សមាជិកសភា Mexico បានស្តាប់សក្ខីកម្មមួយទាក់ទងនឹងរឿងសាកសពមនុស្សភពក្រៅ ដែលត្រូវបានលើកឡើងដោយអ្នកកាសែត Mexico និងជាអ្នកជំនាញរុករក UFO ម្នាក់ឈ្មោះថា Jaime Maussan។
-
សភា Mexico បើកសវនាការរឿងក្តីសាកសព'មនុស្សភពក្រៅ'
យោងតាមសារព័ត៌មាន Reutersចុះផ្សាយថ្ងៃទី១៤ ខែកញ្ញាបានអោយដឹងថា សមាជិកសភា Mexico បានស្តាប់សក្ខីកម្មមួយទាក់ទងនឹងរឿងសាកសពមនុស្សភពក្រៅ ដែលត្រូវបានលើកឡើងដោយអ្នកកាសែត Mexico និងជាអ្នកជំនាញរុករក UFO ម្នាក់ឈ្មោះថា Jaime Maussan។
នៅក្នុងសវនាការកាលពីថ្ងៃអង្គារ សមាជិកសភាត្រូវបានបង្ហាញវត្ថុបុរាណពីរដែលលោក Jaime Maussan បានអះអាងថាជាសាកសពរបស់មនុស្សក្រៅភព។
"សាកសព"តូចៗទាំងពីរត្រូវបានបង្ហាញឡើងក្នុងប្រអប់ ដោយសាកសពនីមួយៗមានម្រាមដៃបីនៅលើដៃនីមួយៗ និងក្បាលមានរាងទ្រវែង។ លោក Maussan បាននិយាយថា ពួកវាត្រូវបានរកឃើញនៅក្នុងប្រទេសប៉េរូ ក្បែរខ្សែបន្ទាត់បុរាណ Nazca កាលពីឆ្នាំ 2017។ លោកបាននិយាយថាពួកវាមានអាយុប្រហែល1,000ឆ្នាំហើយដោយត្រូវបានវិភាគតាមរយៈដំណើរកំណត់ត្រាកាបូនធ្វើឡើងដោយសាកលវិទ្យាល័យ National Autonomous University។
គួររំលឹកផងដែរថា ការរកឃើញស្រដៀងគ្នានេះធ្លាប់បានកើតមានពីអតីតកាលរួចមកហើយ និងបានប្រែក្លាយអោយដឹងថាគឺជាសាកសព Mummy របស់កុមារដែលបានស្លាប់ទៅ។
លោក Maussan បាននិយាយថា"ខ្ញុំគិតថាមានការបង្ហាញយ៉ាងច្បាស់ថាយើងកំពុងជួបជាមួយនឹងគំរូដែលមិនមែនជាមនុស្ស ដែលមិនមានទំនាក់ទំនងទៅនឹងប្រភេទភាវៈរស់ដទៃទៀតនៅក្នុងពិភពលោករបស់យើងទេ ហើយលទ្ធភាពស្រាវជ្រាវទាំងអស់នេះគឺនឹងបើកចំហសម្រាប់ស្ថាប័នវិទ្យាសាស្ត្រណាមួយ ... ដើម្បីស៊ើបអង្កេតវា"។
លោកបានបន្ថែមថា៖ «យើងមិនមែននៅតែម្នាក់ឯងទេ»។ ដោយលោកចង់សំដៅថានឹងមានភាវៈរស់ក្រៅភពដទៃទៀតស្ថិតនៅលើសកលលោករបស់យើងនេះផងដែរ។
លោក Jose de Jesus Zalce Benitez នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលនៃកងទ័ពជើងទឹកម៉ិកស៊ិកបាននិយាយថា កាំរស្មីអ៊ិច 3-D reconstruction និងការវិភាគ DNA ត្រូវបានធ្វើឡើងនៅលើសាកសពនេះ។
-
UAE លុបចោលការហាមឃាត់ Visa លើប្រទេសអាហ្វ្រិក
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី១១ ខែកញ្ញាបានអោយដឹងថា អាជ្ញាធរនៃប្រទេសអាហ្រ្វិកខាងលិចបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអារ៉ាប់រួមបានលុបចោលការហាមឃាត់ទិដ្ឋាការរយៈពេលមួយឆ្នាំដែលដាក់លើអ្នកធ្វើដំណើរនីហ្សេរីយ៉ា។
ការរឹតបន្តឹងដែលដាក់ដោយអារ៉ាប់រួមកាលពីខែតុលាឆ្នាំមុនត្រូវបានដកចេញបន្ទាប់ពីការចរចារវាងប្រធានាធិបតីថ្មីរបស់នីហ្សេរីយ៉ាលោក Bola Tinubu និងមេដឹកនាំអារ៉ាប់រួម លោក Mohamed bin Zayed Al Nahyan ។
បុរសទាំងពីរនាក់បានជួបគ្នាកាលពីថ្ងៃចន្ទក្នុងរដ្ឋធានី Abu Dhabi របស់អារ៉ាប់រួម ហើយបានដោះស្រាយនូវអ្វីដែលរដ្ឋាភិបាលនីហ្សេរីយ៉ាបានពិពណ៌នាថាជា"កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ" ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមជើងហោះហើរឡើងវិញជាបន្ទាន់រវាងប្រទេសទាំងពីរ។
ជើងហោះហើររវាងប្រទេសទាំងពីរត្រូវបានបញ្ឈប់កាលពីឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍Emiratesរបស់ទីក្រុងឌូបៃបានផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយលើកឡើងពីប្រាក់ចំណូលជាប់គាំង។
-
បារាំងស្នើអោយដោះលែងមន្រ្តីបារាំងនៅនីហ្សេ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១២ ខែកញ្ញាបានអោយដឹងថា ក្រសួងការបរទេសបារាំងកាលពីថ្ងៃអង្គារបានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់នូវមន្ត្រីបារាំងដែលឃុំខ្លួនដោយកងកម្លាំងសន្តិសុខនៅក្នុងប្រទេសនីហ្សេ។
ពួកគេបាននិយាយថាទីប្រឹក្សាជនជាតិបារាំងនៅនីហ្សេត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខនីហ្សេនៅថ្ងៃទី 8 ខែកញ្ញា។
សេចក្តីថ្លែងការណ៍បន្តថា៖«ចាប់ពីថ្ងៃទីមួយមក ស្ថានទូតរបស់យើងបានធ្វើការងារដើម្បីធានាដល់ការការពារកុងស៊ុលនៃជនរួមជាតិរបស់យើង»។
គួរបញ្ជាក់ផងដែរមន្ត្រីរូបនេះគឺជាទីប្រឹក្សាពលរដ្ឋបារាំងនៅបរទេសដែលជាមន្ត្រីជាប់ឆ្នោតតំណាងឱ្យជនបរទេសបារាំង ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត និងស្ថានកុងស៊ុលរបស់ប្រទេសនេះ។
យោងតាមគេហទំព័រក្រសួងការបរទេស មានទីប្រឹក្សាចំនួន ៤៤២ នាក់នៅទូទាំងពិភពលោក។ តួនាទីរបស់ពួកគេគឺជួយជនបរទេសបារាំងពីបញ្ហាទាក់ទងនឹងការងារ សាលារៀន សន្តិសុខសង្គម និងបញ្ហាផ្សេងៗទៀត។ ពួកគេត្រូវបានជ្រើសរើសសម្រាប់រយៈពេលប្រាំមួយឆ្នាំ។