ប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍បានក្លាយជាប្រទេសទី5ដែលបញ្ជូនយានអវកាសរបស់ខ្លួនទៅកាន់ឋានព្រះច័ន្ទប៉ុន្តែដោយសារមានបញ្ហាថាមពលពន្លឺព្រះអាទិត្យទើបបណ្តាលអោយជះឥទ្ធិពលកាត់បន្ថយដំណើរបេសកកម្មរបស់ខ្លួន។ប្រជាជនទីក្រុងឡុងដ៍បានទទួលរងការរំខានក្នុងការធ្វើដំណើរកាន់តែច្រើនឡើងនៅព្រឹកថ្ងៃច័ន្ទ បន្ទាប់ពីព្យុះ Isha បានវាយលុកចក្រភពអង់គ្លេសដែលមានល្បឿនរហូតដល់107ម៉ាយក្នុងមួយម៉ោង។ យន្តហោះហ្វឹកហ្វឺនធុនស្រាលថ្មីសម្រាប់កងទ័ពអាកាសរុស្ស៊ី (RuAF) Yakovlev Yak-152 បានបញ្ចប់ការសាកល្បងជាផ្លូវការ ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។
-
Moon Sniper របស់ជប៉ុនបានទៅដល់ឋានព្រះច័ន្ទក្នុងប្រវត្តិសាស្រ្ត
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២០ ខែមករាបានអោយដឹងថា ប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍បានក្លាយជាប្រទេសទី 5 ដែលបញ្ជូនយានអវកាសរបស់ខ្លួនទៅកាន់ឋានព្រះច័ន្ទ ប៉ុន្តែដោយសារមានបញ្ហាថាមពលពន្លឺព្រះអាទិត្យទើបបណ្តាលអោយជះឥទ្ធិពលកាត់បន្ថយដំណើរបេសកកម្មរបស់ខ្លួន។
ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននិយាយថា យានអវកាសនេះមានឈ្មោះថា Smart Lander for Investigating Moon រឺហៅថា (SLIM) ដែលសំរាប់ដំណើរស្រាវជ្រាវនៅឋានព្រះច័ន្ទ។ យានមួយនេះបានចុះចតនៅលើផ្ទៃព្រះច័ន្ទនៅម៉ោងប្រហែល 12:20ព្រឹកថ្ងៃសុក្រ ប៉ុន្តែបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់វាមិនអាចបង្កើតចរន្តអគ្គិសនីបានទេ ប្រហែលជាដោយសារតែវាស្ថិតនៅក្នុងមុំខុស។
បច្ចុប្បន្ននេះវាកំពុងដំណើរការដោយថាមពលថ្មមានកំណត់ប៉ុណ្ណោះ ដោយគេរំពឹងថានៅពេលដែលមុំព្រះអាទិត្យផ្លាស់ប្តូរនៅឋានព្រះច័ន្ទ បន្ទះពន្លឺព្រះអាទិត្យអាចសាកឡើងវិញ ប៉ុន្តែវាអាចចំណាយពេលខ្លះ ហើយនឹងអាស្រ័យថាតើយាននេះអាចបន្តរស់រានបានរឺអត់នៅក្នុងពេលយប់នៃច័ន្ទគតិ ដែលជារយៈពេល១៤ថ្ងៃដែលព្រះច័ន្ទមិនទទួលបានពន្លឺព្រះអាទិត្យទាំងអស់។
-
ព្យុះ Isha ដ៏កំណាចវាយប្រហារចក្រភពអង់គ្លេស
យោងតាមសារព័ត៌មាន The Standard ចុះផ្សាយថ្ងៃទី២២ ខែមករាបានអោយដឹងថា ប្រជាជនទីក្រុងឡុងដ៍បានទទួលរងការរំខានក្នុងការធ្វើដំណើរកាន់តែច្រើនឡើងនៅព្រឹកថ្ងៃច័ន្ទ បន្ទាប់ពីព្យុះ Isha បានវាយលុកចក្រភពអង់គ្លេសដែលមានល្បឿនរហូតដល់107ម៉ាយក្នុងមួយម៉ោង។
ផ្ទះរាប់ពាន់ខ្នងត្រូវបានបន្សល់ទុកដោយគ្មានថាមពលប្រើប្រាស់ ហើយការព្រមានពីព្យុះកំបុតត្បូងត្រូវបានចេញផ្សាយឡើង ខណៈដែលព្យុះបានបោកបក់ឡើងមកពីមហាសមុទ្រអាត្លង់ទិក។
បុរសវ័យ៨៤ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីរថយន្តដែលលោកជាអ្នករួមដំណើរបានទៅបុកជាមួយនឹងដើមឈើរលំមួយ។
ខណៈដែលបុរសម្នាក់ទៀតក្នុងវ័យ៦០ឆ្នាំក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធជាមួយនឹងឡានពីរគ្រឿង និងដើមឈើរលំនៅក្នុងទីក្រុង Limavady កាលពីយប់ថ្ងៃអាទិត្យ។
-
ពូទីនជំនួសម៉ាស៊ីនអាល្លឺម៉ង់ដោយម៉ាស៊ីនយន្តហោះក្នុងស្រុក
យោងតាមសារព័ត៌មាន The EurAsian Times ចុះផ្សាយថ្ងៃទី២០ ខែមករាបានអោយដឹងថា យន្តហោះហ្វឹកហ្វឺនធុនស្រាលថ្មីសម្រាប់កងទ័ពអាកាសរុស្ស៊ី (RuAF) Yakovlev Yak-152 បានបញ្ចប់ការសាកល្បងជាផ្លូវការ ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។
យន្តហោះដែលមានម៉ាស៊ីនតែមួយនេះ ត្រូវបានប្រើប្រាស់សម្រាប់ដំណាក់កាលដំបូងពាក់ព័ន្ធនឹងការបណ្តុះបណ្តាលអ្នកបើកបរយន្តហោះជាមូលដ្ឋានសម្រាប់កម្មាភិបាល។
ប៉ុន្តែយន្តហោះនេះនៅតែកំពុងហោះហើរជាមួយនឹងម៉ាស៊ីនផលិតដោយអាល្លឺម៉ង់នៅឡើយទេ ខណៈដែលរុស្ស៊ីកំពុងអភិវឌ្ឍជម្រើសក្នុងស្រុកមួយទៀត។
ដោយសារតែអាល្លឺម៉ង់ និងរុស្ស៊ីជួបនូវបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរវាងគ្នាចាប់តាំងពីជម្លោះអ៊ុយក្រែនមក ជាពិសេសលើផលិតផល Aerospace នេះតែម្តង ទើបរុស្ស៊ីបានព្យាយាមផលិតផលិតផលក្នុងស្រុកដោយខ្លួនឯងដើម្បីបង្កើនទិន្នផលផលិតអោយបានច្រើន។