សត្វខ្លាមួយក្បាលត្រូវបានគេបាញ់ ហើយក្រោយមកបានងាប់ បន្ទាប់ពីខាំដៃអ្នកបោសសម្អាតនៅក្នុងបរិវេណសួនសត្វក្នុងរដ្ឋ Florida ។ Eko ដែលជាសត្វខ្លាពពួកម៉ាឡេយ៉ា អាយុប្រាំបីឆ្នាំ ត្រូវបានគេរកឃើញជាមួយនឹងដៃរបស់បុរសម្នាក់នៅក្នុងមាត់របស់វានៅឯសួនសត្វ Naples ។ តម្រួតបានព្យាយាមចាប់សត្វនេះឱ្យលែងដៃ ប៉ុន្តែត្រូវបាន "បង្ខំឱ្យបាញ់" វាតែម្តង។ ពួកគេបាននិយាយថា អ្នកបោសសម្អាតដែលស្ថិតនៅក្នុង "តំបន់គ្មានការអនុញ្ញាត" ហើយប្រហែលជាបានព្យាយាមអង្អែលក្បាល ឬឱ្យចំណីទៅវា បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ការិយាល័យតម្រួតបាននិយាយថា បុរសនោះដែលមានអាយុ 20 ឆ្នាំ បានចូលទៅក្នុងតំបន់ក្បែរកន្លែងសត្វខ្លា បន្ទាប់ពីសួនសត្វបានបិទមួយថ្ងៃ។ អ្នកបោសសម្អាតដែលកំពុងធ្វើការឱ្យក្រុមហ៊ុនខាងក្រៅ ដែលជួលដោយសួនសត្វនោះ ហាក់ដូចជាបានលូកដៃរបស់គាត់កាត់របងព័ទ្ធជុំវិញ។ ការិយាល័យតម្រួតបានបន្ថែមថា ការព្យាយាមអង្អែលក្បាល ឬឱ្យចំណីទៅវា គឺជាសកម្មភាពដែលគ្មានការអនុញ្ញាត និងមានគ្រោះថ្នាក់។
ក្រោយពីបាញ់សត្វខ្លានោះ វាបានដកថយ, ហើយវាបានចាប់ផ្តើមស្ងប់ស្ងាត់ឡើងវិញ ក្រោយមកក៏ស្លាប់។ ការឆ្លើយតបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា វាជាសោកនាដកម្មមួយដែលសត្វខ្លាត្រូវស្លាប់។ Eko បានរស់នៅក្នុងសួនសត្វ Naples តាំងពីដើមឆ្នាំ 2020 បន្ទាប់ពីការទិញវាជាមួយនឹងលុយដែលរកបានតាមរយៈការប្រមូលនិធិ ដោយការខិតខំប្រឹងប្រែងជួយសង្គ្រោះសត្វខ្លាព្រៃ។
សត្វខ្លាពពួកម៉ាឡាយ៉ាត្រូវបានចាត់ថ្នាក់ថាជាសត្វជិតផុតពូជដោយ International Union for Conservation of Nature។ យោងតាមអង្គការមូលនិធិសត្វព្រៃពិភពលោកបានឱ្យដឹងថា សត្វខ្លាមានតិចជាង 200 ក្បាលដែលស្ថិតក្នុងព្រៃ។ ការវាយប្រហាររបស់ខ្លានៅសួនសត្វគឺកម្រណាស់។ កាលពីឆ្នាំមុន ខ្លាស៊ីបេរីមួយក្បាលបានវាយប្រហារ និងសម្លាប់អ្នកថែរក្សាសួនសត្វស្រីម្នាក់នៅប្រទេសស្វីស នៅចំពោះមុខអ្នកទស្សនា និងបុគ្គលិកសួនសត្វ។ ក្នុងឆ្នាំ 2007 មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលខ្លាមួយក្បាលបានរត់ចេញពីទ្រុងរបស់វានៅឯសួនសត្វ San Francisco ។ វាត្រូវបានបាញ់សម្លាប់។
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue