ក្រុមហ្វឹកហាត់យោធានៃអតីតកងកម្លាំងទាហានពិសេសរបស់លោកខាងលិចបានផ្តល់វគ្គបង្វឹកយោធាទៅកាន់កងកម្លាំងអ៊ុយក្រែន។ ក្រុម Mozart បង្កើតឡើងដោយអតីតទាហានប្រតិបត្តិការពិសេសលោកខាងលិចបានផ្តល់សេវាបំរើមួយចំនួនរាប់ចាប់តាំងពីវគ្គហ្វឹកហ្វឺននៅជួរកម្លាំងខាងមុខរហូតដល់ការជម្លៀសវេជ្ជសាស្រ្ត និងការថែទាំជនរងគ្រោះ។ ដោយបច្ចុប្បន្នមានមូលដ្ឋាននៅតំបន់ Donbas ក្រុម Mozart ត្រូវបានរាយការណ៍មកថាមានចំនួនអ្នកស្ម័គ្រចិត្តពីប្រទេសអាមេរិច ចក្រភពអង់គ្លេស អៀរឡង់ និងបណ្តាប្រទេសលោកខាងលិចផ្សេងៗទៀតចន្លោះពី២០ទៅ៣០នាក់។ ក្រុម Mozart បានលើកឡើងមកថាពួកគេមានគោលដៅបង្កើតនិរន្តរភាពនៃការការពារបូរណភាពដែនដី និងយោធានៃប្រទេសអ៊ុយក្រែន ដូចនេះអ៊ុយក្រែននឹងអាចការពារខ្លួនឯងពីការឈ្លានពានរបស់ប្រទេសរុស្ស៊ីបាន។ សមាសធាតុសំខាន់នៃបេសកកម្មរបស់ពួកគេគឺការបោសសំអាតសមរភូមិ ដែលមានន័យថាការដកចេញនូវប្រភេទអាវុធយុទ្ធភ័ណរាប់តោនដែលមិនត្រូវបានប្រើប្រាស់ពោលដែលមានដូចជាមីន រឺអន្ទាក់គ្រឿងផ្ទុះបង្កប់ដែលបានដាក់នៅលើតំបន់គ្រប់គ្រងដោយទាហានរុស្ស៊ីពីមុន។ ពួកគេចង់ធ្វើអោយប្រជាជនអ៊ុយក្រែនអាចវិលទៅកាន់ផ្ទះរបស់ពួកគេវិញ និងចាប់ផ្តើមរៀបចំជីវីតសាជាថ្មីដោយគ្មានភាពភ័យខ្លាចអ្វីទាំងអស់។ អតីតវរសេនីយ៍ឯកអាមេរិក Andrew Milburn បានផ្តួចផ្តើមឡើងបង្កើតក្រុម Mozart បន្ទាប់ពីមានការឈ្លានពានពីរុស្ស៊ីដើម្បីវាយបកទៅលើក្រុម Wagner របស់រុស្ស៊ី។
មុននឹងការស្នាក់អាស្រ័យរបស់លោកនៅប្រទេសអ៊ុយក្រែន Milburn បានចំណាយពេលជាង៣០ឆ្នាំនៅក្នុងកងនាវាជើងទឹកអាមេរិកដែលមានរួមបញ្ចូលដោយពេលវេលាធ្វើការនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសអាហ្វហ្គានីស្ថាន។ លោក Milburn បានលើកឡើងថាមុនដំបូងលោកមានការមិនប្រាកដចិត្តនឹងប្រើប្រាស់ឈ្មោះមួយនេះទេ ប៉ុន្តែវាហាក់ដូចជាឈ្មោះប្លែកថ្មីមួយដែលមិនធ្លាប់មានពីមុនមក។ លោកបានបន្តទៀតថាលោកមិនចង់មានទំនាក់ទំនង រឺជាប់ពាក់ព័ន្ធ រឺប្រៀបធៀបជាមួយនឹងក្រុម Wagner របស់រុស្ស៊ីនោះទេ ពួកគេមិនមែនសំរាប់ទុកជាការវាយបកទៅលើក្រុម Wagner នោះទេ អ្វីដែលពួកគេធ្វើគឺហាក់ដូចជាប្លែកបន្តិច។ ក្រុម Mozart គឺទទួលបានទំនុកបំរុងមួយផ្នែកធំពីម្ចាស់ឧបត្ថម្ភឯកជននៃសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងដោយទ័ពដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងប្រមូលឡើងដោយលោក Milburn។ ក្រៅពីផ្តល់មេរៀនហ្វឹកហាត់យោធា ក្រុមមួយនេះផងដែរក៏បាននាំយកជំនួយមនុស្សធម៌ និងអាហារមកកាន់ទីក្រុងនៃកម្លាំងជួរមុខផងដែរ។ ក្រុមនេះទៀតសោតក៏បានដឹកនាំបេសកកម្មមួយចំនួនរួមបញ្ចូលដោយការជម្លៀសប្រជាជនរងគ្រោះពីទីកន្លែងគ្រោះថ្នាក់ផ្សេងៗក្នុងតំបន់មានការប្រយុទ្ធគ្នា។ ក្រុម Mozart បានផ្តល់វគ្គហ្វឹកហ្វឺនខ្លីរយៈពេល៥ទៅ១០ថ្ងៃសំរាប់ការប្រើប្រាស់មូលដ្ឋាននៃអាវុធ ជំនាញក្នុងការបាញ់ និងតាក់តិចនៅក្នុងសមរភូមិមកដល់កម្លាំងអ៊ុយក្រែន។ ការហ្វឹកហាត់ទូទៅជាធម្មតាមានរយៈពេលដល់ទៅរាប់ខែ ក៏ប៉ុន្តែសំរាប់ពេលនេះត្រូវបានកាត់បន្ថយទៅត្រឹមរយៈពេលខ្លីវិញដើម្បីលុបបំបាត់ភាពមានគម្លាតនៃជំនាញយោធានៅក្នុងជួរកងកម្លាំងអ៊ុយក្រែន។ អ្នកបង្វឹកបានបង្ហាត់បង្រៀនទាហានរាប់ពាន់នាក់ក្នុងការនិយាយដើម្បីជ្រើសរើសតាមរយៈអ្នកបកប្រែចំនួនពីរនាក់ យោងទៅតាមការរាយការណ៍របស់កាសែត The Guardian។
ប្រធានក្រុម Mozart បាននិយាយឡើងថាវាមិនទាន់គ្រប់ចំនួនទេសំរាប់ការងារបេសកកម្មខាងមុខ ប៉ុន្តែពួកគេកំពុងមានការលំបាកក្នុងការស្វែងរកមនុស្សជាមួយនឹងជំនាញដែលពួកគេមាន។ លោក Milburn បាននិយាយឡើងថាជាធម្មតាមានម្នាក់ក្នុងចំណោមក្រុមទាហានហាត់យោធាគ្នា៤០នាក់បានទទួលការហ្វឹកហាត់តំរង់បាញ់កាំភ្លើងមុននឹងចាប់ផ្តើមនៃវគ្គហ្វឹកហ្វឺននេះ។ ការតំរង់បាញ់កាំភ្លើងនេះគឺមានន័យថាពួកគេត្រូវតំរង់ខ្សែភ្នែកដើម្បីបាញ់អោយចំត្រូវគោលដៅជាក់លាក់ ហើយនេះគឺជារឿងដំបូងហើយដែលត្រូវបានបង្រៀននៅក្នុងកំឡុងវគ្គហ្វឹកហ្វឺន។ ទាហានអ៊ុយក្រែនត្រូវបានបង្វឹកនៅជិតនឹងកំលាំងជួរមុខខណៈពេលដែលមេបញ្ជាការរបស់ពួកគេមិនអាចហ៊ានប្រថុយនឹងដកទាហានរបស់ពួកគេចេញឆ្ងាយពីសមរភូមិប្រយុទ្ធបាននោះទេ។ ក្រុមរបស់ពួកគេបានបង្វឹកទាហានប្រមាណពី១០០ទៅ១២០នាក់ក្នុងមួយពេល ប៉ុន្តែពួកគេមិនអាចដកទាហានទាំងនោះចេញពីទីតាំងឈរជើងរបស់ពួកគេបានទេ ដកស្រង់តាមការបកស្រាយរបស់លោក Milburn។ សេចក្តីរាយការណ៍ដកស្រង់សំដីរបស់អ្នកបង្វឹកម្នាក់ឡើងថាពួកគេចូលរួមនៅក្នុងក្រុម Mozart នេះដើម្បីក្លាយខ្លួនជា «Combat Multipliers» ដែលមានន័យថាជាអ្នកបង្កើនទិន្នផលកម្លាំងទ័ព ខណៈពេលដែលផលធៀបចំនួនទ័ពនៅថេរដដែល ដោយពង្រឹងទៅលើទាំងផ្នែកស្មារតី ការដឹកនាំ គ្រឿងអាវុធយុទ្ធភ័ណ និងចិត្តសាស្រ្តជាដើម។ ពួកគេបានរាយការណ៍ឡើងថាវាពិតជាសមហេតុផលដែលចាំបាច់ត្រូវបង្វឹកទាហានអ៊ុយក្រែនរាប់រយនាក់ជាជាងនាំខ្លួនរបស់ពួកគេទៅបង់ចោលក្នុងភ្នក់ភ្លើងសមរភូមិយ៉ាងឆាប់រហ័ស។
ប៉ុន្តែនៅពេលដែលជនស្ម័គ្រចិត្តទាំងនោះត្រូវបានបញ្ជូនទៅក្នុងសមរភូមិហើយ ពួកគេនឹងលែងក្លាយជាផ្នែកមួយរបស់ក្រុមនេះទៀតហើយ។ របាយការណ៍របស់កាសែត Guardian បានសំរង់សំដីរបស់លោក Milburn អះអាងឡើងថាអាវុធយុទ្ធភ័ណរបស់លោកខាងលិចគឺមិនត្រូវបានប្រើប្រាស់ រឺចែកចាយដោយបានត្រឹមត្រូវឡើយដោយសារតែកង្វះនូវការទទួលបានការហ្វឹកហាត់។ ដោយមិនមានការបង្ហាត់បង្រៀនច្បាស់លាស់ អាវុធទាំងនោះភាគច្រើនតែងតែត្រូវបានប្រើប្រាស់ឡើងដោយមិនត្រឹមត្រូវពីសំណាក់ទាហានអ៊ុយក្រែន យោងទៅតាមការបកស្រាយរបស់អ្នកបង្វឹកនៃក្រុម Mozart។ ខណៈពេលដែលសម្ព័ន្ធមិត្តលោកខាងលិចបានផ្តល់ជំនួយអាវុធ និងការបង្វឹកនៅក្រៅប្រទេស ពួកគេនៅមិនទាន់បានដាក់រាយទ័ពនៅក្នុងប្រទេសអ៊ុយក្រែននៅឡើយទេ។ អ្នកបង្វឹកនៅក្នុងក្រុមនេះបាននិយាយឡើងថាភាពនៃកង្វះធនធានមនុស្សនៅក្នុងជួរកងទ័ពនៃកងកម្លាំងអ៊ុយក្រែនដែលអាចមានសមត្ថភាពប្រើប្រាស់អាវុធទំនើប វៃឆ្លាត និងមានបច្ចេកវិទ្យាខ្ពស់ទាំងនេះបានរុញច្រានអោយអាវុធរបស់លោកខាងលិចមួយចំនួនបានបាត់បង់ប្រសិទ្ធភាព និងជាញឹកញាប់បានធ្លាក់ចូលទៅក្នុងដៃកងទ័ពនៃរុស្ស៊ីទៅវិញ។ លោក Milburn បានផ្តល់កិច្ចសម្ភាសន៍ថ្មីៗនេះចោទប្រកាន់ថាទាហានអ៊ុយក្រែនបានប្រព្រឹត្តអំពើឃោរឃៅនៃសង្គ្រាម។ លោក Max Blumenthal ស្ថាបនិកនៃគេហទំព័រ the Grayzone បានធ្វើការបង្ហោះឃ្លីបវីដេអូមួយអំពី Milburn និយាយអំពីបញ្ហានេះ។ លោក Milburn បាននិយាយឡើងថាលោកមិនមែនជាអ្នកគាំទ្រដ៏ធំរបស់អ៊ុយក្រែននោះទេ ដោយលោកចង់សំដៅទៅដល់រដ្ឋាភិបាល អ្វីដែលលោកពិតជាខ្វល់ខ្វាយនោះគឺប្រជាជនអ៊ុយក្រែន និងទាហានអ៊ុយក្រែន។ ទាំងអស់គ្នាមិនគួរណាសម្លាប់មនុស្សដែលព្រមចុះចាញ់នោះទេ ហើយជាការពិតណាស់ក៏មានមនុស្សជាច្រើននាក់ណាស់បែបនេះ។ ហើយក៏មានទង្វើយង់ឃ្នងជាច្រើនគ្រប់រួបភាពនៅតែបន្តកើតឡើងជាហូរហែ។ ការចោទប្រកាន់នេះកើតឡើងស្របពេលដែលអ៊ុយក្រែនក៏បានចោទប្រកាន់ទៅលើរុស្ស៊ីថាប្រព្រឹត្តបទល្មើសប្រឆាំងនឹងមនុស្សធម៌នៅក្នុងរយៈពេលអូសបន្លាយនៃសង្គ្រាមមួយនេះ។