ក្រៅពីសាកឡូ តើអ្នកស្គាល់នរណាម្នាក់ដែលសម្តែងកំប្លែងដោយមិននិយាយស្តីមួយម៉ាត់នោះ? នៅពេលអ្នកគិតដល់សំណួរនេះ អ្នកច្បាស់ជានឹកឃើញដល់មនុស្សម្នាក់ដែលមានឈ្មោះថា Mr. Bean ។ ប៉ុន្តែតារាសម្តែងដែលជា Mr. Bean ម្នាក់នេះ មុនពេលមានកេរ្តិ៍ឈ្មោះបោះសំលេងដែលមនុស្សស្ទើរតែមួយពិភពលោកបានស្គាល់ ធ្លាប់ឆ្លងកាត់អ្វីខ្លះ? ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ មានតែមកស្តាប់ជីវិតជោគជ័យរបស់គាត់ទាំងអស់គ្នា។
Rowan Atkinson កើតនៅក្នុងគ្រួសារវណ្ណៈកណ្តាល។ គាត់រងទុក្ខយ៉ាងខ្លាំងកាលពីនៅក្មេងដោយសារតែការនិយាយត្រដឹត។ គាត់ក៏ត្រូវបានគេសើចចំអក និងធ្វើបាបនៅសាលាផងដែរ ដោយសារតែរូបរាងគាត់។ អ្នកធ្វើបាបគាត់គិតថា គាត់មើលទៅដូចមនុស្សក្រៅភព។ មិនយូរប៉ុន្មាន គាត់បានត្រូវគេស្គាល់ថាជា "មនុស្សចម្លែក" ហើយក្លាយជាក្មេងប្រុសម្នាក់ដែលខ្មាស់អៀនខ្លាំង និងមិនមានមិត្តច្រើនដូចគេនោះទេ ដូច្នេះគាត់បានបង្វែរការផ្តោតអារម្មណ៍របស់គាត់ទៅលើផ្នែកវិទ្យាសាស្ត្រវិញ។ គ្រូរបស់គាត់ម្នាក់បាននិយាយថា "ខ្ញុំមើលមិនឃើញអ្វីអស្ចារ្យពីគាត់នោះទេ។ ខ្ញុំមិនរំពឹងថា គាត់នឹងក្លាយជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យម្នាក់ឡើយ” ប៉ុន្តែគាត់បានបង្ហាញគ្រប់គ្នាថា គាត់គឺជាមនុស្សម្នាក់ដែលខុសពីការគិតរបស់ពួកគេ ហើយបានចូលរៀននៅសាកលវិទ្យាល័យ Oxford ។ កំឡុងពេលសិក្សានៅ Oxford, គាត់ចាប់ផ្តើមស្រលាញ់ការសំដែង ប៉ុន្តែមិនអាចសម្តែងបានឡើយ ដោយសារបញ្ហានិយាយត្រដឹតរបស់គាត់ ដូច្នេះគាត់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី មុនពេលបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត ឬកម្មវិធីទូរទស្សន៍នានា។ ដូច្នេះបន្ទាប់ពីទទួលបានសញ្ញាបត្រ គាត់បានសម្រេចចិត្តបន្តក្តីស្រមៃរបស់គាត់ដើម្បីក្លាយជាតារាសម្តែង ដូច្នេះគាត់បានចុះឈ្មោះចូលរួមនៅក្នុងក្រុមកំប្លែងមួយ ប៉ុន្តែបញ្ហាក្នុងការនិយាយស្តីរបស់គាត់នៅតែជាឧបសគ្គ ដែលរារាំងគាត់ពីការដេញតាមក្តីស្រមៃរបស់គាត់។ ទូរទស្សន៍ជាច្រើនបានច្រានចោលគាត់ ហើយគាត់មានអារម្មណ៍សោកសៅខ្លាំងអាណែក ប៉ុន្តែទោះបីជាមានការបដិសេធជាច្រើនក៏ដោយ គាត់មិនដែលអស់ជំនឿលើខ្លួនឯងនោះទេ។ គាត់ស្រលាញ់ការធ្វើឱ្យមនុស្សសើច ហើយគាត់ដឹងថា គាត់ពូកែខាងវា ដូច្នេះហើយគាត់ចាប់ផ្តើមផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើសិល្បៈនៃការសម្លែងកំប្លែងផ្ទាល់ខ្លួនរបស់គាត់ ហើយភ្លាមៗនោះគាត់ដឹងថា គាត់អាចនិយាយបានយ៉ាងរលូន គ្រប់ពេលដែលគាត់សម្តែងជាតួអង្គណាមួយ។
"ខ្ញុំបានរកឃើញថានៅពេលដែលខ្ញុំសម្ដែងជាតួផ្សេងទៀតក្រៅពីខ្លួនខ្ញុំ។ ការនិយាយត្រដឹត ក៏រលាយបាត់ទៅ"។ ប៉ុន្តែទោះបីជាគាត់បានរកឃើញវិធីដើម្បីយកឈ្នះលើការនិយាយត្រដឹតរបស់គាត់ក៏ដោយ គាត់ក៏បានប្រើវាជាកម្លាំងចិត្តសម្រាប់ការសម្តែងរបស់គាត់ផងដែរ។ ខណៈពេលដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិត Rowan Atkinson បានបង្កើត "តួអង្គចម្លែក មិនពិត និងមិននិយាយ" ដែលត្រូវបានគ្រប់គ្នាស្គាល់ថាជា Mr. Bean។ ហើយបើទោះបីជាគាត់ទទួលបានជោគជ័យជាមួយកម្មវិធីផ្សេងៗក៏ដោយ។ Mr. Bean បានធ្វើឱ្យគាត់ល្បីល្បាញទូទាំងពិភពលោក។ ដូច្នេះទោះបីជាគាត់ប្រឈមមុខនឹងឧបសគ្គទាំងអស់ដោយសារតែរូបរាង និងបញ្ហាក្នុងការនិយាយរបស់គាត់ក៏ដោយ, គាត់បានបង្ហាញឱ្យឃើញថា ទោះបីជាមិនមានរូបរាងកាយដូចវីរៈបុរស ឬមុខដូចតារាហូលីវូដក៏ដោយ, អ្នកនៅតែអាចក្លាយជាតារាសម្តែងដែលមានការស្រលាញ់ និងការគោរពបំផុតនៅលើពិភពលោកផងដែរ។ សព្វថ្ងៃនេះ គាត់មានទ្រព្យសម្បត្តិសរុប 150 លានដុល្លារ ហើយក្លាយជាតារាសម្ដែង និងតារាកំប្លែងដ៏មានប្រជាប្រិយភាពបំផុតមួយរូបនៅក្នុងពិភពលោក។ ជីវិតជោគជ័យរបស់ Rowan Atkinson គឺជាការបំផុសគំនិតខ្លាំងបំផុត ព្រោះវាបានបង្រៀនយើងឱ្យទទួលបានជោគជ័យក្នុងជីវិត។
ដូច្នេះហើយ ដើម្បីទទួលបានភាពជោគជ័យ អ្វីដែលសំខាន់បំផុតគឺ ចំណង់ចំណូលចិត្ត ការខិតខំប្រឹងប្រែង ការតាំងចិត្ត និងមិនបោះបង់។ ហើយការមិនខ្វល់ពីអារម្មណ៍ និងភាពទន់ខ្សោយរបស់យើង, ជីវិតរាល់ថ្ងៃរបស់អ្នកគ្រាន់តែជាឧបសគ្គក្នុងផ្លូវឆ្ពោះទៅរកភាពជោគជ័យប៉ុណ្ណោះ។ ឧបសគ្គទាំងនោះគឺជាភាពបរាជ័យ ការខ្វល់ពីគំនិតអ្នកដទៃ ការបដិសេធ ការសង្ស័យខ្លួនឯង ប៉ុន្តែជីវិតក៏ផ្តល់រង្វាន់ដល់អ្នកដែលមានឆន្ទៈបន្តដំណើរទៅមុខទៀត។ ថ្ងៃថ្មីនីមួយៗ អ្នកមានជម្រើសដ៏សំខាន់មួយដែលត្រូវធ្វើ មិនថាយើងត្រូវបំពេញវាដោយការងារដ៏ល្អបំផុតរបស់យើង ឬបន្តស្រមើរស្រមៃដោយមិនបញ្ចេញសកម្មភាពដើម្បីឆ្ពោះទៅរកវានោះទេ។ អ្នកមិនមានជីវិតមួយទៀតនោះទេ, ហើយពេលវេលានឹងមិនរង់ចាំអ្នកឡើយ, ដូច្នេះហើយអ្វីដែលអ្នកត្រូវធ្វើគឺ យកឈ្នះលើការបរាជ័យ ហើយចំណុចខ្សោយរបស់ខ្លួនអ្នក។ វាមិនអាចទៅរួចទេ ក្នុងការឈានទៅរកភាពជោគជ័យដោយមិនប្រឈមមុខនឹងការបរាជ័យ។ បញ្ហា និងការបរាជ័យគឺជៀសមិនផុតនៅក្នុងជីវិតទេ។ យើងមិនអាចរារាំងវាមិនឱ្យកើតឡើងបានទេ ប៉ុន្តែយើងអាចជ្រើសរើសវិធីដើម្បីដោះស្រាយវាបាន។ ដូច្នេះ ចូរធ្វើវាឱ្យអស់ពីសមត្ថភាពតាមដែលអ្នកធ្វើទៅបាន ជាមួយនឹងជីវិតតែមួយដែលអ្នកមាន៕