ការបើកសម្ពោធជាផ្លូវការនៃខ្សែភាពយន្តថ្មីចំណងជើងថា “លោកគ្រូ ប្រពន្ធល្អ” ត្រូវបានបញ្ចប់ជាស្ថារពរហើយកាលពីថ្ងៃទី០៣ ខែតុលា កន្លងទៅនេះ ដែលត្រូវបានធ្វើឡើងនៅឯរោងកុង Major Cineplex នៃផ្សារទំនើប AEON Mall។ គួរបញ្ជាក់ផងដែរថាខ្សែភាពយន្តមួយរឿងនេះត្រូវបាននិពន្ធឡើងនិងដឹកនាំសម្តែងឡើងដោយលោក ឆាយបូរ៉ា និងត្រូវបានសម្តែងដោយតួអង្គសិល្បករជើងចាស់ល្បីៗដូចជាលោក ទេពវិនណារ៉ូ លោកពូ ព្រហ្មម៉ាញ និងអ្នកមីងគ្រត ចំណែកឯសិល្បករជំនាន់ថ្មីដែលមានចូលសម្តែងផងដែរនោះមានដូចជា កញ្ញា គីញ វិច្ឆិកា លោក ទ្រី តារាវុធ លោក ពុធ មិថុនា និង លោក យន សុភ័ក្រ។
កម្មវិធីបើកសម្ពោធជាផ្លូវការនូវវណ្ណកម្មភាពយន្តថ្មីនេះត្រូវបានអញ្ជើញចូលរួមយ៉ាងវិសេសវិសាលពីសំណាក់បុគ្គលសំខាន់ៗដែលបានតំណាងនៃការចូលរួមសហការរវាង ២ ផលិតកម្មរួមបញ្ចូលគ្នានោះគឺ ផលិតកម្ម ដើមត្នោត (Palm Film) របស់លោក ឆាយបូរ៉ា ដែលលោកក៏ធ្លាប់ជាអ្នកដឹកនាំរឿងមួយដែលមានចំណងជើងថា "ឃ្លាតទៅសែនឆ្ងាយ" និងរួមគ្នាជាមួយផលិតកម្មកងចក្រភីកឈ័រ (Kongchak Pictures) ។ យ៉ាងណាមិញ ខ្សែភាពយន្ត "លោកគ្រូ ប្រពន្ធល្អ" មួយនេះបានទទួលការសហការឧបត្ថម្ភដោយ Western International School និងដៃគូផ្សព្វផ្សាយគឺក្រុមហ៊ុនផ្សព្វផ្សាយ GPAS.IO និងសារព័ត៌មានសិល្បៈកម្សាន្ត RED Entertainment ផងដែរ។ ថ្វីត្បិតតែព្រឹត្តិការណ៏ដ៏មិនអាចបំភ្លេចបានមួយនេះ មានរយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះតែសង្កេតឃើញថាមានការចូលរួមពីសំណាក់មន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខណៈគ្រប់គ្រងនៃរោងកុនដែលជាដៃគូរសហការ ព្រមទាំងផលិតករនិងតារាសម្ដែងល្បីៗជាច្រើនដួងផងដែរ។
ម្ចាស់ផលិតកម្មដើមត្នោត និងជាអ្នកនិពន្ធនិងដឹកនាំរឿង "លោកគ្រូប្រពន្ធល្អ" លោក ឆាយ បូរ៉ា បានថ្លែងថា ខ្សែភាពយន្ដបែបអប់រំមួយនេះត្រូវបានបង្កប់ដោយឈុតឆាកមនោសញ្ចេតនាស៊ីជម្រៅលាយឡំជាមួយឈុតឆាកកំប្លែងជាច្រើនដែលត្រូវបានរូបលោកនិងភរិយាចំណាយពេលផលិតរយៈពេលជិត១ឆ្នាំឯណោះ។ទន្ទឹមគ្នានេះ លោកប្រាប់ថាបន្ទាប់ពីការធូរស្បើយនៃការរីករាលដាលនៃជំងឺកូវីដ-១៩មួយឆ្នាំកន្លងមកនេះភ្លាមរូបលោកនិងក្រុមកាងារក៏បានខិតខាំរួសរាន់ក្នុងការសម្រេចចិត្ដបញ្ចេញខែ្សភាពយន្តដែលបានសម្រឹតសម្រាំងយ៉ាងខ្លាំងពីក្រុមការងារនេះឡើងវិញ។
មិនតែប៉ុណ្ណោះ លោក ប៉េះ គីមស្រ៊ាន ដែលជាអគ្គនាយកនៃក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាមានឈ្មោះថា GPAS.IO Co., Ltd. ដែលបានបំពេញសេវាកម្មផ្សព្វផ្សាយជូនអតិជនធំៗដូចជាក្រុមហ៊ុន Smart Axiata, Havas, MSA និងក្រុមហ៊ុនឡាន Ford ជាដើម ដោយលោកបានយល់ឃើញថា ការផលិតរឿងអោយបានជោគជ័យទៅបានពិតជាមិនអាចខ្វះបាននោះទេនូវការផ្សព្វផ្សាយដោយយកចិត្តទុកដាក់និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអោយបានទូលំទូលាយតាមដែលអាចធ្វើទៅបាន ដើម្បីជួយលើកតម្កើនដល់ការអោយតម្លៃនិងការចូលរូមគាំទ្រការទស្សនាពីសំណាក់ទស្សនិកជន។
យ៉ាងណាមិញខ្សែភាពយន្ត“លោកគ្រូប្រពន្ធល្អ”នេះនឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅក្នុងថ្ងៃទី៥ខែតុលានេះតទៅនៅតាមបណ្តារោងភាពយន្តនាៗ។ ដូចនេះទស្សនិកជនដែលចូលចិត្តទស្សនាសាច់រឿងបែបកំប្លែង មនោសញ្ចេតនា បែបលក្ខណៈជាជីវិតគ្រួសារពិតៗរបស់គ្រូបង្រៀន និងជីវភាពរស់នៅពិតៗ អាចជាវសំបុត្រដើម្បីទស្សនារឿងមួយនេះបាន។