ក្រោយពីការប្រឡងធ្លាក់នៅក្នុងកម្មវីធី Cambodian Idol វគ្គ Judge Audition របស់យុវជន ទុំ សុវត្ថិ មក មហាជនជាច្រើននៅក្នុងប្រទេសកម្ពុជាបាននាំគ្នាជជែកវែកញែក និងផ្ទុះការតវ៉ាដោយទាមទារចង់ឲ្យគាត់ជាប់នៅក្នុងកម្មវិធីនេះ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ យុវជនម្នាក់មកពីខេត្តស្ទឹងត្រែង ឈ្មោះ ទុំ សុវត្ថិ បានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ របស់ផលិតកម្មរស្មីហង្សមាស។ លោក ទុំ សុវត្ថិ គឺជាកូនកំព្រាឪពុកម្តាយ ហើយមានបងប្អូនបីនាក់ តែប្អូនរបស់លោកម្នាក់បានស្លាប់ និងម្នាក់ទៀតមានជំងឺសរសៃប្រសាទខួរក្បាល។
លោកជាមនុស្សតស៊ូ អត់ធ្មត់ និងព្យាយាម ហើយក្តីស្រមៃដ៏ធំបំផុតរបស់លោក គឺចង់ក្លាយជាតារាចំរៀង។ ដូច្នេះ លោកបានមកដាក់ពាក្យប្រឡងដើម្បីដើរតាមក្តីស្រមៃ និងសម្រេចវាឲ្យបាន។ ប៉ុន្តែអ្វីៗត្រូវរលាយខ្សល់អស់នៅពេលដែល គណកម្មការ ២ ក្នុងចំណោម ៤ រូបបានឲ្យលោកធ្លាក់។ នៅក្នុងការប្រឡងនេះ លោកបានជ្រើសរើសយកបទ “ស្រឡាញ់ស្ទើរលេប” ដែលជាសំនៀងរបស់លោក ណុប បាយា៉រិទ្ធិ។ បន្ទាប់ពីទទួលបានចម្លើយពីគណកម្មការមក លោកចាប់ផ្តើមអស់សង្ឃឹមភ្លាម ហើយបានស្រក់ទឹកភ្នែក ជាហេតុធ្វើឲ្យមហាជនមានការអាណិតអាសូរជាខ្លាំង ហើយមានអ្នកខ្លះបានស្តីបន្ទោសឲ្យលោក ឆន សុវណ្ណរាជ និងអ្នកស្រី ឱក សុគន្ធកញ្ញា ថាមិនគួរឲ្យយុវជនរូបនេះធ្លាក់ទេ ពីព្រោះបើតាមពួកគាត់ លោក ទុំសុវត្ថិ បកស្រាយបទចំរៀងបានល្អ និងពិរោះខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីមហាជន ក៏មានដែរតារាចំរៀងកំពូលៗ ដូចជា លោក ខេមរសិរីមន្ត និង លោក ខាន់ ជែមស៍ជាដើម បានបង្ហាញក្តីអាណិតអាសូរ និងបានសរសេរជាសារជំរុញលើកទឹកចិត្តនៅលើ Facebook Pages រៀងៗខ្លួនរបស់ តារាចំរៀងទាំងពីរ ដើម្បីកុំឲ្យយុវជន ទុំ សុវត្ថិ មានការបាក់ទឹកចិត្តខ្លាំង។ ដោយលោក ខេមរសិរីមន្ត បានសរសេរថា “កុំបាក់ទឹកចិត្តអីប្អូន។ ស៊ូៗ បងសូមលើកទឹកចិត្តប្អូននៅថវិការ $ ១០០០។ មានសមត្ថភាពពិត តស៊ូ គង់បានសម្រេច”។ ចំណែកឯលោក ខាន់ ជែមស៍ បានសរសេរថា “មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត។ ទោះបីជាប្អូនធ្លាក់តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទឹកចិត្តប្អូន។ បងនឹងផលិតបទចម្រៀង Original Song ជូនប្អូនមួយបទ ហើយនិងចេញ MV ជូនប្អូន”៕