រឿងរ៉ាវរបស់កំពូលតារា Pop រូបនេះនឹងលាតត្រដាងនៅក្នុងខ្សែភាពយន្តផលិតឡើងដោយក្រុមហ៊ុន Lionsgate។ ក្មួយប្រុសរបស់ Michael Jackson ដែលមានឈ្មោះថា Jaafar Jackson នឹងត្រូវសំដែងជាតួអង្គ the King of Pop នៅក្នុងខ្សែភាពយន្តជីវប្រវត្តិមួយដែលមានឈ្មោះថា Michael។ Jaafar គឺជាកូនប្រុសរបស់ Jermaine Jackson ដែលត្រូវជាបងប្រុសរបស់ Michael និងជាសមាជិកនៃក្រុមតន្រ្តី The Jackson 5។ តួសម្តែងរូបនេះស្ថិតក្នុងវ័យ២៦ឆ្នាំ និងបានចាប់ផ្តើមច្រៀងនិងរាំចាប់តាំងពីមានអាយុ១២ឆ្នាំមកម្ល៉េះ។ Jackson បានស្លាប់នៅក្នុងឆ្នាំ២០០៩នៅក្នុងវ័យ៥០ឆ្នាំបន្ទាប់ពីបានប្រើប្រាស់ថ្នាំជាច្រើនផ្សែផ្សំឡើងដោយគ្រូពេទ្យផ្ទាល់ខ្លួន និងបណ្តាលអោយគាំងបេះដូង។
ភាពយន្តជីវប្រវត្តិនេះនឹងត្រូវបានដឹកនាំសម្តែងដោយ Antoine Fuqua សំរាប់ក្រុមហ៊ុន Lionsgate និងត្រូវផលិតឡើងដោយក្រុមហ៊ុន GK Films និង John Branca និងJohn McClain ដែលត្រូវជាសហប្រតិបត្តិករនៃទ្រព្យសម្បត្តិរបស់ Michael Jackson។ Jaafar បានបង្ហាញចំណាប់អារម្មណ៍របស់លោកអំពីការបានដើរតួជាតួអង្គនេះតាមរយៈគណនី Twitter ភ្ជាប់ជាមួយនឹងរូបភាពសខ្មៅរបស់លោកមួយសន្លឹកដោយមានការស្លៀកពាក់ឡើងដូចទៅនឹងពូដ៏ល្បីល្បាញរបស់លោក។ លោកបានសរសេរឡើងថា«ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបាននាំយករឿងរ៉ាវរបស់លោកពូ Michael មកក្នុងខ្សែភាពយន្តមួយនេះ និងជូនចំពោះអ្នកគាំទ្រទាំងអស់នៅជុំវិញពិភពលោក ខ្ញុំនឹងជួបអ្នកទាំងអស់គ្នាឆាប់ៗនេះ!» ក្រុមហ៊ុន Lionsgate បាននិយាយឡើងថាខ្សែភាពយន្តនេះនឹងបង្ហាញពីភាពស៊ីជំរៅនៃបុរសស្មុគស្មាញម្នាក់ដែលក្រោយមកបានក្លាយទៅជា the King of Pop។