កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅនេះ លោក Nak Fake និងលោក K-LA ដែលជាសិល្បករមកពីក្រុមហ៊ុនតន្រ្តី Galaxy Navatra ទើបតែបានបញ្ចេញបទចម្រៀងរួមគ្នាមួយបទដែលជាប្រភេទបទចូលឆ្នាំខ្មែរលាយនឹងទំនុកបែបហ៊ីបហប់មានចំណងជើងថា «បន់ទេវតា»។ គួរបញ្ជាក់ផងដែរថានេះគឺជាការសហការលើកដំបូងរវាងពួកគេទាំងពីរនៅក្នុងផលិតកម្មតន្រ្តីនេះ និងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរក៏ទើបតែបានឡើងសម្តែងបទនេះផ្ទាល់នៅក្នុងការប្រគំតន្រ្តី GANZBERG Concert នៅឯខេត្តសៀមរាបផងដែរ។ ម្យ៉ាងវិញទៀតផងដែរក្នុងការតាក់តែងបទចម្រៀងនេះវិញគឺត្រូវបាននិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោកសង្ហា និងលោក K-LA ផ្ទាល់។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកសង្ហាផងដែរកាលពីពេលកន្លងមកលោកក៏ធ្លាប់បានបញ្ចេញអោយដឹងថាបទ«ខោរលុង» របស់លោក K-LA គឺជាស្នាដៃបទចម្រៀងទី១នៃការសហការវាងពួកគេទាំងពីរផងដែរ។ នៅក្នុងសកម្មភាពរបស់ដៃគូចម្រៀងទាំងពីរនៅក្នុងការចេញផ្សាយបទចម្រៀងរបស់ពួកគេ សង្កេតឃើញថាលោក Nak Fake បានធ្វើការចែករំលែកបន្តការបង្ហោះ Poster Teaserនៃបទចម្រៀងនោះជាមួយនឹងខេបសិនឡើងថា« បន់ទេវតា អោយខ្ញុំស្មោះរហូត»។ កត់សម្គាល់ឃើញដែរថានៅក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរនឹងឈានចូលមកដល់នៅពេលខាងមុខនេះ បទចំរៀងចូលឆ្នាំខ្មែរមួយចំនួនមានលាយនូវទំនុកបែបហ៊ីបហប់ជាច្រើនផងដែរដូចជាបទបុប្ផាអង្គររបស់លោកជីដេវីត រាំរង្វើលរបស់លោកនីកូ ទយៗរបស់លោកខេមរៈសិរីមន្ត និងដៃគូដៃកង់របស់លោក RedKing ជាដើម។ តើទស្សនិកជនពេញចិត្តបទចម្រៀង«បន់ទេវតា» របស់ពួកគេទាំងពីរកម្រិតណា? Let me know in your comment below!