនួន ៧,០០០នាក់នឹងដាក់ពង្រាយនៅអឺរ៉ុបដើម្បីជួយពង្រឹងការការពារ NATO ៕