កំហឹងក្រេវក្រោធរបសទីក្រុងប៉ារីសចំពោះទីក្រុងវ៉ាស៊ីនតោន បូកផ្សំទៅនឹងលោកប្រធានាធិបតី Emanuel Macron ដែលក្នុងពេលនេះប្រៀបប្រដូចទៅនឹងខ្លាដែលត្រូវរបួសអាចនឹងធ្វើឲ្យលោកដើរតាមគំរូលោកប្រធានាធិតី de Gaulle កាលពីទសវត្សរ៍ឆ្នាំ៦០ ដែលបាននិយាយថា លាហើយ ទៅកាន់ សម្ព័ន្ធមិត្តយោធាអន្តរអាត្លង់ទិក។
"ការលួចចាក់ពីក្រោយខ្នង" គឹជាអ្វីដែលលោករដ្ឋមន្រ្តីក្រសួងការបរទេសបារាំង Jean -Yves Le Drian បានពិពណ៌នា អំពីសេចក្តីប្រកាសរបស់លោកប្រធានាធិបតី Joe-Biden អំពីសម្ព័ន្ធមិត្ត ត្រីភាគី ដែលមានអូស្រ្តាលី អង់គ្លេស និងអាមេរិក(AUKUS)នៅក្រោមរូបភាពប្រឆាំងនឹងចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វីក
រដ្ឋមន្រ្តីក្រសួងការពារជាតិ Florence Parly ក៏មានភាពស្រឡាំងកាំងទៅនឹងសេចក្តីប្រកាសរបស់ Biden អំពីសម្ព័ន្ធមិត្តត្រីភាគីនេះដែរ ។ បារាំងមានការក្រេវក្រោធយ៉ាងខ្លាំងចំពោះសេចក្តីប្រកាសដែលគនឹកស្មានមិនដល់ ចពោះកិច្ចសន្យាថ្មីលើវិស័យការពារជាតិរវាងអាមេរិកនិងអូស្រ្តាលី ដែលនាំឲ្យកិច្ចសន្យាមួយដែលស្រដៀងគ្នានេះដែរ រវាងក្រុង កង់បេរ៉ានិងក្រុមផលិតនាវារបស់បារាំងនាឆ្នាំ២០១៨ បានទទួលនូវភាពបរាជ័យដ៏អាម៉ាស់យ៉ាងក្រៃលែង។
បារាំងអាចនឹងបាត់បង់នូវទំនុកចិត្តសារជាថ្មីម្តងចំពោះចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការដែលគេធ្លាប់មានបទពិសោធន៍កាលពីជាង៥០ឆ្នាំមុន ហើយបារាំងអាចនឹងរៀបចំយុទ្ធសាស្រ្តថ្មីដោយខ្លួនឯងសំរាប់អឹរ៉ុប និង ឥណ្ឌូប៉ាស៊ីហ្វិក។ ពេលវេលាវានឹងបង្ហាញអំពីការសំរេចចិត្តរបស់បារាំងនិងសហគមន៍អឹរ៉ុបថាតើត្រូវសម្របសម្រួលឬក៏ដើរចេញ ? ។ ក្រៅពីការរៀបចំយុទ្ធសាស្រ្តដើម្បីបំពាក់អាវុធយុទ្ធភ័ណ្ឌដល់ប្រទេសអូស្រ្តាលី និងលេសមួយទៀតដែលនិយាយថាដើម្បីទប់ទល់ជាមួយចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វីក នៅក្នុងសេចក្តីប្រកាសរបស់លោក Biden បានត្រូវបារាំងមើលឃើញថាមិនមានហេតុផលគ្រប់គ្រាន់ហើយអាទទួលយកបាននោះទេ ដោយចាត់ទុកថានេះជាការក្បត់នឹងសម្ព័ន្ធមិត្តខ្លួនឯងដើម្បីផលប្រយោជន៍តែប៉ុណ្ណោះ។
តែបារាំងក៏កំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកក្នុងការធ្វើសេចក្តីសំរេចចិត្ត ថាតើត្រូវដេកអោបទុក្ខ(រុស្សី)ឬក៏ដេកអោបមនុស្សដែលក្បត់ចិត្ត(អាមេរិក)។