មហាសេដ្ឋី Mukesh Ambani និង Gautam Singhania គឺជាបុរសមានបំផុតនៅក្នុងប្រទេសឥណ្ឌា។ Ambani មានទ្រព្យសម្បត្តិ 82.8 ពាន់លានដុល្លារអាមេរិក ខណៈ Singhania មានទ្រព្យសម្បត្តិប្រមាណ 1.4 ពាន់លានដុល្លារ។ ផ្ទះរបស់ពួកគេស្ថិតនៅទីក្រុង Mumbai មានទីតាំងនៅតាមបណ្តោយផ្លូវតែមួយ។ យើងអាចប្រៀបធៀបវិមានទាំងពីរ របស់ពួកគេនិងលក្ខណៈដ៏ប្រណិត ដែលមិនគួរឱ្យជឿ ទាំងអស់ ដែលពួកគេអួត ដើម្បីមើលថា តើផ្ទះមួយណាដែលគួរឱ្យចាប់អារម្មណ៍បំផុត។
អគារ Antilai មានតម្លៃ ២ពាន់លានដុល្លារអាមេរិក ដែលជារបស់មហាសេដ្ឋី Mukesh Ambani
មូលដ្ឋានអគារ
Ambani បានក្លាយជាផ្ទះដ៏ល្បីល្បាញនៅលើពិភពលោក បន្ទាប់ពីត្រូវបានគេដាក់ឈ្មោះថា ជាលំនៅដ្ឋានថ្លៃបំផុតមួយនៅទូទាំងពិភពលោក។ វាមានទីតាំងនៅលើផ្លូវ Altamount ដែលត្រូវបានគេស្គាល់ថាជា "ជួរផ្លូវរបស់មហាសេដ្ឋី" ក្នុងទីក្រុង Mumbai ហើយត្រូវបានគេវាយតម្លៃថាមានតម្លៃ2 ពាន់លានដុល្លារអាមេរិក។
ការរចនាអគារនេះ
បានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់នៅក្នុងទីក្រុង Mumbai ដែលត្រូវបានរចនាឡើងដោយផ្អែកលើបន្ទាត់ផ្កាឈូក និងព្រះអាទិត្យនេះបើយោងតាម Architectural Digest ។ លក្ខណៈពិសេសទាំងនេះ ត្រូវបានធ្វើឡើងម្តងទៀតដោយប្រើធាតុផ្សំដូចជា គ្រីស្តាល់ គុជ និងថ្មម៉ាប ដើម្បីពង្រឹងរូបរាងឱ្យកាន់តែស៊ីជម្រៅ។
លក្ខណៈពិសេសល្អបំផុតរបស់វាអគារនេះមាន 27 ជាន់ ប៉ុន្តែដោយសារវាមានពិដានកម្ពស់ខ្ពស់ អ្នកអាចគិតថា វាមានច្រើនជាង 40 ជាន់ ។ អគារខ្ពស់ៗនេះ ក៏ត្រូវបានរចនាយ៉ាងពិសេស ដើម្បីទប់ទល់នឹងការរញ្ជួយដីកម្រិត 8.0 រ៉ិចទ័រ។សម្រាប់អគារនេះ មានបន្ទប់អធិស្ឋានជាច្រើន ហើយព្រះវិហារមួយនៅខាងក្នុង អាចផ្ទុកអ្នកគោរពបូជាបានចំនួន 50 នាក់។
ហើយបើយោងតាមរបាយការណ៍ជាច្រើនទៀត អគារនេះ ក៏មានបន្ទប់លេងបាល់ផ្ទាល់ខ្លួន កន្លែងដាក់ឧទ្ធម្ភាគចក្រ យានដ្ឋានដែលអាចផ្ទុករថយន្តបាន 169 គ្រឿង និងបន្ទប់ព្រិលមួយដើម្បីធ្វើឱ្យគ្រួសាររបស់មហាសេដ្ឋីរូបនេះនៅតែត្រជាក់ នៅពេលដែលកំដៅនៅឥណ្ឌាឡើងខ្លាំង។ Vanity Fair ក៏បានរាយការណ៍ថា អគារនេះពោរពេញទៅដោយរូបចម្លាក់ រួមទាំងអាទិទេពហិណ្ឌូ Shiva និង Ganesh ដែលជាព្រះហិណ្ឌូក្នុងការបំបាត់រាល់ឧបសគ្គដែលកើតមាន។
វិមាន JK House មានតម្លៃ ៨១ លានដុល្លារ ដែលជារបស់មហាសេដ្ឋី Gautam Singhania
មូលដ្ឋាន
វិមានរបស់គ្រួសារអ្នកជំនួញ Gautam Singhania មានទីតាំងនៅលើផ្លូវដូចគ្នាទៅនឹង Antilia ដែរ ហើយ Architectural Digest បានរាយការណ៍ថា វិមាននេះ គឺជាអគារខ្ពស់ជាងគេទីពីរនៅទីក្រុង Mumbai បន្ទាប់ពី Antilia ។ វាត្រូវបានគេគិតថាមានតម្លៃប្រហែល 81 លានដុល្លារ។លក្ខណៈពិសេសល្អបំផុតរបស់វាគ្រួសារ Singhania កាន់កាប់ The Raymond Group ដែលជាអ្នកផ្គត់ផ្គង់ក្រណាត់ និងវាយនភ័ណ្ឌដ៏ធំបំផុតមួយរបស់ពិភពលោក។
ប្រវត្តិដ៏សម្បូរបែបរបស់ក្រុមហ៊ុននេះ ត្រូវបានផ្ទុកនៅក្នុងសារមន្ទីរនៅក្នុងវិមានតែម្តង។ កាសែត New York Post បានរាយការណ៍ថា សារមន្ទីរពោរពេញទៅដោយវត្ថុអនុស្សាវរីយ៍ដែលបានមកពីអាជីវកម្មក្រណាត់ រួមទាំងសម្ភារៈមួយចំនួន រូបភាពដែលបង្ហាញពីពេលវេលាដែលគ្រួសារនេះចាប់ផ្តើមដំបូង វិញ្ញាបនបត្រ និងឧបករណ៍ដែលត្រូវបានប្រើពីមុន។ Business Insider ក៏បានរាយការណ៍ផងដែរថា មានការប្រមូលផ្ដុំនៃត្បូងថ្មដ៏ធំនៅក្នុងសារមន្ទីរផងដែរ។
វិមាននេះ ក៏ត្រូវបានគេរាយការណ៍ថា មានបន្ទប់តាំងបង្ហាញសម្លៀកបំពាក់ដើម្បីលក់រាយផងដែរ។វិមាន JK House ត្រូវបានបែងចែកទៅជាផ្ទះល្វែង ដោយមានសមាជិកគ្រួសារជាច្រើនរស់នៅទីនោះ។ កាសែត Rich Times បានរាយការណ៍ថា អគារនេះមានអាងហែលទឹកចំនួនពីរ កន្លែងហាត់ប្រាណ ស្ប៉ា និងកន្លែងដាក់ឧទ្ធម្ភាគចក្រ។ ជាក់ស្តែង អគារលំនៅដ្ឋាននីមួយៗមានវេរ៉ង់ដារ និងសួនច្បារផ្ទាល់ខ្លួន៕
អត្តបទដកស្រង់ពី Lynn Farah
បកប្រែនិងកែសម្រួលដោយ Mr. Blue