ភ្នំពេញ៖ ជនបរទេសនិងជនជាតិខ្មែរសរុបប្រមាណជាង១០០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងប្រតិបត្តិការឡោមព័ទ្ធទីតាំងកម្សាន្ត ML កាលពីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ១០៥ ប្រឡាយលូបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការឡោមព័ទ្ធនិងឆ្មក់បង្រ្គាបទីតាំងកម្សាន្តនេះ បានកើតឡើងក្រោយមានការសង្ស័យថា ជាកន្លែងលួចលាក់ប្រេីប្រាស់គ្រឿងញៀនក្រវី (ថ្នាំ K)។ អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចឃាត់ខ្លួនបានជនបរទេស និងជនជាតិខ្មែរប្រមាណជាង១០០នាក់។ លោកអះអាងថា ពួកគេបានប្រមូលម្តុំគ្នាលួចលាក់ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង និងមានប្រើប្រាស់អាវុធខុសច្បាប់ទៀតផង។
ជាមួយគ្នានេះ លោក សាន សុខសីហា បានឱ្យដឹងបន្តថា អ្នកដែលសមត្ថកិច្ចឃាត់ខ្លួនទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋានដើម្បីធ្វើតេស្តរកសារធាតុញៀននិងបន្តនីតិវិធីតាមច្បាប់៕